
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំឲ្យជប៉ុន ជួយគាំទ្រ និងបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា ដើម្បីតាមដានដំណើរការបោះឆ្នោតថ្នាក់ជាតិនៅពេលខាងមុខ។ រីឯអង្គការសង្គមស៊ីវិលយល់ថា សហគមន៍អន្តរជាតិ រួមមានជប៉ុន ជាដើម នឹងចូលរួមគាំទ្រការបោះឆ្នោតនៅកម្ពុជា ប្រសិនបើស្ថានភាពនយោបាយវិលទៅរកប្រក្រតីភាពវិញ។
ជំនួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយរដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន លោក កាហ្ស៊ូយូគី ណាកាណេ (Kazuyuki NAKANE) នៅព្រឹកថ្ងៃទី២៩ ខែមករា នោះ លោកស្នើសុំឲ្យភាគីជប៉ុន បន្តជួយ និងគាំទ្រដល់ការបោះឆ្នោតសកលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខ។
ទន្ទឹមគ្នានេះ លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) ថា លោកក៏បានស្នើសុំឲ្យបញ្ជូនអ្នកសង្កេតការណ៍ជប៉ុន មកចូលរួមសង្កេតការណ៍នៅថ្ងៃបោះឆ្នោតដែរ ដើម្បីឃ្លាំមើលការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែលជាដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្រៅពីប្រទេសជប៉ុន កាលពីថ្ងៃទី២៧ ខែមករា លោក ហ៊ុន សែន ក៏បានស្នើសុំឲ្យប្រទេសឥណ្ឌា ជួយបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមពិនិត្យតាមដានការបោះឆ្នោតនៅកម្ពុជាដែរ ដោយសារឥណ្ឌាជាប្រទេសប្រជាធិបតេយ្យដ៏ធំមួយ ដែលអាចវាយតម្លៃបានអំពីការបោះឆ្នោតនៅកម្ពុជា អំពីភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ការស្នើសុំនេះ ក្នុងពេលលោកទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ការបោះឆ្នោតនៅប្រទេសនៅនីមួយៗ គឺត្រូវការទទួលស្គាល់ពីអន្តរជាតិ ឬប្រទេសផ្សេងៗ។ លោកបន្ថែមថា ការស្នើសុំឲ្យមានការចូលរួមគាំទ្រ និងអ្នកសង្កេតការណ៍ពីប្រទេសជប៉ុន និង ឥណ្ឌានេះ គឺដោយសារស្ថានភាពនយោបាយកម្ពុជា មិនសូវល្អប្រសើរ។ ទោះយ៉ាងណាក្តី លោកនៅមិនទាន់អាចដឹងថា ប្រទេសជប៉ុន នឹងចូលរួមគាំទ្រដំណើរការបោះឆ្នោតកម្រិតណានោះទេ ព្រោះថា ប្រទេសជប៉ុន គឺមានជំហរប្រយ័ត្នប្រយែងបំផុត។ ចំណែកប្រទេសឥណ្ឌាវិញ មិនសូវបានចូលរួមការបោះឆ្នោតច្រើននោះទេកន្លងមក៖ «»។
ប្រទេសលោកសេរីមួយចំនួន ជាពិសេសនៅសហគមន៍អឺរ៉ុប បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើមន្ត្រីរដ្ឋាភិបាល ហើយផ្អាកជំនួយដល់ការបោះឆ្នោតផងដែរ ដោយសាររដ្ឋាភិបាលកម្ពុជា រំលោភសិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ខុសច្បាប់ ការរំលាយបក្សប្រឆាំង ការចាប់មេបក្សប្រឆាំងដាក់ពន្ធនាគារ ព្រមទាំងហាមមិនឲ្យមន្ត្រីបក្សប្រឆាំងជាង ១០០នាក់ ធ្វើនយោបាយទៀតផង។ នៅពេលថ្មីៗនេះ សមាជិកព្រឹទ្ធសភាអាមេរិក ពីខាងទាំង ២គណបក្ស គឺគណបក្សប្រជាធិបតេយ្យ និងពីខាងគណបក្សសាធារណរដ្ឋក៏បានបន្តស្វែងរកគំនាបបន្ថែមទៀត និងជំរុញទៅដៃគូ និងតំណាងនៃប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ដើម្បីធ្វើយ៉ាងណាអោយរដ្ឋាភិបាលកម្ពុជា ស្ដារស្ថានភាពនយោបាយនៅកម្ពុជា ឡើងវិញ៕