Quantcast
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​ថាអាជ្ញាធរ​កោះកុង​គ្មាន​ចេតនា​ដោះស្រាយ​រឿង​បណ្ដេញ​ពលរដ្ឋ

Image may be NSFW.
Clik here to view.

សង្គម​ស៊ីវិល និង​ពលរដ្ឋ​នៅ​ស្រុក​បុទុមសាគរ ចោទ​អាជ្ញាធរ​ខេត្ត​ខេត្ត​កោះកុង​ថា មិន​មាន​ចេតនា​ដោះស្រាយ​ជម្លោះដីធ្លី ជូន​ពួកគាត់​នោះ​ទេ បន្ទាប់​ពី​បាន​រុះរើ និង​កាប់​បំផ្លាញ​ផ្ទះ​ពួកគេ​អស់​ប្រមាណ ៤០​ខ្នង កាលពី​ចុង​សប្ដាហ៍​មុន។ ការ​លើក​ឡើង​នេះ បន្ទាប់ពី​មន្ត្រី​អង្គការ​លីកាដូ (Licadho) និង​មន្ត្រី​សមាគម​អាដហុក (Adhoc) បាន​ចូល​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​កោះកុង ក្នុង​សាលា​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករា។

អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា ក្នុង​ជំនួប​ជាមួយ​អភិបាលរង​ខេត្ត​ទទួលបន្ទុក​ដោះស្រាយ​ដីធ្លី លោក អន ភារៈ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករា គឺ​បាន​បង្ហាញ​ក្តី​កង្វល់ និង​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​៤០​គ្រួសារ ដែល​រង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នៅ​ចំណុច​កំពង់ភ្លូ ឃុំ​អណ្តូង​ទឹក ស្រុក​បុទុមសាគរ ចាប់​តាំង​ពី​ថ្ងៃ​ទី១២ ខែ​មករា។

លោក អ៊ិន គង់ជិត បង្ហាញ​ក្តី​កង្វល់​ថា ពេលនេះ​ពលរដ្ឋ​គ្មាន​ស្បៀងអាហារ គ្មាន​ទីជម្រក និង​គ្មាន​ដី​បង្ក​បង្កើន​ផល​ឡើយ ដែល​អាជ្ញាធរ​គួរតែ​មាន​ដំណោះស្រាយ​ជាបន្ទាន់៖ «យើង​បាន​បង្ហាញ​ក្តី​កង្វល់​នេះ។ ការ​ដែល​បណ្ដេញ​ពលរដ្ឋ​ចេញ​ទាំង​បង្ខំ​គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស។ អាជ្ញាធរ​គួរ​តែ​មាន​អ្វី​ជា​ដំណោះស្រាយ​មុន អោយ​គាត់​ចាក​ចេញ​ដោយ​សុវត្ថិភាព»

ក្រោយ​បង្ហាញ​ក្ដី​កង្វល់ និង​ស្នើសុំ​ដំណោះស្រាយ​នោះ លោក អ៊ិន គង់ជិត ឲ្យ​ដឹង​ថា លោក​អភិបាល រង​ខេត្ត​កោះកុង បាន​ចោទ​ពលរដ្ឋ​ទាំង​៤០​គ្រួសារ​ថា រស់នៅ​លើ​ដី​ដែល​ជា​ចំណែក​នៃ​តំបន់​ការពារ ហើយ​ពួកគេ​ប្រព្រឹត្ត​បទល្មើស​បរបាញ់​សត្វ និង​រកស៊ី​កាប់​ឈើ។ លោក អ៊ិន គង់ជិត ថា​ការ​លើក​ឡើង​របស់​អាជ្ញាធរ​បែបនេះ គឺ​គ្រាន់តែ​ជា​លេស​ដោះ​សារ ព្រោះថា​ទីនោះ មាន​មន្ត្រី​ឧទ្យានុរក្ស​ដើរ​ល្បាត​រាល់ថ្ងៃ ដូច្នេះ​ពលរដ្ឋ​មិន​អាច​ប្រព្រឹត្ត​បទល្មើស​បានទេ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បន្ថែម​ថា ក្នុង​ជំនួប​នោះ អាជ្ញាធរ​ខេត្ត​កោះកុង ក៏​សន្យា​ថា នឹង​ស្នើសុំ​ទៅ ក្រសួង​បរិស្ថាន​ដើម្បី​កាត់​ឆ្វៀល​ដី ទំហំ​៦រយក​ហិកតារ​ចែក​ជូន​ពលរដ្ឋ​អត់​ដី​ពិតប្រាកដ តែ​លោក​ពុំ សូវ​មាន​ជំនឿ​ឡើយ៖ «រឿង​កាត់​ឆ្វៀល​ដី​នេះ គឺ​តាំង​ពី​គាត់​នៅ​ជា​អភិបាល​ស្រុក​បុទុមសាគរ ជាង​មួយ​ឆ្នាំ​មុន​មក​ម្ល៉េះ តែ​​វា​អត់​ឃើញ​ជា​លទ្ធផល។ ខ្ញុំ​សង្កេត​ឃើញ​ថា ក្រសួង​បរិស្ថាន ប្រគល់​ដី​ទៅ​អោយ​ក្រុមហ៊ុន​ដែល​​នៅ​កៀន​នោះ គឺ​មិន​យូរ​ទេ គឺ​បាន​ភ្លាម​តែម្ដង​ទំហំ​ជាង ៤​ពាន់​ហិកតារ។ សូម​អោយ​គាត់​ស្នើ​សុំ​ដី​ពី​ក្រសួង​បរិស្ថាន អោយ​បាន​ឆាប់​ដើម្បី​ចែក​ដី​ជូន​ដល់​ពលរដ្ឋ»

អភិបាល​រង​ខេត្ត​ទទួលបន្ទុក​ដោះស្រាយ​ដីធ្លី លោក អន ភារៈ បដិសេធ​មិន​ឆ្លើយ​ជាមួយ​អាស៊ីសេរី តាម​ទូរស័ព្ទ​ឡើយ។ ចំណែក​អភិបាល​ខេត្ត​កោះកុង​លោកស្រី មិថុនា ភូថង ប្រាប់​ថា រវល់​ក្នុង​កម្មវិធី និង​បង្វែរ​ឲ្យ​ទៅ​សួរ​អភិបាលរង​ខេត្ត​វិញ។

ក្រុម​អ្នកភូមិ អះអាង​ថា កាលពី​ថ្ងៃ​ទី​១២ ខែ​មករា អភិបាលរង​ស្រុក​បុទុមលោក សួន ស៊ីថា និង​នាយក​ឧទ្យាន​ជាតិ​បុទុមសាគរ លោក អឹង វុន្នី បាន​ដឹកនាំ​កម្លាំង​ចំរុះ​ប្រមាណ ៣០​នាក់ បាន យក​ម៉ាស៊ីន​ត្រង់​ស៊ីន័រ​ទៅ​កាត់​រំលំ​ផ្ទះ និង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន​ចំនួន ៤០​គ្រួសារ នៅ​ចំណុច​កំពង់ភ្លូ ឃុំ​អណ្តូង​ទឹក ស្រុក​បុទុមសាគរ។

តំណាង​ពលរដ្ឋ​គឺ​លោក ជុំ ជុន រៀបរាប់​ថា ពលរដ្ឋ​ហាក់​អស់សង្ឃឹម​ទៅលើ​សាគរ អាជ្ញាធរ ដោយសារ​មក ដល់​ពេល​នេះ មិន​បាន​ចុះ​ជួប​និង​ដោះស្រាយ​ជូន​ពួកគាត់​ឡើយ​ភ្លាមៗ​ឡើយ៖ «ប្រជាពលរដ្ឋ​ចង់​រក​ដំណោះស្រាយ តែ​រដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​ថ្នាក់​ខេត្ត ស្រុក ឃុំ ធ្វើ​ព្រងើយកន្តើយ​ជាមួយ​ប្រជាពលរដ្ឋ»

ថ្វី​ដ្បិត​នៅ​តំបន់​នោះ អាជ្ញាធរ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រស់នៅ និង​បាន​បណ្ដេញ​ពលរដ្ឋ ចាកចេញ ដោយ​លើក​ហេតុផល​ថា ជា​តំបន់​ឧទ្យានជាតិ​ក្ដី ប៉ុន្តែ រដ្ឋាភិបាល​បានសម្រេច​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​ឧទ្យាន​ជាតិ​ឲ្យ​ក្រុមហ៊ុន​ចិន​ធំៗ​ចំនួន​ពីរ​គឺ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ យូញៀន មាន​ផ្ទៃដី​ទំហំ​ជិត ៤​ម៉ឺន​ហិកតារ។ រីឯ​ក្រុមហ៊ុន​ស៊ីណូ ម៉ិចហ្ស៊ីម (SINOMEXIM) ទំហំ ៤​ពាន់​២​រយ​ហិកតារ។

 

ពលរដ្ឋ​ដែល​រង​ការ​បណ្ដេញ​ចេញ​អះអាង​ថា ពេលនេះ ពួកគាត់​កំពុង​ជួប​ការ​លំបាក​គ្រប់បែប​យ៉ាង ទាំង​គ្មាន​ទីជម្រក និង​គ្មាន​ដីស្រែ​ចម្ការ​សម្រាប់​ផលិត​ស្បៀងអាហារ​ចិញ្ចឹមជីវិត​ឡើយ។ ពួកគាត់ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ជាបន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles