Clik here to view.

ក្រសួងព័ត៌មានដាក់កំហិតឲ្យវិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា FM102 MHz បញ្ឈប់ជួលម៉ោងផ្សាយបន្តទៅឱ្យអ្នកស្ថាប័នដទៃ នៅតាមបណ្ដាខេត្តនានា។
លិខិតរបស់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខា ដោយ លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ផ្ញើជូន អ្នកស្រី ជា ស៊ុនដាណែត ជានាយិកាស្ថានីយវិទ្យុស្ត្រី FM102 MHz ឲ្យបញ្ឈប់ការជួលហ្វ្រេកង់របស់ខ្លួនឲ្យទៅអ្នកដទៃ ដោយមិនមានច្បាប់អនុញ្ញាត។
នៅក្នុងលិខិតដដែលនោះ បានបញ្ជាក់ទៀតថា ក្រសួងព័ត៌មាន បានផ្តល់ហ្វ្រេកង់ឲ្យវិទ្យុ FM102 MHz ទៅឲ្យ អ្នកស្រី ជា ស៊ុនដាណែត ដើម្បីប្រើប្រាស់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែអ្នកស្រីបានយកហ្វ្រេកង់វិទ្យុ FM102 MHz និងហ្វ្រេកង់ផ្សាយបន្តតាមខេត្ត ទៅជួលបន្តដោយបំពានលើប្រកាសរបស់ក្រសួង។
ក្រសួងថា ដើម្បីបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ ហើយប្រសិនបើលោកស្រី ជា ស៊ុនដាណែត ចង់ជួលអាជ្ញាប័ណ្ណហ្វ្រេកង់ឲ្យវិទ្យុដទៃ បន្តទៀតនោះ គឺត្រូវបំពេញ សំណុំបែបបទ ស្នើសុំការអនុញ្ញាតជាមុនសិន។
នៅចុងបញ្ចប់នៃលិខិត ក្រសួងព័ត៌មានព្រមានថា បើក្នុងករណីនៅតែបំពានលើសេចក្តីជូនដំណឹងនេះ ក្រសួងនឹងដកហូតប្រកាស ដែលអនុញ្ញាតឲ្យធ្វើអាជីវកម្មវិទ្យុនេះមកវិញជាស្ថាពរ និងចាត់វិធានការតាមនីតិវិធីច្បាប់តែម្ដង។
អាស៊ីសេរី ពុំទាន់អាចទាក់ទង អ្នកស្រី ជា ស៊ុនដាណែត ឬអ្នកពាក់ព័ន្ធដទៃទៀត នៃវិទ្យុស្ត្រី FM102 MHz ដើម្បីបញ្ជាក់ជុំវិញរឿងរ៉ាវនេះបាននៅឡើយទេ កាលពីថ្ងៃពុធ ទី១៧ មករា។
កាល ពីខែសីហា ឆ្នាំ ២០១៧ វិទ្យុស្ត្រី FM102 MHz បានបញ្ឈប់កម្មវិធីផ្សាយ របស់ វីអូអេ (VOA) និងអាស៊ីសេរី (RFA) ដោយមានបញ្ជាពីក្រសួងព័ត៌មាន។
កាលនោះ អ្នកស្រី ជា ស៊ុនដាណែត ឲ្យដឹងថា ក្រសួងព័ត៌មានចោទថា វិទ្យុស្ត្រីបានបំពានកិច្ចព្រមព្រៀងជាមួយក្រសួង ដោយបានផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុបរទេសទាំងពីរនេះចំនួនពីរដងក្នុងមួយថ្ងៃ គឺ វីអូអេ ចំនួន ១ម៉ោងកន្លះ និងអាស៊ីសេរី ចំនួន២ម៉ោង។
វិទ្យុស្ត្រី FM102 MHz ផ្សាយគ្របដណ្តប់ ៧៥ភាគរយនៃប្រជាជនកម្ពុជាសរុបប្រមាណ ១៥លាននាក់៕