Clik here to view.

បញ្ហារំលោភសិទ្ធិមនុស្ស និងរំលាយបក្សប្រឆាំងនៅកម្ពុជា នៅតែមិនទាន់មានដំណោះស្រាយនៅឡើយ ទោះបីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាល ហើយផ្អាកជំនួយដល់ការបោះឆ្នោតក៏ដោយចុះ។ នៅសប្ដាហ៍នេះ សមាជិកព្រឹទ្ធសភាអាមេរិក ពីខាងទាំង២គណបក្ស គឺគណបក្សប្រជាធិបតេយ្យ និងពីខាងគណបក្សសាធារណរដ្ឋ បានបន្តស្វែងរកគំនាបបន្ថែមទៀតដើម្បីធ្វើយ៉ាងណាអោយរដ្ឋាភិបាលកម្ពុជា ស្ដារស្ថានភាពនយោបាយនៅកម្ពុជា ឡើងវិញ។ មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចតែងតែចំអកថា យន្តការស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ជាយន្តការគ្មានប្រសិទ្ធភាព ទោះជាធ្វើឡើងដោយសហរដ្ឋអាមេរិក ក៏ដោយ។
មន្ត្រីនាំពាក្យរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច គឺលោក សុខ ឥសាន ថ្លែងនៅថ្ងៃទី២៦ មករា ថា កិច្ចប្រឹងប្រែងរបស់សមាជិកព្រឹទ្ធសភាអាមេរិក ដែលស្នើសុំទៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអង្គការសហប្រជាជាតិ ឲ្យបង្កើនសម្ពាធលើកម្ពុជា នឹងមិនមានប្រសិទ្ធភាពទេ។
លោក សុខ ឥសាន៖ «កន្លងទៅនេះ កូនស្រីលោក កឹម សុខា ហ្នឹង ក៏បានទៅប្រជុំជាមួយលោកស្រី ហាលី (Niki Haley) ទៅប្រជុំជាមួយអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិរបស់អាមេរិក ហើយនិងអចិន្ត្រៃយ៍អ៊ី.យូ (EU) ជាមួយគ្នាម្ដងហើយ កាលពីពីរខែមុន ចង់ឲ្យព្យួរអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ។ ខ្ញុំយល់ថា រាល់សំណើនេះ មិនសម្រេចលទ្ធផលទេ ពីព្រោះវាផ្ទុយអំពីខ្លឹមសារនៃធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ដែលណែនាំមិនឲ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិហ្នឹង»។
សេចក្ដីថ្លែងនេះគឺជាការឆ្លើយតបទៅក្រុមសមាជិកព្រឹទ្ធសភាអាមេរិក ដែលកាលពីថ្ងៃទី២៤ ខែមករា បានសរសេរលិខិតដាក់ទៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអង្គការសហប្រជាជាតិ គឺអ្នកស្រី នីគី ហាលី (Niki Haley) ដើម្បីឲ្យបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ចំពោះការរំលោភសិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ខុសច្បាប់ ការរំលាយបក្សប្រឆាំង ការចាប់មេបក្សប្រឆាំងដាក់ពន្ធនាគារ ព្រមទាំងហាមមិនឲ្យមន្ត្រីបក្សប្រឆាំងជាង ១០០នាក់ ធ្វើនយោបាយទៀតផង។
សមាជិកព្រឹទ្ធសភាទាំងនេះ ក៏សង្កត់ធ្ងន់ថា អាជ្ញាធរកម្ពុជា បានកាត់ទោសថ្នាក់ដឹកនាំបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ៣៥នាក់ ដោយមិនស្របតាមបទដ្ឋានអន្តរជាតិសោះ។
ទាក់ទងបញ្ហាគណបក្សប្រឆាំង ត្រូវបានលោក សុខ ឥសាន ការពារថា ជាការអនុវត្តច្បាប់ព្រហ្មទណ្ឌ ដែលចោទលោក កឹម សុខា ពីបទសន្ទិដ្ឋភាព ឬភាពត្រូវរ៉ូវគ្នាជាមួយបរទេសបង្កអំពើប្រទូសរ៉ាយមកដល់ប្រទេសជាតិខ្លួនឯង ហើយមិនមែនជាការគាបសង្កត់បក្សប្រឆាំងទេ៖ «អាហ្នឹងគឺរាជរដ្ឋាភិបាលលោកអនុវត្តតែផ្លូវច្បាប់ទេ។ ប៉ុន្តែបើសិនណាគណបក្សប្រឆាំង ឬមេបក្សប្រឆាំងមិនមានប្រព្រឹត្តបទល្មើសទេ វាអត់មានហេតុផលណាត្រូវតុលាការកំពូលរំលាយគណបក្សប្រឆាំងហ្នឹងចោលទេ ឬមួយក៏រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចមិនមានហេតុផល ឬមួយមូលដ្ឋានណាចាប់ឯកឧត្ដម កឹម សុខា មកដំណើរការនីតិវិធីតាមគោលការណ៍ច្បាប់ទេ។ អាហ្នឹងវាមានបញ្ហាអ៊ីចឹង»។
លិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិកបន្តទៀតថា ការវាយប្រហារទូទៅរបស់រដ្ឋាភិបាលកម្ពុជា លើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គឺកំពុងតែបង្ហាញពីការវាយប្រហារដែលមិនធ្លាប់មានលើប្រជាធិបតេយ្យដែលកំពុងដុះពន្លក និងផុយស្រួយរបស់កម្ពុជា។ ហេតុផលទាំងនេះហើយ ទើបយើងអំពាវនាវឲ្យអ្នកស្រីអំពាវនាវឲ្យបានខ្លាំងក្លាដល់ដៃគូ និងសម្ព័ន្ធមិត្តរបស់យើងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកអំពីបញ្ហាទាំងនេះនៅឯសន្និបាតរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងពេលខាងមុខនេះ។ លើសពីនេះទៀត សមាជិកព្រឹទ្ធសភាអាមេរិក ស្នើសុំអ្នកស្រីពិភាក្សាជាមួយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីកម្ពុជា និងតំណាងអង្គការសង្គមស៊ីវិលផង។ សមាជិកព្រឹទ្ធសភាអាមេរិក នៅក្នុងសន្និសីទពិសេសនេះ ក៏ទទូចឲ្យអ្នកស្រីធ្វើការជាមួយរដ្ឋាភិបាលនានា ឲ្យចេញសេចក្ដីសម្រេចចិត្តខ្លាំងក្លាមួយដែលដាក់ប្រកាសអំពីរដ្ឋាភិបាលកម្ពុជា នៅលើវេទិកាអន្តរជាតិ។
ក្នុងលិខិតរបស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក ចំនួន ៧រូប ដែលដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក បិន ខាឌីន (Ben Cardin) ដែលស្នើសុំទៅអ្នកស្រី នីគី ហាលី ឲ្យប្រើប្រាស់ឥទ្ធិពលការិយាល័យរបស់អ្នកស្រី និងយន្តការអង្គការអន្តរជាតិ ដាក់រដ្ឋាភិបាលកម្ពុជា អោយនៅឯកោដើម្បីកុំឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទទួលបានភាពស្របច្បាប់ចេញពីការបោះឆ្នោតដោយមិនសេរី និងមិនយុត្តិធម៌នៅខែកក្កដា ខាងមុខនេះ។ សមាជិកព្រឹទ្ធសភាក៏ស្វាគមន៍ចំពោះសេចក្ដីថ្លែងការណ៍របស់សេតវិមាន ដែលផ្ដាច់ជំនួយដល់ គ.ជ.ប កាលពីខែវិច្ឆិកា ឆ្នាំ២០១៧៕