
ក្រុមអង្គការសង្គមស៊ីវិលបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ អំពាវនាវឲ្យរដ្ឋាភិបាលទម្លាក់បទចោទចំពោះថ្នាក់ដឹកនាំសង្គមស៊ីវិលដ៏លេចធ្លោ ៣រូប គឺលោក ប៉ា ងួនទៀង ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និងលោក មឿន តុលា ដែលតុលាការចោទប្រកាន់ពីបទរំលោភលើសេចក្ដីទុកចិត្តក្នុងរឿងមូលនិធិបុណ្យសព ១០០ថ្ងៃ បណ្ឌិត កែម ឡី។ ពួកគេយល់ឃើញថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ បានបង្ហាញយ៉ាងច្បាស់ពីការគំរាមកំហែង និងយាយីដើម្បីបំបិទសំឡេងសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
អង្គការ សមាគម សហគមន៍ដីធ្លី ចំនួន ៣៥ បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជា បញ្ឈប់ជាបន្ទាន់នូវការធ្វើទុក្ខបុកម្នេញមកលើសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនដែលកំពុងបំពេញការងាររបស់ពួកគេដោយស្របច្បាប់។
សេចក្ដីថ្លែងការណ៍រួមចេញផ្សាយនៅថ្ងៃទី៣០ មករា ចាត់ទុកថា តុលាការគ្មានភស្តុតាងដើម្បីចោទប្រកាន់ប្រឆាំងនឹងលោក ប៉ា ងួនទៀង ជាប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និងប្រធានមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា។ ការចោទប្រកាន់នេះ កើតឡើងចំពេលដែលរដ្ឋាភិបាលបង្ក្រាបយ៉ាងតឹងរ៉ឹងមកលើសំឡេងជំទាស់នៅកម្ពុជា ដែលធ្វើឲ្យលំហការងាររបស់អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលកាន់តែរួមតូចកាន់តែខ្លាំង។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានទស្សនៈថា អ្នកទាំង៣ គឺជាក្រុមគោលដៅនៃការចោទប្រកាន់ ព្រោះតែពួកគាត់លេចធ្លោ និងហ៊ានរិះគន់ពីភាពអសកម្មនានានៅក្នុងការអភិវឌ្ឍ ការដឹកនាំប្រទេស និងភាពចន្លោះប្រហោងក្នុងការគោរពសិទ្ធិមនុស្សរបស់រដ្ឋាភិបាល៖ «បើតាមការសង្កេតយើងឃើញថា ដូចជា លោក ប៉ា ងួនទៀង ព្រះអង្គ ប៊ុត ប៊ុនតិញ លោកតែងតែចេញមុខក្នុងការរិះគន់ជាច្រើនទាក់ទងរដ្ឋាភិបាល ហើយលោកក៏បានចេញមុខចូលរួមក្នុងកម្មវិធីផ្សេងៗ នៅក្រៅប្រទេសជាបន្តបន្ទាប់ផងដែរ។ នេះហើយជាមូលហេតុមួយដែលអាចឈានចូលដល់បណ្ដឹង និងមានការចោទប្រកាន់»។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងថា ការចោទប្រកាន់លើអ្នកទាំង៣ គឺជាការងាររបស់តុលាការ និងច្បាប់។ លោកថា ការតស៊ូមតិរបស់សង្គមស៊ីវិលពិបាកនឹងទប់ទល់ជាមួយច្បាប់ និងចំណាត់ការរបស់តុលាការ ហើយថា ពួកគេគួរតែស្វែងរកមេធាវីខ្លាំងដើម្បីតតាំងក្ដីនេះវិញ។
លោកបានហៅសេចក្ដីថ្លែងការណ៍របស់សង្គមស៊ីវិលថា ជាការតស៊ូមតិឥតប្រយោជន៍៖ «បើហៅថា ការយល់ឃើញ និងការតស៊ូមតិដែលមាននិន្នាការនយោបាយច្រើនជាជាងការតតាំងការពារផលប្រយោជន៍ការងាររបស់អង្គការមិនមែនរដ្ឋាភិបាលតាមរយៈអង្គហេតុនិងអង្គច្បាប់នៅក្នុងតុលាការ»។
កាលពីថ្ងៃទី៤ ខែមករា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានសម្រេចចោទប្រកាន់លោក ប៉ា ងួនទៀង ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និងលោក មឿន តុលា ពីបទរំលោភទំនុកចិត្ត តាមបណ្ដឹងប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ដែលគ្មានជាប់សាច់ញាតិរបស់លោក កែម ឡី បន្តិចសោះ បានចោទអតីតសមាជិកគណៈកម្មការទាំង៣ ថា បានលួចបន្លំមូលនិធិក្នុងពិធីបុណ្យ។ អ្នកទាំងបីអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យប្រាក់រហូតដល់ ៦លានរៀល។
សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមសង្គមស៊ីវិលបន្តថា បន្ទាប់ពីផ្ទៀងផ្ទាត់ជាមួយគ្រួសារសពបណ្ឌិត កែម ឡី ដែលបានច្រានចោលបណ្ដឹងនេះ និងបញ្ជាក់ថា អតីតគណៈកម្មការមិនបានគ្រប់គ្រងមូលនិធិទេ ហើយការចោទប្រកាន់នេះជាចរិតនយោបាយ។ សំណុំរឿងនេះ គឺជាការបង្ក្រាបលើសំឡេងជំទាស់ និងការងារសង្គមស៊ីវិលនៅកម្ពុជា ដូចជា ការផ្អាកសកម្មភាពរបស់អង្គការសមធម៌កម្ពុជា ការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ការលុបឈ្មោះអង្គការមាតាធម្មជាតិចេញពីបញ្ជី ការដាក់ទោសបែបនយោបាយទៅលើសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី សកម្មជនមាតាធម្មជាតិ លោក ហ៊ុន វណ្ណៈ និង លោក ឌឹម គុណឌី ព្រមទាំងការបិទទាំងបង្ខំនៃសារព័ត៌មានឯករាជ្យ រួមមានកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និងការិយាល័យវិទ្យុអាស៊ីសេរី នៅកម្ពុជា ហើយចាប់អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ២រូប គឺ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។ សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដើម្បីឲ្យសង្គមស៊ីវិលអាចដំណើរការទៅមុខដោយគ្មានការរឹតត្បិត និងយាយី៕