Clik here to view.

មេធាវីការពារក្ដីឱ្យអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូប បានបន្តដាក់ពាក្យប្ដឹងសុំឱ្យតុលាការប្រគល់វត្ថុដែលបានដកហូត កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ សម្ភារៈទាំងនោះ រួមមាន ទូរស័ព្ទដៃចំនួន៤គ្រឿង កុំព្យូទ័រមួយចំនួន កាមេរ៉ា និងសម្ភារៈមួយចំនួនទៀត។ នេះជាបណ្ដឹងលើកទី២ហើយ ដែលមេធាវីរូបនេះ បានស្នើសុំនៅក្នុងសំណុំរឿងក្ដីនេះ ក្រោយពីលោកបានដាក់ពាក្យស្នើសុំលើកទី១ កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៧។
មេធាវីការពារក្ដីឱ្យលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ គឺលោក កែវ វ៉ាន្នី បានឱ្យអាស៊ីសេរីដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ មករាថា មូលហេតុដែលលោកបន្តដាក់ពាក្យស្នើសុំ ដោយសារតែចៅក្រមស៊ើបសួរ មិនព្រមប្រគល់សម្ភារៈដែលបានចាប់យកឱ្យកូនក្តីទាំងពីររបស់លោកវិញ។ លោកមេធាវីឱ្យដឹងបន្តថា គ្មានហេតុផលណាមួយដែលតុលាការត្រូវទុកសម្ភារៈរបស់កូនក្ដីលោកឡើយ ដោយហេតុថា របស់របរទាំងនោះមិនមែនជាវត្ថុជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតទៀតឡើយ។
អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទលួចផលិត ព័ត៌មានបញ្ជូនមករដ្ឋធានីវ៉ាស៊ីនតោន តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ។ អ្នកទាំងពីរអាចប្រឈមមុខជាប់ពន្ធនាគារពី ៧ ទៅ ១៥ឆ្នាំ។ អ្នកទាំងពីរត្រូវបានចៅក្រមតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧។
លោក កែវ វ៉ាន្នី កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ មករា ក៏បានទៅជួបកូនក្តីទាំងពីររបស់លោកនៅពន្ធនាគារ ដើម្បីជម្រាបជូនព័ត៌មានទាំងនេះ ព្រមទាំងសួរសុខទុក្ខកូនក្តីលោកផងដែរ។ លោកឱ្យដឹងបន្តថា លោក អ៊ួន ឈិន នៅតែប្រឈមនឹងបញ្ហាសុខភាព ដោយលោកឈឺភ្នែក និងកើតជំងឺរមាសពេញខ្លួន។ បើទោះបីជាមន្ត្រីអនុរក្សពន្ធនាគារឱ្យថ្នាំប្រើប្រាស់ក៏ដោយ ក៏ស្ថានភាពជំងឺនេះមិនធូរស្បើយឡើយ។
អ្នកច្បាប់ជាតិ និងអង្គការអន្តរជាតិអះអាងថា ការចោទប្រកាន់ ការឃុំខ្លួន លើអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីជាការចោទប្រកាន់គ្មានមូលដ្ឋាន និងអយុត្តិធម៌។ មកទល់ថ្ងៃសុក្រ ទី១៩ ខែមករានេះ ចូលថ្ងៃទី៦៧ហើយ ដែលតុលាការបានឃាត់ និងឃុំខ្លួនអ្នកទាំងពីរ៕