Clik here to view.

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរបង្កើតចលនាសង្គ្រោះជាតិ ជាផ្លូវការនៅចុងខែមករា ខាងមុខនេះ បើទោះបីជាមានការគំរាមកម្ទេចចោលពីមេទ័ពនៃរដ្ឋាភិបាលលោក ហ៊ុន សែន យ៉ាងណាក្តី។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់ថា ចលនាសង្គ្រោះជាតិ បង្កើតឡើងដើម្បីបំផុសសកម្មភាពថ្មី បេសកកម្មថ្មី របស់គណបក្សប្រឆាំង សំដៅរំដោះគណបក្សសង្គ្រោះជាតិ ឲ្យបានចូលរួមបោះឆ្នោតនៅពេលខាងមុខ។
ថ្លែងនៅក្នុងវេទិកាអ្នកស្តាប់អាស៊ីសេរី កាលពីយប់ថ្ងៃអង្គារ ទី២៣ មករា លោកពន្យល់ថា បើគណបក្សប្រឆាំងមិនធ្វើអ្វីថ្មី ឬរកយុទ្ធសាស្ត្រថ្មីនោះទេ នោះអ្នកប្រជាធិបតេយ្យនឹងមិនមានកម្លាំងតទល់ជាមួយរបបផ្ដាច់ការ រំលោភសិទ្ធិមនុស្សរបស់លោក ហ៊ុន សែន បានទេ៖ «អ៊ីចឹង តើយើងអាចឱបដៃដេកចាំឥសីមកប្រោសគណបក្សសង្គ្រោះជាតិ ឲ្យរស់ឡើងវិញនោះ ឬក៏យ៉ាងណា...? បើយើងនៅស្ងៀមតើលោក ហ៊ុន សែន ព្រមប្រគល់សេរីភាពឲ្យយើងទេ…? ក្រោយលោក កឹម សុខា ត្រូវគេចាប់ដាក់ពន្ធនាគារ គណបក្សសង្គ្រោះជាតិ ត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយចោល កម្លាំងយើងរប៉ាត់រប៉ាយ ដូច្នេះយើងត្រូវរកវិធីប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យឡើងវិញ»។
ចលនាសង្គ្រោះជាតិ គឺជាចលនាថ្មីមួយដែលផ្ដួចផ្ដើមឡើងដោយអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធានបក្ស រួមទាំងសមាជិកមួយចំនួនទៀត កាលពីពេលថ្មីៗនេះ ហើយចលនាថ្មីនេះ នឹងប្រកាសបង្កើតជាផ្លូវការនៅថ្ងៃទី២៨ ខែមករា នៅទីក្រុងឡុងប៊ិច។ លោក សម រង្ស៊ី ក៏បានព្យាយាមពន្យល់ទៅកាន់សមាជិកពលរដ្ឋនៅក្រៅប្រទេស និងក្នុងប្រទេសឲ្យយល់ពីវត្ថុបំណងនៃចលនាថ្មីនេះ គឺដើម្បីជ្រោមជ្រែងជួយស្តារលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យដោះលែង លោក កឹម សុខា និងឲ្យគណបក្សសង្គ្រោះជាតិ បានចូលរួមការបោះឆ្នោតសកលឆ្នាំ២០១៨។
លោក សម រង្ស៊ី បានអំពាវនាវឲ្យសមាជិក និងអ្នកគាំទ្របក្សប្រឆាំងចូលរួមជាសម្ងាត់ និងអហិង្សាជាមួយចលនាថ្មីមួយនេះ ហើយលោកបានបញ្ជាក់ពីគោលបំណងរបស់ចលនាថ្មីនេះ មិនខុសពីលោក អេង ឆៃអ៊ាង ពន្យល់នៅពេលនេះឡើយ។
អនុប្រធានបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង តាមរយៈវេទិកាអ្នកស្ដាប់អាស៊ីសេរី កាលពីយប់ថ្ងៃអង្គារ ទី២៣ មករា លោកបានពន្យល់ពីវិធីសាស្ត្រជាច្រើនក្នុងការចូលរួមជាសម្ងាត់ និងដោយសន្តិវិធីជាមួយចលនាថ្មីមួយនេះ មានដូចជាពហិការមិនទិញទំនិញ ឬគាំទ្រមុខជំនួញទាំងឡាយណាដែលជារបស់ក្រុមហ៊ុនមួយចំនួនរបស់ក្រុមគ្រួសារមន្ត្រីធំៗពុករលួយ ឬរបស់ក្រុមគ្រួសារមេដឹកនាំរដ្ឋាភិបាលផ្ដាច់ការ លោក ហ៊ុន សែន៖ «ពួកកាន់អំណាចផ្ដាច់ការ គឺមានមុខជំនួញរកស៊ីច្រើនណាស់ ដោយកាកេងប្រវ័ញ្ច ជញ្ជក់ឈាមប្រជាពលរដ្ឋខ្មែរ អ៊ីចឹងបើបងប្អូនទាំងអស់គ្នាឈប់ទិញរបស់ពួកជនផ្ដាច់ការ នោះហើយជាការចូលរួមចំណែកជួយសង្គ្រោះជាតិ យើងពីរបបជនផ្ដាច់ការ ជួយឲ្យមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា... ជាការចូលរួមដោយអហិង្សា»។
ប្រតិកម្មភ្លាមៗ ទៅការអំពាវនាវរបស់លោក អេង ឆៃអ៊ាង នោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រិះគន់ថា ការឱ្យក្រុមហ៊ុនអន្តរជាតិឈប់ទិញទំនិញកម្ពុជា គឺសកម្មភាពប្រឆាំងនឹងប្រជាជនខ្មែររាប់លាននាក់។
បណ្ដាញព័ត៌មានក្នុងស្រុកដែលជាឧបករណ៍បំពងសំឡេងរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ បានស្រង់សម្ដីលោក ហោ ណាំហុង ថា ការអំពាវនាវរបៀបនេះគឺជាអំពើក្បត់ជាតិមួយទៀតរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង។ លោកក៏បានលើកជាសំណួរថា ក្នុងលោកនេះ ក្នុងសង្គមប្រជាធិបតេយ្យផ្សេងទៀត តើមានគណបក្សប្រឆាំងណាគេធ្វើរបៀបនេះ...?
ចំណែកបញ្ហាផ្ទៃក្នុងនៃគណបក្សប្រឆាំងខ្លួនឯងវិញ ក៏កំពុងមានបញ្ហាខ្វែងគំនិតគ្នាខ្លះដែរ។ មានមន្ត្រី និងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួនមិនទាន់គាំទ្រចលនាថ្មីនេះនៅឡើយ ដោយលើកទឹកចិត្តឲ្យសកម្មភាព ឬយុទ្ធសាស្ត្រអ្វីមួយត្រូវជ្រកក្រោមស្លាកគណបក្សសង្គ្រោះជាតិ និងព្រមានថា សូមកុំឲ្យភ្លេចដើមកំណើតដើមរបស់គណបក្សសង្គ្រោះជាតិ។
អ្នកខ្លះព្រមានថា បើនៅតែចចេសបង្កើតចលនាផ្សេង ក្រៅពីរួមគ្នាធ្វើសកម្មភាពក្នុងគណបក្សសង្គ្រោះជាតិនោះ បក្សនេះនឹងជួបការបែកបាក់ធ្ងន់ធ្ងរតាមក្តីប្រាថ្នារបស់គណបក្សកាន់អំណាចជាមិនខាន។
ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលលោក ហ៊ុន សែន បានហៅចលនាសង្គ្រោះជាតិនៅក្រៅប្រទេសនោះថា ជាចលនាឧទ្ទាមក្រៅច្បាប់ និងត្រៀមកម្ទេចចោល ទោះទៅតម្លៃណាក៏ដោយ។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ព្រមានថា យោធារបស់លោកនឹងកម្ទេចចលនាសង្គ្រោះជាតិ ចោលតែម្ដង ប្រសិនបើចលនានោះមានវត្តមាននៅកម្ពុជា។
ការអះអាងរបស់លោក ទៀ បាញ់ ធ្វើឡើងចំពោះមុខថ្នាក់ដឹកនាំកងរាជអាវុធហត្ថនៅក្នុងសន្និបាតការងារប្រចាំឆ្នាំរបស់កងរាជអាវុធហត្ថ ឆ្នាំ២០១៧ និងលើកទិសដៅបន្តទៅមុខទៀត កាលពីថ្ងៃអង្គារ ទី២៣ ខែមករា។ លោកបន្តទៀតថា ប្រសិនទង្វើរបស់ចលនាសង្គ្រោះជាតិ ជាអំពើខុសច្បាប់ ទោះត្រូវការប្រើកម្លាំងប៉ុន្មាន ឬមធ្យោបាយណាក៏ដោយ មិនថាប្រើយន្តហោះ ឬប្រើកាំភ្លើងធំទេ គឺត្រូវប្រើទាំងអស់។ ចំណែកលោក សៅ សុខា ដែលជាអគ្គមេបញ្ជាការរងយោធា និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាក់ថា កងរាជអាវុធហត្ថបានត្រៀមលក្ខណៈជានិច្ចដើម្បីបង្ក្រាបរាល់បទល្មើសទាំងអស់ដែលខុសច្បាប់ដើម្បីរក្សាសន្តិភាព និងសន្តិសុខសណ្ដាប់ធ្នាប់។
ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ កាលពីថ្ងៃច័ន្ទ ទី២២ ខែមករា ក៏បានព្រមានធ្ងន់ៗដែរថា ជនទាំងឡាយណាដែលចូលរួម ឬមានការពាក់ព័ន្ធនឹងចលនាសង្គ្រោះជាតិ នឹងមិនអាចរួចខ្លួនឡើយ។
ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន កាលពីថ្ងៃទី២២ ខែមករា បានដកស្រង់សម្ដីលោក ខៀវ សុភ័គ ចុះផ្សាយថា សមត្ថកិច្ចកំពុងប្រមូលភស្តុតាង និងឯកសារពាក់ព័ន្ធចំពោះអ្នកចូលរួមជាមួយចលនាសង្គ្រោះជាតិថ្មីនេះដើម្បីចាត់វិធានការ។
លោក អេង ឆៃអ៊ាង ថ្លែងថា ការគំរាមកំហែងបែបនេះ គឺជាវប្បធម៌របស់បក្សកាន់អំណាច ប៉ុន្តែមិនអាចធ្វើឲ្យប្រជាធិបតេយ្យរុញរាក្នុងការទាមទារសេរីភាព និងយុត្តិធម៌សង្គមនោះបានឡើយ។
លោកបញ្ជាក់ថា ចលនាសង្គ្រោះជាតិ ដែលនឹងកើតឡើងជាផ្លូវការនៅពេលខាងមុខនេះ ហើយនៅតែតម្កល់ផលប្រយោជន៍សម្រាប់ប្រទេសជាតិ ប្រជាពលរដ្ឋ ហើយលោក កឹម សុខា នៅតែជាប្រធានគណបក្សសង្គ្រោះជាតិ។ លោក អេង ឆៃអ៊ាង អះអាងជាថ្មីថា លោក កឹម សុខា និងលោក សម រង្ស៊ី នៅតែនិមិត្តរូបនៃការរួបរួមកម្លាំងប្រជាធិបតេយ្យដ៏ធំមួយដើម្បីសង្គ្រោះជាតិ ទាមទារយកប្រជាធិបតេយ្យពីរបបផ្ដាច់ការឲ្យបាន៕