Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សកម្មជន​បក្ស​កាន់​អំណាច​ផ្អាក​ផ្ដិត​មេដៃ​ទម្លាក់​អភិបាល​ស្រុក​គីរីសាគរ​ដោយសារ​បម្រាម​ពី​ថ្នាក់​លើ

$
0
0

សកម្មជន​គណបក្ស​កាន់​អំណាច​បាន​ផ្អាក​សកម្មភាព​ផ្តិត​មេដៃ​ធ្វើ​ញត្តិ​ទម្លាក់​អភិបាល​ស្រុក​គីរីសាគរ ខេត្ត​កោះកុង ក្រោយ​ពី​មាន​បម្រាម​ពី​ថ្នាក់ដឹកនាំ​របស់​ខ្លួន ដោយសារ​បារម្ភ​ពី​ការ​ខូច​កេរ្តិ៍​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​ការ​បោះឆ្នោត​ខិតជិត​ចូល​មក​ដល់។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ឲ្យ​មាន​ប្រសិទ្ធភាព​នោះ មិន​គួរ​បង្អាក់​ដំណើរ​ការ​តវ៉ា ឬ​សម្តែង​មតិ​របស់​សកម្មជន​ថ្នាក់​ក្រោម​ឡើយ។

សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​ចំនួន ៣​ឃុំ នៃ​ស្រុក​គីរីសាគរ បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ហាមឃាត់​មិន​ឲ្យ​ពួកគាត់​ធ្វើ​ញត្តិ​ទម្លាក់​អភិបាល​ស្រុក​គីរីសាគរ ឈ្មោះ ឃឹម ច័ន្ទឌី ចេញ​ពី​តំណែង។

សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​រៀបរាប់​ថា សកម្មជន និង​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​គីរីសាគរ ស្ទើរ​តែ​ទាំង​អស់ សុទ្ធតែ​បាន​ចូលរួម​ផ្ដិត​មេដៃ​ទាមទារ​ទម្លាក់​អភិបាល​ស្រុក​គីរីសាគរ ប៉ុន្តែ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​កោះកុង បាន​រារាំង​ដោយសារ​ខ្លាច​ខូច​កេរ្តិ៍​ឈ្មោះ​បក្ស ខណៈ​ដែល​ការ​បោះឆ្នោត​កាន់តែ​ខិតជិត​ចូល​មក​ដល់៖ «គេ​បាន​ហៅ​មេ​ឃុំ​ចាស់​ទៅ​ប្រជុំ​នៅ​ទី​រួម​ខេត្ត​កោះកុង ហើយ​គេ​បាន​អោយ​ផ្អាក់​ផ្ដិត​មេដៃ​ទម្លាក់​ចៅហ្វាយ​ស្រុក ដោយសារ​គេ​យោង​ថា មួយ​រយៈ​នេះ​កំពុង​រញ៉េរញ៉ៃ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​និង​បង្កើត​គណបក្ស​ថ្មី​ចំនួន​៤ ដើម្បី​ចូលរួម​បោះ​ឆ្នោត ដូច្នេះ​គេ​កំពុង​រៀបចំ​គណបក្ស​អោយរ​លូន​  មិន​អោយ​រញ៉េរញ៉ៃ​ព្រោះ​វា​អត់​សម»

ក្នុង​ញត្តិ​ដែល​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ផ្តិត​មេដៃ​ទាមទារ​ទម្លាក់​អភិបាល​ស្រុក​គីរីសាគរ លោក ឃឹម ច័ន្ទឌី នោះ បង្ហាញ​ថា ដោយសា​លោក ឃឹម ច័ន្ទឌី គ្មាន​សមត្ថភាព​ដឹកនាំ​សមាជិកា​គណបក្ស​ប្រជាជន​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង និង​មិន​បាន​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ។លើស​ពី​នេះ លោក ឃឹម ច័ន្ទឌី បាន​យក​ដី​រដ្ឋ និង​ដី​បម្រុង​ទុក​សម្រាប់​ចែក​ប្រជាពលរដ្ឋ ដែល​ទទួល​បាន​ពី​ការ​ដោះស្រាយ​របស់​ក្រុម​ការងារ​អន្តរក្រសួង​ទៅ​លក់​អោយ​ឈ្មួញ​អស់​ចំនួន ៤០​ហិកតារ និង​បាន​យក​ដី​របស់​រដ្ឋ និង​ដី​វត្ត​ធ្វើ​អាជីវកម្ម និង​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ ក្រោយ​ធ្វើ​ញត្តិ​នេះ គឺ​ពួកគេ​មាន​បំណង​ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​ឲ្យ​ជួយ​ដោះស្រាយ​តាម​សំណូមពរ។

​ជុំវិញ​ករណី​នេះ អភិបាល​ស្រុក​គីរីសាគរ លោក ឃឹម ច័ន្ទឌី តែងតែ​បដិសេធ​មិន​ឆ្លើយ​តប​ជាមួយ​អាស៊ីសេរី តាម​ទូរស័ព្ទ​ឡើយ។

អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង បញ្ជាក់​យ៉ាង​ខ្លី​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​គោលការណ៍​ទម្លាក់​មន្ត្រី​របស់​ខ្លួន​តាម​រយៈ​ការ​ផ្ដិត​មេដៃ​ធ្វើ​ញត្តិ​នោះ​ទេ៖ «នេះ​គឺ​ជា​រឿង​ផ្ទៃក្នុង​គណបក្ស ហើយ​យើង​បាន​ដឹង តែ​ការងារ​ឥឡូវ​នេះ​គឺ​អត់​មាន​គោលការណ៍​ឃុំ​ត្រូវ​រំលង ដែល​ផ្ដិត​មេដៃ​អ៊ីចឹង​ទេ គឺ​ត្រូវ​មាន​គោលការណ៍​ប្រជុំ​ផ្សេង»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា លោក​មិន​បាន​ដឹង​ករណី​នេះ​ទេ ប៉ុន្តែ​ប្រសិនបើ​ករណី​នេះ​ជា​ការ​ពិត គឺ​សកម្មជន និង​ប្រជាពលរដ្ឋ បាន​ធ្វើ​ខុស​នីតិវិធី ព្រោះ​ការ​តែងតាំង​អភិបាល​ស្រុក​នោះ មិន​មែន​ធ្វើ​តាម​រយៈ​បាតុកម្ម​ឡើយ ដូច្នេះ​ការ​ដក​តំណែង​ក៏​មិន​អាច​ធ្វើ​តាម​រយៈ​បាតុកម្ម​ដែរ៖ «បើសិនជា​សាមី​ជន​មាន​ពិរុទ្ធភាព​បទ​ល្មើស​អី​ណា​មួយ អា​ហ្នឹង​យើង​ត្រូវ​ដាក់​ពាក្យ​ទៅ​តុលាការ​ដើម្បី​អោយ​តុលាការ​ត្រួត​ពិនិត្យ ឬ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អា​ហ្នឹង​បាន​វា​ត្រឹមត្រូវ មិន​មែន​បាតុកម្ម​តែងតាំង​មន្ត្រី ឬ​មួយ​បាតុកម្ម​ទម្លាក់​ឋានៈ​មន្ត្រី​ទេ។ គាត់​ធ្វើ​នេះ​ខុស​បែបបទ​ហើយ អ៊ីចឹង​ការណ៍​ដែល​គេ​មិន​អោយ​គាត់​ធ្វើ​នេះ គឺ​​ត្រឹមត្រូវ​ហើយ»

​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​គាំទ្រ​ចំពោះ​មន្ត្រី​ណា​ដែល​មិន​បម្រើ​ប្រជាពលរដ្ឋ​នោះ​ទេ ព្រោះ​រដ្ឋាភិបាល​តែងតែ​ណែនាំ​ឲ្យ​មន្ត្រី​ទាំង​អស់​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ ហើយ​បើ​អ្នក​ណា​ធ្វើ​ខុស​គឺ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

​អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា ការ​លើក​ហេតុផល​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​សម​ហេតុផល ព្រោះ​ថា វា​អាច​ជា​បទបញ្ជា​ផ្ទៃក្នុង​របស់​គណបក្ស និង​យោង​ទៅ​តាម​លក្ខន្តិកៈ​របស់​មន្ត្រី​រាជការ​ស៊ីវិល។ ទោះ​យ៉ាង​ណា​ក្តី លោក​ថា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ពិត​ជា​រៀបចំ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ គួរ​តែ​ទទួល​យក​សំណូមពរ​របស់​សកម្មជន​ថ្នាក់​ក្រោម​ដែល​បាន​ដឹង​រឿង​ច្បាស់​អំពី​ឥរិយាបថ​របស់​មន្ត្រី​ទាំង​នោះ។

លោក អ៊ិន គង់ជិត៖ «មិន​ត្រូវ​បង្អាក់​ដំណើរ​ដែល​សមាជិក​ក្នុង​ជួរ​បក្ស​គាត់​ដែល​មើល​ឃើញ​ភាព​ខ្វះ​ចន្លោះ​នោះ​ទេ គឺ​ត្រូវ​តែ​លើកទឹកចិត្ត​គាត់ ដើម្បី​ឲ្យ្​ពួកគាត់​បាន​សម្តែង​ក្តី​កង្វល់ ហើយ​បង្ហាញ​ទៅ​ថ្នាក់​លើ​នូវ​អ្វី​ដែល​គាត់​មិន​ពេញ​ចិត្ត​ការ​តែងតាំង​មន្ត្រី​កន្លង​មក ដែល​បាន​ដឹកនាំ​ពុំ​សូវ​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ទាំង​អាជ្ញាធរ​នៅ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ។ គណបក្ស​ប្រជាជន​គួរ​តែ​បើក​ទូលាយ​នៅ​ក្នុង​រឿង​នេះ ព្រោះ​មុខ​ដឹកនាំ​បក្ស​របស់​គាត់ តែង​ណែនាំ​មន្ត្រី​របស់​គាត់​ឆ្លុះ​កញ្ចក់​និង​មុជ​ទឹក​ដុស​ក្អែល​ខ្លួន​ឯង»

ស្រុក​គីរីសាគរ មាន​ឃុំ​ចំនួន​៣ គឺ​ឃុំ​កោះស្តេច ឃុំ​ព្រែកខ្សាច់ និង​ឃុំ​ភ្ញីមាស ហើយ​ពលរដ្ឋ​ក្នុង​ស្រុក​នេះ​ភាគ​ច្រើន​កំពុង​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ចិន មួយ​ចំនួន។ ប្រជាពលរដ្ឋ​អះអាង​ថា ពួកគាត់​ពុំ​ទទួល​បាន​ភាព​កក់ក្ដៅ​ពី​អាជ្ញាធរ​ដែល​ជា​អ្នក​បម្រើ​សេវា​ជូន​ពួកគាត់​ម្ដង​ណា​ឡើយ។ សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​រក្សា​ការពារ​មន្ត្រី​ខិលខូច ឬ​ពុករលួយ​ទៀត​នោះ នឹង​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​កាន់​តែ​បាត់បង់​សំឡេង​ឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាង​អាណត្តិ​មុនៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles