Clik here to view.

ចៅក្រមតុលាការសហព័ន្ធអាមេរិក អះអាងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិនអាចបណ្ដេញពលរដ្ឋខ្មែរចំនួន ៩២នាក់ចេញពីសហរដ្ឋអាមេរិក ដោយមិនផ្ដល់ឱកាសឲ្យពួកគេតវ៉ារឿងក្ដីតាមផ្លូវតុលាការនោះទេ។
កាលពីខែតុលា ឆ្នាំ២០១៧ អាជ្ញាធរអន្តោប្រវេសន៍របស់អាមេរិក បានបើកយុទ្ធនាការឆ្មក់ចាប់ខ្លួនពលរដ្ឋខ្មែរដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ និងខ្លះទៀតមានដីកាបណ្ដេញចេញជាច្រើនឆ្នាំមកហើយ។ ពលរដ្ឋខ្មែរទាំងនោះភាគច្រើនបានរត់គេចចេញពីរបបខ្មែរក្រហមកាលពីទសវត្សរ៍ទី៧០។
កាលពីថ្ងៃទី២៦ ខែមករា ចៅក្រម លោក ខូម៉ាក់ ខានី (Cormac Carney) នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) បានសម្រេចថា ករណីកាត់ទោស និងដីកាបណ្ដេញខ្លួនចេញពីអាមេរិក របស់ពលរដ្ឋខ្មែរទាំង ៩២នាក់កំពុងបង្កើតជាចម្ងល់ជាច្រើន។ លោក ខូម៉ាក់ ខានី លើកឡើងហេតុផលមួយថា រដ្ឋាភិបាលអាមេរិក ជាច្រើនឆ្នាំមកហើយបានសន្យាដោយមិនស្មោះត្រង់ថា ពលរដ្ឋខ្មែរដែលបានតវ៉ាការបណ្ដេញចេញនឹងត្រូវអនុញ្ញាតឲ្យស្នាក់នៅអាមេរិក ក្រោមការតាមដានរបស់សមត្ថកិច្ច។ ចៅក្រមស្តីបន្ទោសថា រដ្ឋាភិបាលអាមេរិក មិនត្រូវបង្កើតសេចក្តីរំពឹងថា ពលរដ្ឋខ្មែរដែលត្រូវចោទពីបទឧក្រិដ្ឋទាំងនោះ នឹងអាចអនុញ្ញាតឲ្យស្នាក់នៅអាមេរិកឡើយ។
កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជា បានប្រកាសមិនទទួលយកពលរដ្ឋខ្មែរដែលត្រូវបានបណ្ដេញពីអាមេរិក ប៉ុន្តែដោយសារតែអាមេរិក បានដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា មិនឲ្យជាន់ទឹកដីអាមេរិក ទើបរដ្ឋាភិបាលខ្មែរសុខចិត្តទទួលយកពលរដ្ឋខ្មែរដែលត្រូវបណ្ដេញចេញវិញ៕