ប្រជាសហគមន៍បឹងតង្កៀបក្ដាម នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួន ១១នាក់ សហការគ្នាការពារតំបន់អភិរក្សដើម្បីប្រើប្រាស់ជាប្រយោជន៍រួម ហើយរហូតធ្វើឲ្យបឹងអភិរក្សឆ្នាំនេះសំបូរត្រី និងសត្វស្លាបច្រើនជាងឆ្នាំកន្លងទៅ។
ប្រជាសហគមន៍បឹងតង្កៀបក្ដាម ស្រុកព្រះនេត្រព្រះ លើកឡើងថា បើទោះបីជាសត្វស្លាប និងត្រីសំបូរជាងឆ្នាំកន្លងទៅក៏ដោយ ក៏ប៉ុន្តែពួកគាត់នៅតែព្រួយបារម្ភអំពីការដាក់ថ្នាំបំពុលក្នុងស្រែរបស់អ្នកភូមិ ធ្វើឲ្យសត្វពុលងាប់ជាច្រើនក្បាល។
ប្រធានសហគមន៍បឹងតង្កៀបក្ដាម ឃុំប្រាសាទ លោក ឡំ ឡាយ ឲ្យដឹងនៅថ្ងៃទី៧ កុម្ភៈ ថា សត្វស្លាប និងត្រីក្នុងតំបន់អភិរក្សឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំកន្លងទៅទ្វេដង។ លោកបន្ថែមថា សត្វស្លាបមករកស៊ីនៅតំបន់អភិរក្សក្នុងសហគមន៍របស់លោក មានរាប់ពាន់ក្បាល រួមមានដូចជាសត្វក្រៀល ទុង ត្រដក់ សត្វននៀល ចង្កៀលខ្យង ទាព្រៃ ប្រវឹក ក្អែកទឹក និងសត្វក្រសារ ជាដើម។ ចំណែកឯត្រីក៏សំបូរជាងឆ្នាំកន្លងទៅដែរ ហើយភាគច្រើនគឺត្រីរ៉ស់ និងត្រីឆ្ដោរ៖ «បាទ! ដែលត្រីសំបូរ និងសត្វសំបូរនោះនៅក្នុងទឹកបឹងអភិរក្សខ្ញុំនេះបងប្អូនមិនសូវប្រមាញ់សត្វទេ ពួកគាត់រកតែត្រីធម្មតា រឿងរកសត្វរកអីអត់មានអ្នកណាហ៊ានរកទេ។ ព្រោះតំបន់អភិរក្សនេះខ្ញុំរឹតបន្តឹងមិនឲ្យសម្លាប់សត្វស្លាប និងសត្វកម្រៗនោះទេ បើសិនជាឃើញខ្ញុំនឹងចាប់ពិន័យតាមច្បាប់»។
ទោះជាយ៉ាងនេះក្ដី លោក ឡំ ឡាយ ក៏សម្ដែងការព្រួយបារម្ភពីការដាក់ថ្នាំកណ្ដុរក្នុងស្រែរបស់អ្នកធ្វើស្រែប្រាំងនៅក្បែរតំបន់អភិរក្ស ហើយធ្វើឲ្យសត្វទាព្រៃ និងប្រវឹកបានទៅស៊ីស្រូវហើយពុលថ្នាំងាប់ជាច្រើនក្បាល៖ «ខ្ញុំព្រួយបារម្ភត្រង់ថា ដូចជាសត្វទាព្រៃនិងសត្វប្រវឹកមិនដឹងជាការពារយ៉ាងមិចបាន បើសត្វទាព្រៃ និងប្រវឹកនេះវាស៊ីស្រូវម្ល៉ោះហើយបងប្អូនគាត់ធ្វើស្រែប្រាំងនៅខាងលិចបឹង ហើយសត្វវាស៊ីស្រូវគេ គេដាក់ថ្នាំបំពុលងាប់ ខ្ញុំមិនដឹងការពារមិចបាន ហើយវាច្រើនគ្រាន់បើចុះ ១០ងាប់ទាំង១០ហ្នឹងឯង»។
ទាក់ទងនឹងបញ្ហានេះ មេឃុំប្រាសាទ លោក មាស ហ៊ឹក មានប្រសាសន៍ថា សត្វស្លាបនឹងត្រីនៅបឹងតង្កៀបក្ដាមឆ្នាំនេះ ពិតជាសំបូរជាងឆ្នាំកន្លងទៅមែន ដោយសារប្រជាសហគមន៍រួមគ្នាការពារតំបន់អភិរក្សបានល្អ។ ចំណែកសត្វស្លាបដែលពុលថ្នាំរបស់កសិករងាប់នោះ លោកថា ពុំទាន់ទទួលដំណឹងនេះនៅឡើយទេ៖ «បើនិយាយថាសត្វនៅនោះនៅពេលបឹងដែលវាខះទឹក គ្រាន់តែវាស៊ីមួយថ្ងៃអស់ត្រីប្រហែល ៤០០គីឡូក្រាម បើសត្វវាច្រើនយ៉ាងនេះ មានតុងមកទាំងហ្វូងៗទៅ។ ដូច្នេះខ្ញុំក៏មិនទាន់បានទទួលព័ត៌មានអីទេ គ្រាន់តែបានទទួលព័ត៌មានប្រជាពលរដ្ឋថា គេយកអេក្វាទ័រទៅជីកកាត់ផ្លូវហ្នឹង ហើយខ្ញុំក៏បានដោះស្រាយរួចហើយដែរ»។
តំបន់បឹងអភិរក្សមួយនេះ មានចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ពីភូមិអ្នកស្រុក ហើយតំបន់នេះបច្ចុប្បន្នមានប្រជាសហគមន៍យាមការពារចំនួន ១១នាក់ ដោយពួកគាត់បានប្ដូរវេនគ្នាយាមការពារទាំងយប់ទាំងថ្ងៃ ជាពិសេសនៅរដូវទឹកស្រក គឺចាប់ពីខែវិច្ឆិកា រហូតដល់ខែកក្កដា ជារៀងរាល់ឆ្នាំ។ ប្រធានសហគមន៍បឹងតង្កៀបក្ដាម លោក ឡំ ឡាយ ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធកែច្នៃតំបន់អភិរក្សបឹងតង្កៀបក្ដាម ឲ្យទៅជារមណីយដ្ឋានសម្រាប់អ្នកទេសចរមកទស្សនាកម្សាន្ត ពីព្រោះតំបន់នេះមានព្រៃឈើដុះអមជុំវិញមាត់បឹង និងមានសត្វស្លាបជាច្រើនប្រភេទមករស់នៅ។ លោកបន្ថែមថា បឹងនេះ ប្រសិនបើពុំមានអ្នកយាមការពារឲ្យបានដិតដល់ទេ គឺមិនយូរឡើយ ត្រី និងសត្វស្លាបទាំងនោះ នឹងហិនហោចអស់ជាពុំខាន៕