
សហរដ្ឋអាមេរិក បន្តស្នើឲ្យកម្ពុជា ទទួលយកជនជាតិខ្មែរដែលមានទោស និងអ្នកស្នាក់នៅលើសទិដ្ឋាការកំណត់ ដែលអាមេរិក គ្រោងនឹងបញ្ជូនមកកម្ពុជា វិញ។
ជំនួយការរដ្ឋមន្ត្រីការបរទេសសម្រាប់កិច្ចការកុងស៊ុល លោក ខាល រីស (Carl Risch) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ក្នុងសន្និសីទកាសែតមួយថា អាមេរិកបន្តទទូចឲ្យកម្ពុជា បន្តសហការដើម្បីទទួលយកជនជាតិខ្មែរត្រឡប់មកកម្ពុជាវិញ។
កាលពីខែកញ្ញា ឆ្នាំ២០១៧ អាមេរិកដាក់ទណ្ឌកម្មកម្ពុជា ដោយសារតែកម្ពុជា មិនព្រមទទួលយកជនជាតិខ្មែរដែលមានទោសពីអាមេរិក ដោយចង់ចរចាដើម្បីផ្លាស់ប្ដូរកិច្ចព្រមព្រៀងដោយយោងហេតុផលមនុស្សធម៌ ប៉ុន្តែកាលពីខែធ្នូ ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជា បានបន្ទន់ឥរិយាបថ ហើយប្រកាសទទួលយកជនជាតិខ្មែរឡើងវិញ។
លោក ខាល រីស សង្ឃឹមថា អាមេរិក នឹងអាចដកទណ្ឌកម្មមិនឲ្យមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ធ្វើដំណើរទៅអាមេរិក នៅពេលឆាប់ៗនេះ ប្រសិនបើមានកិច្ចសហការពីកម្ពុជា ទទួលយកជនភៀសខ្លួនកម្ពុជាវិញ។
មកទល់ពេលនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មចំនួនពីរប្រឆាំងមន្ត្រីរដ្ឋាភិបាល និងមន្ត្រីក្រសួងការបរទេសកម្ពុជា។ ចំពោះទណ្ឌកម្មដែលអាចលើកលែងគឺទណ្ឌកម្មលើមន្ត្រីក្រសួងការបរទេស ប៉ុន្តែទណ្ឌកម្មមិនឲ្យមន្ត្រីជាន់ខ្ពស់កម្ពុជា មកអាមេរិក ជាទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរំលាយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អាមេរិក ក៏ផ្ដាច់ជំនួយការបោះឆ្នោតទាំងស្រុងទៅកម្ពុជា។
ពាក់ព័ន្ធនឹងរដ្ឋាភិបាលអាមេរិក ដែលចង់បញ្ជូនជនជាតិខ្មែរមានទោសទៅកម្ពុជា វិញនោះ មិនទាន់អាចធ្វើទៅរួចនៅឡើយទេ។ កាលពីខែមករា តុលាការសហព័ន្ធអាមេរិក បានផ្អាករដ្ឋាភិបាលអាមេរិក មិនឲ្យបញ្ជូនជនជាតិខ្មែរដែលកំពុងជាប់ឃុំទៅកម្ពុជា វិញ ដោយរង់ចាំតុលាការជំនុំជម្រះក្តីអ្នកទាំងនោះជាមុនសិន។ មន្ត្រីសិទ្ធិមនុស្សឲ្យដឹងថា យ៉ាងហោចណាស់ក៏មានពលរដ្ឋខ្មែរប្រមាណ ១០០នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អាមេរិក ចាប់ខ្លួនដោយសារតែអាមេរិក កំពុងពង្រឹងច្បាប់អន្តោប្រវេសន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។