
ក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គ្រោងនឹងប្ដឹងសុំឱ្យតុលាការមោឃភាពចម្លើយលោក ឈឹម ផលវរុណ ក្នុងនាមជាអតីតបុគ្គលិកបម្រើការងារ នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
លោកស្រីមេធាវី ម៉េង សុភារី កាលពីថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ បានឱ្យអាស៊ីសេរីដឹងថា ក្រុមមេធាវីនឹងសិក្សាពិនិត្យចម្លើយលោក ឈឹម ផលវរុណ ព្រោះលោក ឈឹម ផលវរុណ ជាសាក្សីដែលមានទំនាស់ផលប្រយោជន៍នៅក្នុងសំណុំរឿងក្ដីនេះ៖ «លោក ឈឹម ផលវរុណ ពេលនឹងគាត់មានទំនាស់ជាមួយនឹងឯកឧត្ដម កឹម សុខា ហើយតាមរយៈវិទ្យុអ៊ីជារឿយៗនឹងគាត់បានធ្វើការនិយាយរិះគន់ ឬមួយវាយប្រហារមកលើឯកឧត្ដម កឹម សុខា ផងដែរ។ អ៊ីចឹងយើងឃើញថា ចំពោះសាក្សីរូបគាត់ គឺមានន័យថា មានទំនាស់ផលប្រយោជន៍រវាងសាក្សីនឹងឯកឧត្ដម កឹម សុខា ដោយសារគាត់ធ្លាប់មានទំនាស់គ្នាពីមុនមក ហើយការស្វែងរកការពិត ស្វែងរកយុត្តិធម៌ទៅដល់ជនត្រូវចោទនៅក្នុងសំណុំរឿងដែលមានទំនាស់ផលប្រយោជន៍បែបនឹង គឺមិនអាចផ្ដល់យុត្តិធម៌ទៅដល់ជនត្រូវចោទបានទេ ដោយសារថា សាក្សីបានទំនាស់ជាមួយជនត្រូវចោទបាត់ទៅហើយ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ កាលពីថ្ងៃទី៦ កុម្ភៈ បានចូលឆ្លើយបំភ្លឺក្នុងនាមជាកសិណសាក្សីជុំវិញសំណុំរឿងលោក កឹម សុខា។ លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកថា ចៅក្រមស៊ើបសួរបានសួរសំណួរលោកពាក់ព័ន្ធជុំវិញរឿងដែលលោកធ្លាប់ធ្វើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស កាលពីលោក កឹម សុខា នៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ក្រៅពីនេះលោកមិនបានឆ្លើយប្រាប់អ្នកសារព័ត៌មានច្រើនទេ ដោយគ្រាន់តែលើកឡើងថា លោកមិនចង់និយាយចំៗទេ ព្រោះអាចនាំឱ្យប៉ះពាល់ដល់សុក្រឹតភាពដំណើរការក្ដីសំណុំរឿងលោក កឹម សុខា។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញចាប់ឃុំខ្លួន ដោយចោទប្រកាន់ពីបទក្បត់ជាតិ។ លោកត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង។ មកទល់នឹងពេលនេះ មានរយៈពេលជិត ៥ខែហើយ។ កាលពីដើមខែកុម្ភៈនេះ សាលាឧទ្ធរណ៍បានបន្តឃុំខ្លួនលោក កឹម សុខា។ ក្រុមមេធាវីគ្រោងនឹងដាក់ពាក្យប្ដឹងសាទុក្ខទៅតុលាការកំពូលនៅពេលខាងមុខនេះ ដោយហេតុថា សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍បន្តឃុំខ្លួនលោក កឹម សុខា ជាសេចក្ដីសម្រេចមួយដែលមានភាពអយុត្តិធម៌បំផុតចំពោះលោក កឹម សុខា៖ «ក្រុមមេធាវីយើងខ្ញុំបានរៀបចំពាក្យបណ្ដឹងរួចហើយ។ យើងរង់ចាំមេធាវីដទៃទៀតចុះហត្ថលេខាលើពាក្យបណ្ដឹងសិន បើសិនជាថ្ងៃស្អែកនេះ មេធាវីទាំងអស់នេះបានចុះហត្ថលេខារួចរាល់យើងនឹងដាក់ថ្ងៃស្អែក»។
ក្រុមមេធាវីស្នើឱ្យតុលាការកំពូលដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញ ដោយគ្មានលក្ខខណ្ឌ ព្រោះលោក កឹម សុខា មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការនោះឡើយ៕