
គណៈកម្មាធិការអចិន្ត្រៃយ៍សភា បញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌឲ្យសភាបើកិច្ចប្រជុំនៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខ ដែលកែប្រែពីការដាក់ទោសទណ្ឌអ្នកប្រមាថព្រះចេស្ដាព្រះមហាក្សត្រ ទោះបីជាមានការជំទាស់ និងសុំឲ្យទម្លាក់ចោលសេចក្ដីព្រាងច្បាប់នេះពីសហគមន៍ជាតិ និងអន្តរជាតិយ៉ាងនេះក្ដី។
រដ្ឋសភានឹងបើកកិច្ចប្រជុំនីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌនៅថ្ងៃទី១៤ ខែកុម្ភៈ តាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប៉ុន្តែគណបក្សប្រឆាំងមិនទទួលស្គាល់ច្បាប់នេះឡើយ។
ការគ្រោងដាក់ឲ្យសភាអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌនេះ នៅក្រោយពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា បានប្រជុំអនុម័តសេចក្ដីព្រាងច្បាប់នេះកាលពីថ្ងៃទី១២ ខែកុម្ភៈ នៅខណៈសភាអាស៊ានកំពុងអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជា ទម្លាក់សេចក្ដីព្រាងច្បាប់នេះចោល ដោយសារថា ផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកមេធាវី សេក សោភណ្ឌ មានប្រសាសន៍កាលពីថ្ងៃទី១២ ខែកុម្ភៈ ថា ការធ្វើច្បាប់ដើម្បីការពារព្រះមហាក្សត្រគឺជារឿងល្អមួយ ប្រសិនបើការធ្វើច្បាប់នោះ ពិតជាមានគោលបំណងគោរពព្រះមហាក្សត្រ ហើយអនុវត្តឲ្យបានស្មើភាពគ្នា៖ «ខ្ញុំយល់ថាល្អ បើសិនជាក្នុងគោលដៅការពារព្រះមហាក្សត្រ ដើម្បីទ្រង់មានព្រះរាជសិទ្ធិ និងអំណាចតាមរដ្ឋធម្មនុញ្ញ»។
ទីស្ដីការគណៈរដ្ឋមន្ត្រី ដឹកនាំដោយលោក ហ៊ុន សែន ដែលជាអតីតកម្មាភិបាលក្រហម និងបានកាន់អំណាចយូរជាងគេនៅអាស៊ីនោះ បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ ហើយបញ្ជូនឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេច និងបញ្ជូនឲ្យសភាអនុម័តដែលច្បាប់នេះមានចែងពីការផ្ដន្ទាទោសបុគ្គលណាដែលត្រូវតុលាការរកឃើញថា មានកំហុសប្រមាថព្រះមហាក្សត្រ ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និងពិន័យជាប្រាក់ ២.៥០០ដុល្លារ។ នេះគឺជាច្បាប់ទីពីរហើយ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ស្នើឲ្យធ្វើវិសោធនកម្ម។ រដ្ឋធម្មនុញ្ញក៏រដ្ឋាភិបាលបានអនុម័ត ហើយស្នើឲ្យសភាធ្វើវិសោធនកម្មដែរ ដោយលោក ហ៊ុន សែន ចង់តែងតាំងមន្ត្រីថ្នាក់រដ្ឋលេខាធិការដោយផ្ទាល់ ដោយមិនបាច់ឆ្លងកាត់សភា។
សមាជិកសភាអាស៊ាន មកពីប្រទេសអាស៊ាន កាលពីថ្ងៃទី៥ ខែកុម្ភៈ បានចេញសេចក្ដីប្រកាសព័ត៌មានសម្ដែងការភ្ញាក់ផ្អើលទៅនឹងសេចក្ដីស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងកែប្រែក្រមព្រហ្មទណ្ឌដែលទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា បានស្នើឡើងនោះ គឺផ្ទុយទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា។
ប្រធានសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស លោក Charles Santiago លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ព័ត៌មានកាលពីថ្ងៃទី៥ ខែកុម្ភៈ ស្នើឲ្យសមាជិករដ្ឋសភាកម្ពុជា កុំនាំគ្នាលើកដៃអនុម័តសេចក្ដីស្នើវិសោធនកម្មទាំងនេះ ពីព្រោះថា ការធ្វើវិសោធនកម្មទាំងនេះធ្វើឲ្យប៉ះពាល់ដល់សមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកបន្ថែមថា បើសភាព្រមអនុម័តវិសោធនកម្មទាំងនេះមែន គឺនឹងធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងថែមទៀតទៅលើនីតិរដ្ឋ និងកាន់តែពង្រឹងប្រព័ន្ធគ្រប់គ្រងបែបផ្ដាច់ការនៅកម្ពុជា។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា គណបក្សប្រឆាំងមិនទទួលស្គាល់ច្បាប់ទាំងឡាយណាដែលសភាបក្សកាន់អំណាច និងក្រុមបក្សពួកបានធ្វើ និងអនុម័តនៅក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយឡើយ ដោយលោកចាត់ទុកសភាបច្ចុប្បន្នគឺជាសភាមិនស្របច្បាប់ ហើយរាល់ការធ្វើច្បាប់ទាំងឡាយក៏ខុសរដ្ឋធម្មនុញ្ញដែរ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ ធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញ ហើយប្រសិនបើសភាអនុម័តតាមសំណើរដ្ឋាភិបាល ច្បាប់ថ្មីនេះ ក៏គ្មានប្រសិទ្ធភាពដែរ ព្រោះរដ្ឋសភាបច្ចុប្បន្នមិនស្របច្បាប់នោះទេ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋស្ទើរពាក់កណ្ដាលប្រទេសនៅតែទទួលស្គាល់តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ មិនមែនសមាជិករបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានទទួលយកអាសនៈសភារបស់បក្សប្រឆាំងដែលគណបក្សកាន់អំណាចផ្ដល់ជូននោះទេ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា អ្នកដែលមិនគោរពព្រះមហាក្សត្រនោះគឺរដ្ឋាភិបាលទៅវិញទេ ពីព្រោះថា រដ្ឋាភិបាលមិនអនុវត្តតាមរដ្ឋធម្មនុញ្ញដែលចែងពីការធ្វើសមាជជាតិក្នុងមួយឆ្នាំម្ដងនោះ៖ «ព្រះមហាក្សត្រមិនអាចបំពេញភារកិច្ចរបស់ព្រះអង្គក្នុងការធានាប្រព័ន្ធតុលាការឯករាជ្យ និងការគោរពសិទ្ធិមនុស្សបានទេ ដោយសារគ្មានការចូលរួមពីរដ្ឋាភិបាល»។
រដ្ឋធម្មនុញ្ញមាត្រា ១៤៧ថ្មី ចែងថា សមាជជាតិបើកឲ្យប្រជារាស្ត្រជ្រាបដោយផ្ទាល់អំពីកិច្ចការផ្សេងៗ ដែលជាប្រយោជន៍ជាតិ និងលើកបញ្ហាសំណូមពរឲ្យរដ្ឋអំណាចដោះស្រាយប្រជារាស្ត្រខ្មែរទាំងពីរភេទមានសិទ្ធិទៅចូលរួមក្នុងសមាជជាតិ។ រីឯមាត្រា ១៤៨ ចែងដែរថា សមាជជាតិប្រជុំមួយដងក្នុងមួយឆ្នាំនៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី។ សមាជជាតិប្រព្រឹត្តទៅក្រោមព្រះរាជធិបតីភាពនៃព្រះមហាក្សត្រ។
អ្នកវិភាគលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់មួយចំនួនកន្លងមកដែលស្នើឡើងដោយលោក ហ៊ុន សែន ដូចជាច្បាប់ស្ដីពីគណបក្សនយោបាយច្បាប់ស្ដីពីការបោះឆ្នោតការស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការកែប្រែច្បាប់មួយចំនួនផ្សេងទៀតនោះ គឺជាការពង្រឹង និងក្រាញអំណាចផ្ដាច់ការរបស់លោក ហ៊ុន សែន និងបក្សពួកក្រោមរូបភាពអនុវត្តច្បាប់តែប៉ុណ្ណោះ៕