
អ្នកឃ្លាំមើលសង្គមនិយាយថា ការរំលោភសិទ្ធិមនុស្ស ការបំផ្លាញ គោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ គឺជាការក្បត់ធម្មនុញ្ញ ជាអំពើក្បត់ឆន្ទៈរបស់ពលរដ្ឋ និងក្បត់កិច្ចសន្យារវាងរដ្ឋ ជាមួយប្រជាពលរដ្ឋ។
រដ្ឋធម្មនុញ្ញដែលបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់ប្រទេស គឺជាឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋក្នុងការគាំពារសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ប្រព័ន្ធគ្រប់គ្រងរដ្ឋ ព្រំដែននៃការប្រើប្រាស់អំណាច គោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ប៉ុន្តែ ក្នុងរយៈពេលចុងក្រោយនេះ ក្រុមអ្នកឃាំ្លមើលសង្កេតឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន បានជិះសេះលែងដៃមិនងាកក្រោយ ហើយបោះពួយប្រើអំណាចហួសហេតុទាំងបំពាន ទៅលើរដ្ឋធម្មនុញ្ញ និងឆន្ទៈរបស់ពលរដ្ឋម្ចាស់ប្រទេស ដូចជាករណីរំលាយគណបក្សសង្គ្រោះជាតិ ដែលជាសំឡេងរបស់ពលរដ្ឋជាង ៣លាននាក់។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ប្រសិនបើ រដ្ឋាភិបាលរំលោភឆន្ទៈរបស់ពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ ហើយងាកចេញពីគោលការណ៍នីតិរដ្ឋ និងគោលការណ៍ប្រជាធិបតេយ្យនោះ រដ្ឋាភិបាលគឺជាក្រុមឧទ្ទាម ឬជាសត្រូវនៃរដ្ឋធម្មនុញ្ញ ជាសត្រូវនៃនីតិរដ្ឋ និងជាសត្រូវលទ្ធិប្រជាធិបតេយ្យ៖ «អ្នកលែងគោរពរដ្ឋធម្មនុញ្ញ អ្នកលែងគោរពច្បាប់អីហ្នឹង គឺគេចាត់ទុកថា ក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយធ្វើអ៊ីចឹងគេថា ទៅជាឧទ្ទាម»
ប៉ុន្តែ កន្លងមកក្រុមមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានចាប់ផ្ដើមប្រើពាក្យឧទ្ទាមនេះសំដៅក្រុមមន្ត្រីបក្សប្រឆាំងទាំងឡាយណា ដែលចូលរួមគាំទ្រចលនាសង្គ្រោះជាតិ និងបានចោទប្រកាន់ក្រុមប្រឆាំងទាំងឡាយណា ដែលហ៊ានចេញមុខតវ៉ាដោយសន្តិវិធីថា ជាក្រុមបដិវត្តន៍ពណ៌ថែមទៀត។
ទោះជាយ៉ាងណាក៏ដោយលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការចោទប្រកាន់ទាំងឡាយមកលើក្រុមមន្ត្រីបក្សសង្គ្រោះជាតិថា ជាក្រុមឧទ្ទាម និងជាបដិវត្តន៍ពណ៌នោះ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងផ្ទុយពីរដ្ឋធម្មនុញ្ញ។ លោកបន្តថា ការតវ៉ាដោយសន្តិវិធី ការជួបប្រជុំ និងរិះគន់អំពីភាពអសកម្មរបស់រដ្ឋាភិបាលកម្ពុជាទាំងឡាយ គឺជាសេរីភាពក្នុងការបញ្ចេញរបស់ពលរដ្ឋ៖ «ការចោទប្រកាន់ហ្នឹងត្រូវ លុះត្រាតែការចោទប្រកាន់ហ្នឹងមានមូលដ្ឋានច្បាប់»។
មន្ត្រីរដ្ឋាភិបាលកម្ពុជានៅមិនទាន់អាចផ្ដល់សេចក្ដីអត្ថាធិប្បាយជុំវិញបញ្ហានេះបាននៅឡើយទេ។
ក្រុមអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយនិយាយថា ការចោទប្រកាន់ ឬការលាបពណ៌គ្នាទៅវិញទៅមក ក្នុងសង្គមនយោបាយដ៏អន់ថយបែបហែកហួរគ្នានេះ គឺជាគ្រោះថ្នាក់ធំបំផុតរបស់ពលរដ្ឋខ្មែរ។
លោក បណ្ឌិត ហេង ស្រ៊ាង ដែលកំពុងសិក្សាស្រាវជ្រាវអំពីសង្គម និងនយោបាយនៃសកលវិទ្យាល័យហៅវើដ (Harvard) ក្នុងសហរដ្ឋអាមេរិក មានប្រសាសន៍ថា ការចោទប្រកាន់គ្នាអំពីបញ្ហាបដិវត្តន៍ពណ៌ អំពីបញ្ហាឧទ្ទាម ឬការរួមគំនិតធ្វើបដិវត្តន៍ទម្លាក់រដ្ឋាភិបាលជាដើមនោះ គឺជា យុទ្ធសាស្ត្ររបស់ក្រុមអ្នកមានអំណាចដើម្បីបន្លាច ឬបំភិតបំភ័យដល់ក្រុមអ្នកមាននិន្នាការផ្ទុយពីរដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាព៖ «ជាល្បិចនយោបាយ កាលណាយកការចោទប្រកាន់មកធ្វើជារឿងវិច្ឆេទកម្ម ឬចលនាផ្ដួលរំលំរដ្ឋាភិបាល។ អាហ្នឹងជាមធ្យោបាយមួយក្នុងការបន្លាច។ អាហ្នឹងមានប្រសិទ្ធភាពណាស់កន្លងមក។ ហើយអាការចោទប្រកាន់គ្នាដោយរឿងនយោបាយក្នុងស្រុកខ្មែរហ្នឹងវាអត់ទៅរួចទេ»។
ទស្សនវិទូធំៗរបស់អាមេរិកជាច្រើន បានឲ្យតម្លៃលើការដឹកនាំតាមរយៈការយកប្រជាពលរដ្ឋជាធំ បើកឱកាសឲ្យប្រជាពលរដ្ឋ ជាអ្នកសម្រេចជោគវាសនាប្រទេសជាតិដោយខ្លួនឯង ចំណែករដ្ឋាភិបាលវិញ មានការទទួលខុសត្រូវក្នុងការជួយសម្រួលដល់សេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ មិនមែនដើម្បីជិះជាន់ពលរដ្ឋនោះទេ។
ពួកគេនិយាយថា នៅពេលណាអវត្តមានច្បាប់ ពេលនោះ ជនផ្ដាច់ការនឹងងើបឡើង ដូច្នេះជនផ្ដាច់ការទាំងឡាយណាដែលរំលោភច្បាប់ ជនផ្ដាច់ការរូបនោះគឺជាក្រុមឧទ្ទាម ហើយអ្នកដឹកនាំណាដែលធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច អ្នកដឹកនាំរូបនោះទៅវិញទេ ដែលកំពុងភ័យ ខ្លាចប្រជាពលរដ្ឋរបស់ខ្លួន។
មិនមែនតែអ្នកវិភាគខ្មែរទេ ដែលមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
នាយករងរបស់អង្គការឃាំ្លមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួលបន្ទុកកិច្ចការតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ើតសិន (Phil Robertson) ចាត់ទុករដ្ឋាភិបាលកម្ពុជាថា ជារដ្ឋាភិបាលផ្ដាច់ការ ដោយសារបានរំលោភច្បាប់ធ្ងន់ធ្ងរ រំលោភលើគោលការណ៍ នីតិរដ្ឋ និងរំលោភលើភាពប្ដេជ្ញាចិត្តក្នុងការគោរពសិទ្ធិមនុស្ស។
លោកបន្តថា ច្បាប់របស់កម្ពុជាគ្រាន់តែច្បាប់អន់ថយមួយដែលតាក់តែងឡើង ដោយក្រុមរបស់លោក ហ៊ុន សែន តាមរយៈការប្រើអំពើហិង្សា និងការប្រើកងកម្លាំងប្រដាប់អាវុធ អមដោយប្រព័ន្ធ តុលាការអាយ៉ងប៉ុណ្ណោះ៖ «ជនផ្ដាច់ការដូចជាលោក ហ៊ុន សែន មិនយល់ទេ អំពីអ្វីទៅដែលជា សេរីភាព ក្នុងការបញ្ចេញមតិ អ្វីទៅជាសិទ្ធិមនុស្ស អ្វីទៅជាលទ្ធិប្រជាធិបតេយ្យ ការយកពលរដ្ឋជាធំ ហើយអ្វីទៅជានីតិរដ្ឋ នោះឡើយ។ ខ្ញុំគិតថា លោក ហ៊ុន សែន នឹងមិនអាចកែប្រែស្ថានការ ក្នុងប្រទេសកម្ពុជានៅមុនការ បោះឆ្នោតបាននោះឡើយ។ ហើយក្រុមមន្ត្រីបក្សសង្គ្រោះជាតិនឹង មិនអាចវិលត្រឡប់ទៅប្រទេសកម្ពុជាបាននោះឡើយ»។
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះអះអាងថា ក្រោយពីគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បោសសំអាតបក្សប្រឆាំងចេញពីកម្ពុជា ដោយភ្ជាប់ទៅនឹងបញ្ហាបដិវត្តន៍ពណ៌ដែលគ្មានរូបរាងទៅ នៅពេលនេះ កម្ពុជាគ្មានគណបក្សប្រឆាំងស្របច្បាប់ណាទៀតទេ ក្នុងការប្រកួតប្រជែងការបោះឆ្នោតជាមួយបក្សកាន់អំណាច។
លោកបន្តថា ពេលនេះមានតែប្រជាពលរដ្ឋ និងបណ្ដាប្រទេសលោកសេរីប៉ុណ្ណោះ ដែលអាចវិនិច្ឆ័យបាន ថាតើកម្ពុជាកំពុងដឹកនាំបែបប្រជាធិបតេយ្យ ឬផ្ដាច់ការនិយមដែលញាំញីទៅដោយអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស រំលោភរដ្ឋធម្មនុញ្ញ រំលោភគោលការនីតិរដ្ឋ និងរំលោភគោលការណ៍ប្រជាធិបតេយ្យនោះ៕