Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ស្ដីបន្ទោស​មន្ត្រី​ក្រោម​ឱវាទ​ករណី​លោក រ៉ុង ឈុន

$
0
0

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​ចេញ​លិខិត​ស្ដីបន្ទោស​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ចំនួន ២៤​រូប ថា ខ្ជីខ្ជា​មិន​ចេះ​តាមដាន​ការងារ​របស់​លោក រ៉ុង ឈុន និង​បុគ្គលិក​ដទៃ​ទៀត។ លិខិត​នោះ​ចុះ​ហត្ថលេខា កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨ ប៉ុន្តែ​ទើប​បាន​ចេញ​ផ្សព្វផ្សាយ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី៦ ខែ​កុម្ភៈ។

លោក ហង់ ជួនណារ៉ុន បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​នោះ ដោយ​ដាក់​បន្ទុក​ទៅលើ​មន្ត្រី​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​រួមមាន៖ ប្រធាន​នាយកដ្ឋាន ប្រធាន​ការិយាល័យ​រដ្ឋបាល ប្រធាន​ការិយាល័យ​ស្រាវជ្រាវ ប្រធាន​ការិយាល័យ​ផែនការ និង​មន្ត្រី​នៅ​នាយកដ្ឋាន អនុវត្ត​ការងារ​របស់​ខ្លួន​ថា​ធ្វើ​ការងារ​មិនបាន​ពេញលេញ។

រដ្ឋមន្ត្រី​រូប​នេះ​បន្ត​ថា ប្រធាន​នាយកដ្ឋាន​ចំនួន ៤​រូប នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នេះ មិន​បាន​គ្រប់គ្រង​បុគ្គលិក​ក្រោម​ឱវាទ​បាន​ត្រឹមត្រូវ ស្របតាម​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា។ ជាមួយគ្នា​នោះ​ដែរ លោក ហង់ ជួនណារ៉ុន ក៏​បាន​បន្ទោស​ដល់​មន្ត្រី​ចំនួន ២០​រូប​ផ្សេងទៀត ដែល​ខកខាន​មិនបាន​មក​បំពេញ​កាតព្វកិច្ច​ការងារ​ជាប់​លាប់ ចាប់ពី​ថ្ងៃ​ទី៤ មករា ដល់​ថ្ងៃ​ទី​៣០ ខែ​មករា កន្លង​មក​នេះ​ផង​ដែរ។

ទាក់ទង​ករណី​នេះ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ផ្អែក​លើ​ទិដ្ឋភាព​រដ្ឋបាល​សាធារណៈ ឬ​ភាព​អសកម្ម​ខ្លះ​នៃ​ការ​បំពេញ​ការងារ​នៅ​ក្នុង​ស្ថាប័នរដ្ឋ គឺ​ជៀស​មិន​ផុត​ពី​ភាព​ខ្វះ​ចន្លោះ ក្នុង​ការ​បំពេញការងារ។ លោក​ថា ករណី​នេះ​នៅ​មាន​ច្រើន​ណាស់។ ដូច្នេះ​សង្គម​ស៊ីវិល​រូប​នេះ យល់ថា លោក រ៉ុង ឈុន និង លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ គួរ​រក​ពេល​សមរម្យ​មួយ​ជួប​ជជែក​គ្នា​ដោយ​ការយោគយល់ ដើម្បី​ដោះស្រាយ​បញ្ហា ព្រោះ​ថា ទាំង​លោក រ៉ុង ឈុន និង​លោក ហង់ ជួនណារ៉ុន សុទ្ធ​តែ​តួអង្គ​ជួយ​សង្គម៖ «ជជែក​គ្នា និយាយ​គ្នា​ពី​គុណ​តម្លៃ​នៃ​សង្គម​ដែល​ពួកគាត់​បាន​បំពេញ​ព្រោះ​អី​ខ្ញុំ​យល់ថា ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​លោក រ៉ុង ឈុន សុទ្ធ​តែ​ជា​តួអង្គ​ដែល​បាន​ចូលរួម​ចំណែក​សម្រាប់​គុណ​តម្លៃ​នៅ​ក្នុង​សង្គម និង​ជា​គំរូ​សម្រាប់​អ្នក​ជំនាន់​ថ្មី​ដូចគ្នា»

លោក រ៉ុង ឈុន អតីត​សមាជិក​គ..ប និង​ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន លុបឈ្មោះ ចេញពី​​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ នៃ​ក្រសួង​អប់រំ ចាប់ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

លោក រ៉ុង ឈុន ថា លោក​មិន​ទទួលស្គាល់​ការសម្រេច​របស់​ក្រសួង​អប់រំ ចំពោះ​ករណី​បញ្ឈប់​លោក​ពី​ការងារ​ឡើយ។ លោក​ចាត់​ទុក​ការ​សម្រេច​នេះ គឺជា​រឿង​គួរ​ឲ្យ​អស់សំណើច​និង​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ ព្រោះ​ការ​លុបឈ្មោះ​លោក​ធ្វើ​ឡើង​បន្ទាប់ពី​លោក​លា​ឈប់​ពី​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គ..ប ព្រោះ​លោក​យល់ថា ស្ថាប័ន​នេះ​បាត់បង់​ឯករាជ្យ​របស់​ខ្លួន​ហើយ។ ការ​លាឈប់​ពី​គ..ប របស់​លោក រ៉ុង ឈុន ធ្វើ​ឡើង​ក្រោយ​ពេល​តុលាការ​កំពូល​ចេញ​សាលដីកា​រម្លាយ​បក្ស​សង្គ្រោះជាតិ តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles