Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ជនជាតិ​ដើម​ភាគ​តិច​មួយ​គ្រួសារ​ចោទ​ក្រុមហ៊ុន​ប្រើ​អំពើ​ហិង្សា​ដុត​រោង​ចម្ការ​អ្នក​ភូមិ

$
0
0

ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ មួយ​គ្រួសារ​ក្នុង​ចំណោម ៨​គ្រួសារ ចោទ​ប្រកាន់​មេការ​ក្រុមហ៊ុន ឌី.អឹម.ហ្គ្រុប (DM Group) ថា​បាន​បំផ្លិចបំផ្លាញ​រោង​ចាំ​ចម្ការ​អ្នក​ភូមិ​ដើម្បី​យក​ដី។ ការ​ប្រើ​អំពើ​ហិង្សា​នេះ អ្នក​ភូមិ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​រួច​ហើយ ក៏​ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​បែប​ណា​នៅ​ឡើយ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​រតនគិរី អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ប្រញាប់​ស៊ើប​អង្កេត និង​ដោះស្រាយ​ពាក្យ​ប្ដឹង​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ស្ដីពី​ការ​ប្រើ​អំពើ​ហិង្សា​រំលោភ​សិទ្ធិ​ពលរដ្ឋ។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ក្រោយ​ពេល​អ្នក​ភូមិ​អះអាង​ថា រោង​ចម្ការ​របស់​ជនជាតិ​​ដើម​ភាគ​តិច​មួយ​គ្រួសារ​រស់​នៅ​ភូមិ​លឺហន់ ឃុំ​កិចុង ស្រុក​បរកែវ ត្រូវ​បុគ្គលិក​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ឌី.អឹម.ហ្គ្រុប រុះរើ​ចោល​ដើម្បី​បណ្ដេញ​អ្នក​ភូមិ​ចេញ​ពី​ដី​ចម្ការ​នោះ។

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឌិន ខុន្នី ចាត់​ទុក​ករណី​នេះ​ថា ជា​​ការ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​ពលរដ្ឋ ជា​ពិសេស​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ លោក​ថា នេះ​ជា​តួនាទី និង​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌៖ «បើ​សិន​គាត់​ធ្វើ​អ៊ីចឹង​មាន​ន័យ​ថា គាត់​រំលោភ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ដែល​ចែង​ថា កម្មសិទ្ធិ​របស់​​បុគ្គល​ណា​មួយ​មិន​អាច​បុគ្គល​ណា​មួយ​ទៅ​រំលោភ​បំពាន​បាន​ទេ ជា​សិទ្ធិ​ផ្ដាច់មុខ​របស់​បុគ្គល​ហ្នឹង»

​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ឌី.អឹម.ហ្គ្រុប បាន​ទទួល​ដី​សម្បទាន​នៅ​តំបន់​ជិត​ភូមិ​លឺហន់ ច្រើន​ឆ្នាំ​មក​ហើយ​ ​បន្ទាប់​ពី​មាន​ជម្លោះ​ដីធ្លី​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​នោះ ទាក់ទិន​ការ​ឈូស​ឆាយ​ដី​ប៉ះពាល់​ដី​សហគមន៍​អភិរក្ស។ អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​មាន​ព្រំ​ប្រទល់​ដី​ត្រឹម​ខាង​កើត​អូរ។ ចំណែក​ដី​ខាង​លិច​​អូរ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ភូមិ​លឺហន់ បាន​កាប់​រាន​ដាំ​ដំឡូង និង​ធ្វើ​ចម្ការ​ស្វាយចន្ទី មាន​​ផ្លែផ្កា​រួច​ហើយ។

ប្រធាន​ភូមិ​លឺហន់ លោក សល់ ប្លាន ទទួល​ស្គាល់​ថា បុគ្គលិក​ក្រុមហ៊ុន​ពិត​ជា​អ្នក​រុះរើ​រោង​ចម្ការ​អ្នក​ភូមិ ដោយសារ​មិន​ចង់​ឲ្យ​អ្នក​ភូមិ​មាន​ចម្ការ​នៅ​ជាប់​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​ដែល​អាច​បង្ក​អគ្គីភ័យ​ឆេះ​ដើម​កៅស៊ូ​ក្រុមហ៊ុន។ លោក​ថា មេការ​ក្រុមហ៊ុន​បាន​សន្យា​នឹង​ជួប​ដោះស្រាយ​ផ្ដល់​សំណង​ជូន​​អ្នក​ភូមិ ក៏ប៉ុន្តែ​រហូត​ពេល​នេះ​​មិន​ឃើញ​មាន​ដំណោះស្រាយ​ទើប​អ្នកភូមិ​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន៖ «ខ្ញុំ​ប្រាប់​ហើយ​តើ​ថា ធ្វើ​អ៊ីចឹង​អត់​បាន​ទេ បើ​មាន​កិច្ច​ព្រមព្រៀង​ប្រគល់​ឲ្យ​បង​អាច​រុះ​បាន បើ​គេ​មិន​ទាន់​ព្រមព្រៀង​បង​ឯង​រុះ​វា​ខុស​ហើយ ទោះ​បី​យើង​មាន​អំណាច​ប៉ុណ្ណា​ក៏ដោយ យើង​គួរ​សួរ​ភូមិ ឃុំ ឬ​សួរ​ម្ចាស់​ចម្ការ​គេ​សិន»

​ដូច​គ្នា​នេះ​ដែរ មេ​ឃុំ​កិចុង លោក រចំ ឡៃ បញ្ជាក់​ដែរ​ថា អាជ្ញាធរ​មូលដ្ឋាន​ពិបាក​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​អ្នក​ភូមិ​បាន ដោយសារ​តែ​ក្រុមហ៊ុន​​មិន​ផ្ដល់​លទ្ធភាព​ក្នុង​ការ​ជួប​ដោះស្រាយ​បញ្ហា ហេតុ​នេះ​អាជ្ញាធរ​ឃុំ​សម្រេច​បញ្ជូន​ពាក្យ​ប្ដឹង​ពលរដ្ឋ​ជូន​អាជ្ញាធរ​ស្រុក​ដោះស្រាយ​បន្ត។ លោក​ថា ក្រុមហ៊ុន​នេះ​មិន​គោរព​តួនាទី​អាជ្ញាធរ​ដែន​​​ដី​នោះ​ទេ៖ «គេ​ប្ដឹង​មក​យើង​អ៊ីចឹង​ហើយ​ខ្ញុំ​ធ្លាប់​តែ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន ឌី.អឹម ហ្គ្រុប មិន​សូវ​ចេញ ខ្ញុំ​ចារ​ទៅ​ឲ្យ​ថ្នាក់​លើ​គេ​ដោះស្រាយ​ទៅ»

សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ ៨​គ្រួសារ​រស់​នៅ​ភូមិ​លឺហន់ ឲ្យ​ដឹង​ថា ក្រុមហ៊ុន ឌី.អឹម.ហ្គ្រុប មាន​​បំណង​បណ្ដេញ​អ្នក​ភូមិ ៨​គ្រួសារ​ដែល​មាន​ដី​ចម្ការ​ប្រមាណ ១០​ហិកតារ នៅ​ក្បែរ​ក្រុមហ៊ុន​ដើម្បី​យក​​ដី​នោះ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ឌី.អឹម.ហ្គ្រុប សុំ​បញ្ជាក់​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា។

ទាក់ទិន​ករណី​នេះ ប្រជាពលរដ្ឋ​ដែល​អះអាង​ថា ជា​ជនរងគ្រោះ លោក រចំ ទៀន បញ្ជាក់​ថា រោង​ចម្ការ​របស់​គាត់​ត្រូវ​កម្មករ​ក្រុមហ៊ុន​រុះរើ​រំលំ​ចោល​កាល​ពី​ដើម​ខែ​មីនា ខណៈ​គាត់ និង​កូន​ប្រពន្ធ​មក​ស្នាក់​នៅ​ក្នុង​ភូមិ​ក្រោយ​ពេល​ប្រមូល​ផល​ដំឡូង​រួច។ លោក​ចាត់​ទុក​ទង្វើ​នេះ​ជា​សកម្មភាព​រំលោភ​សិទ្ធិ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច ហេតុ​នេះ​ទើប​លោក​ដាក់​ពាក្យ​បណ្ដឹង​មក​អាជ្ញាធរ​ភូមិ ឃុំ​ដើម្បី​ជួយ​រក​យុត្តិធម៌។

លោក​បន្ត​ថា អ្នក​ភូមិ ៨​គ្រួសារ នឹង​បន្ត​ដាក់​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​តុលាការ ប្រសិន​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន​មិន​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ៖ «ក្រុមហ៊ុន​ទៅ​រំលោភ​យក​ដី​ទាំង​អស់ មិន​មែន​ឆ្លង​ប្រឡាយ​ឯ​ណា ម្នាក់​ម្ខាង​ប្រឡាយ ចេះ​តែ​ធ្វើ​ទៅ​វា​សល់​ដី»

​ទោះបីជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សិទ្ធិ​មនុស្ស លោក ឌិន ខុន្នី បញ្ជាក់​ថា មន្ត្រី​សិទ្ធិមនុស្ស​នឹង​ចុះ​ស្រាវជ្រាវ​ករណី​នេះ​ដល់​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​កំណត់​ហេតុ​ជាក់លាក់​ជួយ​អន្តរាគមន៍​បន្ថែម​​ជូន​ប្រជាពលរដ្ឋ​អ្នក​រង​គ្រោះ។ លើស​ពី​នេះ​ទៀត លោក​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​មក​ស្ថាប័ន​តុលាការ​ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ស៊ើប​អង្កេត​រឿង​ក្ដី​នេះ​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles