Clik here to view.

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាថ្មីថា ការបោះឆ្នោតព្រឹទ្ធសភានិងបោះឆ្នោតសកលនឹងប្រព្រឹត្តទៅតាមការកំណត់ ទោះបី លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនពន្យារពេលបោះឆ្នោតនោះទេ កម្ពុជាអាចផ្ទុះឡើងនូវអំពើហិង្សា។ លោក ហ៊ុន សែន សរសេរក្នុងសារលើទំព័រ (Facebook) របស់លោកផង និងថ្លែងសារជាសាធារណៈផង នៅថ្ងៃព្រហស្បតិ៍ ទី១៨មករា នេះថា ការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា ថ្ងៃ២៥ កុម្ភៈ និងការបោះឆ្នោតជ្រើសសមាជិករដ្ឋសភា ថ្ងៃ២៩ កក្កដា ២០១៨ បានកំណត់រួចហើយ មិនមានអ្វីផ្លាស់ប្ដូរនោះទេ។
លោក ហ៊ុន សែន បញ្ជាក់ម្ដងទៀតថា មិនថាគ្មានបក្សប្រឆាំង ឬរងការថ្កោលទោស ឬមិនទទួលស្គាល់ការបោះឆ្នោត ពីសហគមន៍អន្តរជាតិ យ៉ាងណានោះទេ កម្ពុជាក្រោមការដឹកនាំរបស់លោក នៅតែមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលកំពុងដើរទៅមុខ ហើយលោកប្ដូរផ្ដាច់បន្តរក្សាស្ថានភាពបែបនេះ ឲ្យនៅគង់វង្សតរៀងទៅ៖ «បើទោះបីជាមានហេតុការណ៍អ្វីកើតឡើងក៏ដោយ ការបោះឆ្នោតនេះ ត្រូវតែធ្វើឱ្យខាងតែបាន។ ការបោះឆ្នោតមួយតម្រូវឱ្យប្រជាជនកម្ពុជាជាអ្នកចូលរួមបោះឆ្នោត ហើយមិនមានតម្រូវការឱ្យប្រធានាធិបតីនៃប្រទេសណាមួយ ឬក៏អគ្គលេខាអង្គការសហប្រជាជាតិឬ ក៏ក្នុងក្របខ័ណ្ឌយន្តការពហុភាគីទទួលស្គាល់ការបោះឆ្នោតនេះទេ»។
កាលពីថ្ងៃពុធ ទី១៧ ខែមករា លោក សម រង្ស៊ី តាមរយៈបណ្ដាញសង្គមទ្វីធឺ (tweeter) របស់លោក បានដាក់សំណើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពន្យារពេលបោះឆ្នោតខែកក្កដា ខាងមុខ រហូតដល់លោក និងលោក ហ៊ុន សែន អាចធានាបានថា ការបោះឆ្នោតនៅពេលខាងមុខយ៉ាងហោចណាស់ក៏អាចមានលក្ខណៈអប្បបរមាតាមស្តង់ដារអន្តរជាតិដែរ ដើម្បីជៀសវាងអំពើហិង្សា និងការមិនទទួលស្គាល់កម្ពុជា ពីសំណាក់សហគមន៍អន្តរជាតិ។ លោក សម រង្ស៊ី មិនបានបញ្ជាក់លំអិតពីការផ្ទុះឡើងនៃអំពើហិង្សានោះទេ។ សំណើរបស់លោក សម រង្ស៊ី នៅពេលនេះ ធ្វើឡើងក្រោយប៉ុន្មានថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីលោក និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជាច្រើននាក់ទៀត បានបង្កើតចលនាសង្គ្រោះជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីទាមទារការដោះលែងលោក កឹម សុខា អ្នកទោសមនសិការ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
ទោះបីសហគមន៍អន្តរជាតិ រួមមាន អាមេរិក និងសហគមន៍អឺរ៉ុប បានដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា និងផ្អាកជំនួយការបោះឆ្នោតក្តី ពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិ មិនទាន់ហ៊ានងើបឡើងប្រឆាំងការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ នៅឡើយទេ។
មន្ត្រីនាពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ត្រូវបានទីភ្នាក់ងារ រ៉យទ័រ (Reuters) ដកស្រង់សម្ដីថា លោក សម រង្ស៊ី កំពុងបង្កើតបរិយាកាសភ័យខ្លាច។ លោកបញ្ជាក់ថា កម្ពុជាមិនចាំបាច់ពន្យារពេលនៃការបោះឆ្នោតនោះទេ។
សហរដ្ឋអាមេរិក បានគំរាមហើយថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនស្តារស្ថានភាពបច្ចុប្បន្នឲ្យវិលទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញនោះទេ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មទៅលើមន្ត្រីកម្ពុជា ណាដែលបានចូលរួមសម្លាប់លទ្ធិប្រជាធិបតេយ្យបន្ថែមទៀត៕