Quantcast
Viewing all articles
Browse latest Browse all 11174

នាយករដ្ឋមន្ត្រី​ទទួល​ស្គាល់​ថាមាន​​មនុស្ស​ស្លាប់​ច្រើន​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

Image may be NSFW.
Clik here to view.

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឱ្យ​ប្រជាពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ឡាយ​ចូលរួម​ទាំង​អស់​គ្នា​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ពីព្រោះ​លោក​សង្កេត​ឃើញ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាន់​តែ​គួរ​ឱ្យ​បារម្ភ។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា បច្ចុប្បន្ន​ចំនួន​ពលរដ្ឋ​ដែល​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ច្រើន​ជាង​ពលរដ្ឋ​ស្លាប់​នៅ​ក្នុង​សម័យ​សង្គ្រាម​ទៅ​ទៀត។ លោក​ថា ក្នុង​មួយ​ថ្ងៃៗ គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​ជីវិត​មនុស្ស​បង្ក​ឱ្យ​រង​របួស និង​បណ្ដាល​ឱ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន។

លោក​អះអាង​ថា ពលរដ្ឋ​ស្លាប់ និង​របួស​ជា​រៀងរាល់​ថ្ងៃ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គ្រាន់​តែ​មាន​ចំនួន​តិច និង​ច្រើន​ប៉ុណ្ណោះ៖ «មន្ទីរពេទ្យ​មួយៗ​ពោរពេញ​ដោយ​អ្នក​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។ បញ្ហា​នេះ ទាមទារ​ឱ្យ​មាន​ការ​គោរព​ទាំង​អស់​គ្នា​ទើប​បាន ហើយ​រឿង​នេះ​មិន​មែន​ជា​ការ​ទទួល​ខុសត្រូវ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​ដូចជា​គណៈកម្មការ​សុវត្ថិភាព​ផ្លូវគោក​តែ​មួយ​មុខ​នោះ​ទេ តែ​វា​ជា​ភារកិច្ច​ទូទៅ​របស់​យើង​ទាំង​អស់​គ្នា»

​លោក ហ៊ុន សែន ដាក់​បទបញ្ជា​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំង​ឡាយ​ដឹក​លើស​ចំណុះ​ទេ និង​បញ្ជា​ឱ្យ​អាជ្ញាធរ​ស្រុក-​ខេត្ត ចាត់​ការ​ចំពោះ​រថយន្ត​ត​ទ្រុង ឬ​​សណ្ដោង​ទាំង​អស់ បើ​ចាត់​វិធានការ​មិន​បាន​មន្ត្រី​ទាំង​នោះ រួម​ទាំង​រដ្ឋមន្ត្រី​ផង​នោះ ត្រូវ​ប្រឈម​ការ​ដក​តំណែង​ចោល​តែម្ដង។ លោក ហ៊ុន សែន លើក​ឡើង​ថា ប្រសិនបើ​ម្ចាស់​រថយន្ត​ទាំង​នោះ​ហ៊ាន​ឡើង​មក​តវ៉ា​ដល់​ផ្ទះ​របស់​លោក លោក​នឹង​ចាប់​បញ្ជូន​ទៅ​គុក​ព្រៃ​ស​តែម្ដង៖ «យើង​និយាយ​ប្រជុំ​ក្រុមហ៊ុន​ទាំង​អស់ ហៅ​មក​និយាយ​គ្នា។ បើ​សិន​អាច​ចាប់​រថយន្ត​ហើយ យើង​អាច​បិទ​ក្រុមហ៊ុន​ហ្នឹង​តែម្ដង។ បិទ​ក្រុមហ៊ុន​ទៀត បើ​ទោះ​បី​ជា​ក្រុមហ៊ុន​ថា បើ​អ៊ីចឹង​សេវា​ដឹក​ជញ្ជូន​ក្រុមហ៊ុន​ស្អីៗ អត់​ទេ ទុក​សិន​ទៅ ព្រោះ​អ្នក​ឯង​សម្លាប់​មនុស្ស​អស់​ប៉ុន្មាន អ្នក​ឯង​បំផ្លាញ​ផ្លូវ​អស់​ប៉ុន្មាន?»

​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៧ មាន​ចំនួន​ជាង ៣​ពាន់​ករណី (៣.៥៣១) ​ហើយ​ចំនួន​នេះ​គឺ​ថយ​ចុះ​ជាង ១០០​ករណី (១៦៩) ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦។ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០១៧ មាន​ចំនួន​ជិត ២​ពាន់​នាក់ (១.៧៨០) ហើយ​ចំនួន​នេះ​កើន​ឡើង ៦៣​នាក់ បើ​ប្រៀប​នឹង​ឆ្នាំ​២០១៦។ ចំណែក​អ្នក​របួស​មាន​ចំនួន​ជាង ៥​ពាន់​នាក់ (៥.៥៣៩) គឺ​ធ្លាក់​ចុះ​ជាង ១​ពាន់​នាក់ (១.០៦៨) បើ​ធៀប​នឹង​ឆ្នាំ​២០១៦។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ត្រូវ​ទទួល​ខុស​ត្រូវ​ដូច​ជា​ការ​បណ្ដោយ​ឱ្យ​មាន​រថយន្ត​ដឹក​លើស​ទម្ងន់​នាំ​ឱ្យ​ខូច​ផ្លូវ និង​បង្ក​គ្រោះថ្នាក់​ផ្សេងៗ។ ប្រភព​ដដែល​សង្ស័យ​ថា កត្តា​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ផ្នែក​គឺ​កើត​ឡើង​ដោយសារ​មាន​អំពើ​ពុករលួយ​ចំពោះ​នីតិវិធី​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត ព្រោះ​មាន​យានយន្ត​មួយ​ចំនួន​ចាស់​ទ្រុឌទ្រោម​ខ្លាំង ប៉ុន្តែ​អាច​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​សាធារណៈ​បាន៖ «អ្នក​បើក​បរ​ហ្នឹង​មិន​បាន​ឆ្លង​កាត់​សាលា​បើកបរ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ។ ពួកគេ​អាច​ចេញ​ប័ណ្ណ​បើកបរ ពួកគេ​អាច​សូក​ប៉ាន់​ដើម្បី​យក​ប័ណ្ណ​បើកបរ​ជាដើម។ អ៊ីចឹង​ចេះ​តែ​បើកៗ​តាម​ទម្លាប់​ទៅ»

​លោក សន ជ័យ បន្ត​ថា ដើម្បី​ចាត់​វិធានការ​បញ្ហា​ទាំង​នេះ ស្ថាប័ន​ពាក់ព័ន្ធ​គប្បី​ត្រួតពិនិត្យ​ការ​ចេញ​ប័ណ្ណ​បើកបរ ឬ​ប័ណ្ណ​បច្ចេកទេស។ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ម៉ឺងម៉ាត់ ដូចជា​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង គ្រឿង​ញៀន​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ និង​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍ ពិសេស​កំណត់​ពេល​វេលា​សម្រាប់​រថយន្ត​ធ្ងន់ធ្ងរ​ចូល​ក្រុង​ឱ្យ​ច្បាស់លាស់។ ចំណែក​ពលរដ្ឋ​ត្រូវ​ស្វែង​យល់​ពី​ច្បាប់​បើកបរ និង​បើក​បរ​ប្រកប​ដោយ​ក្រមសីលធម៌​ខ្ពស់ ព្រម​ទាំង​ចេះ​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles