
អតីតសមាជិកបណ្ដាញព្រះសង្ឃឯករាជមួយអង្គព្រះនាម ចាន់ ហើយ និមន្តពីរាជធានីភ្នំពេញ ទៅប្រាសាទព្រះវិហារ ក្នុងបំណងបួងសួងឲ្យសង្គម ទទួលបានសុខសន្តិភាពពិតប្រាកដ និងយុត្តិធម៌។
គិតមកដល់ល្ងាចថ្ងៃទី៣ កុម្ភៈ ព្រះអង្គធ្វើដំណើរបាន ១៥ថ្ងៃហើយ ហើយព្រះអង្គនិមន្តមកដល់ស្រុកជាំក្សាន្ត ខែត្រព្រះវិហារ និងកំពុងបន្តដំណើរឆ្ពោះទៅប្រាសាទព្រះវិហារ ឲ្យដល់គោលដៅឲ្យបានមុនថ្ងៃទី២០ កុម្ភៈ ខាងមុខ។
ព្រះតេជព្រះគុណ ចាន់ ហើយ មានថេរដីកាថា ព្រះអង្គធ្វើដំណើរដោយថ្មើរជើងតែអង្គឯង ដោយសារព្រះអង្គចង់អប់រំទូន្មានចិត្ត និងបួងសួងឲ្យពលរដ្ឋទទួលបានសេចក្ដីសុខចម្រើនទាំងផ្លូវកាយ និងផ្លូវចិត្ត។ មូលហេតុចម្បងដែលព្រះអង្គនិមន្តថ្មើរជើងជាង ៥០០គីឡូម៉ែត្រ ព្រោះព្រះអង្គមើលឃើញថា ស្ថានភាពសង្គមខ្មែរបច្ចុប្បន្នកំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយសារអ្នកមានអំណាចមួយចំនួន និងក្រុមហ៊ុនបានរំលោភបំពានដីធ្លីពលរដ្ឋជាដើម។
ព្រះអង្គ ចាន់ ហើយ មានថេរដីកាបន្ថែមថា មានថ្ងៃខ្លះព្រះអង្គនិមន្តតាមផ្លូវ ដាច់ចង្ហាន់ក៏មាន ដោយសារតែនៅតំបន់ខ្លះជាតំបន់ព្រៃ ត្រូវចំណាយពេលច្រើនម៉ោងទម្រាំដល់ទីប្រជុំជន។ ក្នុងមួយថ្ងៃព្រះអង្គធ្វើដំណើរចាប់ពីម៉ោង ៥ទៀបភ្លឺ រហូតដល់ម៉ោង ៦ល្ងាច ព្រះអង្គបោះតង់ គង់នៅតាមផ្លូវ និងកន្លែងខ្លះក្នុងព្រៃ។ ព្រះអង្គ ចាន់ ហើយ ហាក់មិនភ័យព្រួយពីសុវត្ថិភាព និងបញ្ហាសុខភាពនោះទេ បើទោះបីជា ធ្វើដំណើរថ្មើរជើងក្នុងមួយថ្ងៃៗ ច្រើនគីឡូម៉ែត្រក្ដី។ «»
ព្រះអង្គ ចាន់ ហើយ បានបួសជាសង្ឃ ១៧ព្រះវស្សា ហើយបច្ចុប្បន្នព្រះអង្គគង់នៅវត្តឧណ្ណាលោមរាជធានីភ្នំពេញ៕