
តុលាការកំពូល នៅថ្ងៃទី៣០ ខែមករា បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់បុរសជនជាតិអូស្ត្រាលី ម្នាក់ ដែលបានបង្ហោះដ្រូន (Drone) ឬការប្រើកាមេរ៉ាថតពីលើសកម្មភាពក្បួនឃោសនារបស់អ្នកគាំទ្របក្សប្រឆាំង នៅថ្ងៃឃោសនាចុងក្រោយសម្រាប់រកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។
ជនជាប់ចោទជនជាតិអូស្ត្រាលី ដែលចៅក្រមតុលាការកំពូល បដិសេធនៅក្រៅឃុំ គឺលោក ជេមស៍ រីកឃិតសាន់ (James Ricketson)។ ក្រោយចៅក្រមប្រកាសរួច ឆ្មាំពន្ធនាគារបានបញ្ជូនបុរសរូបនេះទៅឃុំបណ្ដោះអាសន្នបន្តទៀត នៅពន្ធនាគារព្រៃស ក្រោមបទ "ចារកម្ម"។
លោក ជេមស៍ រីកឃិតសាន់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ប្រមូលផ្ដុំព័ត៌មានធ្វើឲ្យអន្តរាយដល់ការការពារជាតិ តាមមាត្រា ៤៤៦ នៃក្រមព្រហ្មទណ្ឌ ដោយសារតែលោកបានបង្ហោះយន្តហោះដ្រូន ថតក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ក្នុងរាជធានីភ្នំពេញ។ លោក ជេមស៍ រីកឃិតសាន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧។
នៅដំណាក់កាលសាលាឧទ្ធរណ៍ ចៅក្រមបានជំនុំជម្រះអសាធារណៈលើសំណុំរឿងនេះ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧។ នៅថ្ងៃទី៩ សីហា ចៅក្រមបានសម្រេចតម្កល់សាលក្រមសាលាដំបូង និងបដិសេធសំណើសុំនៅក្រៅឃុំរបស់មេធាវីការពារក្ដីឲ្យជនជាតិអូស្ត្រាលី រូបនេះ ដោយបញ្ជូនសំណុំរឿងឲ្យទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ វិញ។
កន្លងមក នៅគ្រប់ដំណាក់កាលសាលាជម្រះក្ដី លោក ជេមស៍ រីកឃិតសាន់ និងមេធាវី តែងតែបដិសេធនូវការចោទប្រកាន់ថា គាត់ពាក់ព័ន្ធនឹងចារកម្មដែលរដ្ឋាភិបាលគិតថា លោកទាក់ទងនឹងគណបក្សប្រឆាំង។ បើទោះជាគណបក្សប្រឆាំងត្រូវបានតុលាការកំពូល កាត់ក្ដីរំលាយចោល ប៉ុន្តែសំណុំរឿងលោក ជេមស៍ រីកឃិតសាន់ ដែលបង្ហោះដ្រូនថតសកម្មភាពអ្នកគាំទ្របក្សប្រឆាំងហែក្បួនឃោសនាមិនទាន់ត្រូវបានចៅក្រមសម្រេចទម្លាក់បទចោទ ឬឲ្យនៅក្រៅឃុំនោះទេ។
អ្នកច្បាប់ធ្លាប់រិះគន់ចំណាត់ការរបស់តុលាការថា ជារឿងអយុត្តិធម៌ និងមិនសមហេតុផល។
សមាជិកក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី ហុង គឹមសួន កាលពីថ្ងៃទី១០ ខែសីហា លើកឡើងថា ការចោទប្រកាន់លោក ជេមស៍ រីកឃិតសាន់ តាមក្រមព្រហ្មទណ្ឌ គឺមិនសមស្របតាមផ្លូវច្បាប់ឡើយ។ លោកបន្តថា ចំពោះសកម្មភាពរបស់ជនជាតិអូស្ត្រាលី រូបនេះ គ្រាន់តែបានបង្ហោះដ្រូន នៅទីតាំងសាធារណៈ មិនមែនជាអំពើរំលោភច្បាប់ឡើយ លុះត្រាតែជនបរទេសរូបនោះថតសកម្មភាពនៅកន្លែងហាមឃាត់ ដូចជាបន្ទាយទាហាន ឬកន្លែងសម្ងាត់របស់ជាតិដែលច្បាប់បានហាមឃាត់៖ «»។
ចំណែកអតីតមន្ត្រីផ្នែកច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា ធ្លាប់មានប្រសាសន៍ថា តុលាការមិនគួរចោទប្រកាន់លោក ជេមស៍ រីកឃិតសាន់ ពីបទព្រហ្មទណ្ឌដូច្នេះទេ។ លោកអះអាងថា ការចោទប្រកាន់បែបនេះជាការគំរាមកំហែងដល់អ្នកសារព័ត៌មានដែលហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាល។ លោកបន្ថែមថា សកម្មភាពរបស់បុរសជនជាតិអូស្ត្រាលីនេះ គ្រាន់តែជាការថតរូបភាព និងវីដេអូនៅកន្លែងដែលគ្មានការហាមឃាត់ ហើយថា ប្រសិនបើសមត្ថកិច្ច ឬតុលាការរកឃើញថា លោកមានកំហុស គួរតែព្រមានតាមបែបបទរដ្ឋបាលទើបត្រឹមត្រូវជាង៖ «»។
ក្រមព្រហ្មទណ្ឌ មាត្រា ៤៤៦ ចែងថា បទប្រមូលផ្ដុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្ដរាយដល់ការការពារជាតិ ជាអំពើទទួល ឬប្រមូលផ្ដុំ ដើម្បីផ្ដល់ទៅឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មាន វត្ថុឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ។ ទោសនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ។ ទោះយ៉ាងណា អ្នកច្បាប់ និងពលរដ្ឋមើលមិនឃើញថា ការបង្ហោះដ្រូន យករូបភាពពីសកម្មភាពអ្នកគាំទ្របក្សប្រឆាំងអាចធ្វើឲ្យអន្ដរាយដល់ការការពារជាតិនោះទេ៕