Clik here to view.

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរិះគន់លើបច្ចេកទេសក្នុងការធ្វើផ្លូវជាតិរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ការថ្លែងរបស់លោក ស ខេង ធ្វើឡើងនៅចំពោះមុខរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨។
បើទោះជាលោក ស៊ុន ចាន់ថុល បានខិតខំលើកឡើងពីសមិទ្ធផលសំខាន់ៗ ដែលក្រសួងលោកសម្រេចបានក្នុងឆ្នាំ២០១៧ ដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងការធ្វើទំនើបកម្មក្រសួងជាដើម ក៏លោកនៅតែទទួលស្គាល់ថា ការខិតខំប្រឹងប្រែង និងទទួលបានសមិទ្ធផលការងារធំធេងយ៉ាងណា ក៏ក្រសួងនៅមានចំណុចខ្វះខាតទាមទារឲ្យមានការកែលំអ។
លោក ស ខេង ដែលចូលរួមក្នុងនាមជាគណៈអធិបតីក្នុងអង្គសន្និបាតបូកសរុបការងារក្រសួងសាធារណការ និងដឹកជញ្ជូន បានរិះគន់ថា ការកសាងផ្លូវជាតិលេខ៨ មិនមានគុណភាពទេ។ តែទោះយ៉ាងណា លោក ស ខេង ទទូលស្គាល់ថា ការសាងសង់ផ្លូវមួយចំនួនអនុវត្តបានត្រឹមត្រូវ និងមានគុណភាពល្អ តែផ្លូវមួយចំនួនទៀតខ្វះគុណភាព ជាក់ស្ដែងផ្លូវជាតិលេខ៨ តភ្ជាប់ពីផ្លូវជាតិលេខ៦អា ទៅកាន់ផ្លូវជាតិលេខ៧ ដែលជាផ្លូវទើបសាងសង់ថ្មីដោយក្រុមហ៊ុនចិន ប៉ុន្តែផ្លូវថ្មីនេះហាក់មានសភាពទ្រុឌទ្រោមជាងផ្លូវចាស់ពីមុនទៅទៀត៖ «ផ្លូវជាតិលេខ៨នេះជួសជុលជាបន្តបន្ទាប់ គ្មានគុណភាព មិនធានាទុកឲ្យអ្នកធ្វើដំណើរទៅវិញទៅមក និងប្រជាពលរដ្ឋ»។
លោក ស ខេង ជំរុញឲ្យក្រសួងសាធារណៈពិនិត្យឡើងវិញឲ្យបានច្បាស់ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសផ្លូវ និងស្នើឲ្យកែទម្រង់រចនាសម្ព័ន្ធគណៈកម្មាធិការចម្រុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ ពង្រឹងការសហប្រតិបត្តិការ និងពង្រឹងការគ្រប់គ្រងការកែច្នៃយានយន្តដើម្បីរក្សារបៀបរៀបរយ សុវត្ថិភាព និងរក្សាភាពមាំទាំនៃផ្លូវថ្នល់។
ផ្លូវជាតិលេខ៨ គិតចាប់ពីគល់ស្ពានព្រែកតាមាក់ ក្នុងភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាត់តាមស្រុកស្វាយអន្ទរ ក្នុងខេត្តព្រៃវែង ឆ្ពោះទៅស្រុកអូររាំងឪ ខែត្រត្បូងឃ្មុំ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មិនអាចវាយតម្លៃជារួមបានអំពីគុណភាពផ្លូវបច្ចុប្បន្នទេ ដោយលោកថា មកដល់ពេលនេះ គ្មានស្តង់ដារណាមួយដែលអាចកំណត់ពីគុណភាពផ្លូវនោះទេ។ លោក ព្រាប កុល មើលឃើញថា ការកសាងផ្លូវ និងការសិក្សាបច្ចេកទេសនៃការធ្វើផ្លូវ មិនមានលក្ខណៈស្មុគស្មាញដែលពិបាកធានាគុណភាពនោះទេ កត្តាដែលធ្វើឲ្យផ្លូវឆាប់ខូច លោកមើលឃើញថា ដោយសារបញ្ហាតម្លាភាព ការគ្រប់គ្រង ខ្វះការត្រួតពិនិត្យ និងបញ្ហាមិនប្រក្រតីក្នុងដំណើរការសាងសង់ផ្លូវជាដើម៖ «ខ្ញុំមើលឃើញជាទូទៅ គឺការធ្វើដោយមិនតម្លាភាព បញ្ហាគ្រប់គ្រង ការសាងសង់ផ្លូវមិនល្អ ធ្វើឲ្យឆាប់ខូច មិនមានគុណភាព មួយវិញទៀត ការសាងសង់គឺប្រហែលមានបញ្ហាមិនប្រក្រតីក្នុងការសាងសង់ ទើបធ្វើឲ្យមានការសាងសង់ ផ្លូវ ថ្នល់ មានបញ្ហា»។
ចំណែកនាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា កត្តាដែលធ្វើឲ្យផ្លូវជាតិរងការរិះគន់អូសបន្លាយមកដល់ពេលនេះ រហូតដល់ឮថា ផ្លូវចាក់ស្ដើងស៊ីក្រាស់ដោយសារភាពយឺតយ៉ាវក្នុងការជួសជុល អសកម្មក្នុងការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាក្នុងការដេញថ្លៃ ដែលអាចពាក់ព័ន្ធនឹងអំពើពុករលួយ៖ «គឺដោយសារតម្លាភាពនិងភាពអសកម្មក្នុងការសាងសង់ មួយវិញទៀត ការដាក់មិនដេញថ្លៃដែលចំណុចទាំងអស់នេះ ធ្វើឲ្យផ្លូវថ្នល់មានបញ្ហា។ កត្តាទាំងនេះធ្វើឲ្យមានបញ្ហាណាមួយក៏គ្មានអង្គការសង្គមស៊ីវិល ក្រៅរដ្ឋាភិបាលចូលរួមដែរ»។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៊ឹម សុរិយា បានទទួលស្គាល់ថា ផ្លូវមួយចំនួននៅកម្ពុជា នៅមិនទាន់បំពេញគុណភាពនៅឡើយទេ។ លោកអះអាងថា ដោយសារស្ថានភាពដី និងទឹកនៅតំបន់ទាំងនោះ។
រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់ប្រកាសថា នឹងចាប់បង្ខំឲ្យម្ចាស់ក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់ផ្លូវដែលគ្មានគុណភាព ឲ្យទទួលខុសត្រូវចំពោះការធ្វេសប្រហែសទាំងនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ គេសង្កេតឃើញថា គឺមានតែផ្លូវជាតិលេខ៥ តែមួយគត់ដែលត្រូវបានលោក ស៊ុន ចាន់ថុល ធ្លាប់ព្រមានម្ចាស់ក្រុមហ៊ុនជាជនជាតិចិន ឲ្យជួសជុលឡើងវិញ។
ទោះបីជាយ៉ាងនេះក្ដី គេកត់សម្គាល់ឃើញថា ការសាងសង់ផ្លូវដែលជាជំនួយ ឬកម្ចីរបស់ចិន ហើយសាងសង់ដោយក្រុមហ៊ុនចិន ទៀតនោះ ភាគច្រើនគឺផ្លូវគ្មានគុណភាព។ បញ្ហានេះត្រូវបានអនុប្រធានគណៈកម្មការ សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា លោក សុន ឆ័យ ធ្លាប់បានរិះគន់ពីការសាងសង់ផ្លូវគ្មានលក្ខណៈបច្ចេកទេស និងគ្មានគុណភាពនេះជាបន្តបន្ទាប់។ ពេលខ្លះលោកថា ធ្វើមុខ ខួចពីក្រោយ ធ្វើរួចពីក្រោយ ខូចពីមុខ ដែលបញ្ហានេះ ក៏ពាក់ព័ន្ធនឹងអំពើពុករលួយ បំណុលរបស់រដ្ឋាភិបាលជំពាក់ចិន កាន់តែច្រើន ផ្លូវកាន់តែគ្មានគុណភាពជាដើម។ ក្រៅពីនេះទៀត តារាកំប្លែងខ្លះ ធ្លាប់លើកមកនិយាយចំអកនៅលើឆាកទៀតផងថា ផ្លូវស្រុកខ្មែរធ្វើជាប់រហូតជាដើម។
ផ្លូវជាតិដែលសាធារណជនទទួលស្គាល់ថា មានគុណភាពល្អនោះ គឺផ្លូវជាតិលេខ៤ ពីភ្នំពេញ ទៅខែត្រព្រះសីហនុ ដែលសាងសង់ដោយជំនួយរបស់អាមេរិក និងផ្លូវជាតិលេខ១ ដែលទើបសាងសង់ថ្មី ជាជំនួយរបស់ជប៉ុន និងបានសាងសង់ដោយក្រុមហ៊ុនជប៉ុន៕