
មេធាវីការពារក្តី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា អ្នកស្រីពុំបានដឹងអំពីព័ត៌មានដែលថា លោកតំណាងរាស្ត្រ ម៉ៅ មុនីវណ្ណ បានស្នើសុំតុលាការដើម្បីជួបលោក កឹម សុខា ក្នុងពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃសុក្រ ទី១៩ ខែមករា ខាងមុខនេះទេ។
អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់ក្នុងចំណោមមេធាវី ៨នាក់ ដែលការពារក្តីឲ្យលោក កឹម សុខា ប្រាប់អាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃទី១៦ មករា ថា អ្នកស្រីមិនបានដឹងថា លិខិតរបស់លោក ម៉ៅ មុនីវណ្ណ ដែលត្រូវបានផ្សាយនៅលើសារព័ត៌មានគាំទ្រលោក ហ៊ុន សែននោះ ជាឯកសារពិតប្រាកដ ឬទេ។
ការបញ្ជាក់របស់អ្នកស្រីមេធាវី ម៉េង សុភារី នេះ ធ្វើឡើងក្រោយដែលប្រព័ន្ធផ្សព្វផ្សាយរបស់លោក ហ៊ុន សែន បានសរសេរថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ និងតំណាងរាស្ត្រមួយចំនួនទៀត រួមមាន លោក អ៊ូ ច័ន្ទរ័ត្ន លោក ជាម ចន្នី លោក កង គឹមហាក់ និងអ្នកស្រី តែ ច័ន្ទមុនី ព្រមទាំងសហការីជាច្រើនទៀត ស្នើសុំជួបលោក កឹម សុខា ក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងការបង្កើតចលនាសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក នៅចុងខែមករានេះ។
អ្នកស្រី ម៉េង សុភារី បន្តថា អ្នកស្រីមិនដឹងពីគោលបំណងពិតប្រាកដរបស់តំណាងរាស្ត្រទាំងនោះទេ៖ «ពាក់ព័ន្ធលិខិតរបស់លោក ម៉ៅ មុនីវណ្ណ ខ្ញុំអត់បានដឹងច្បាស់ទេ គ្រាន់តែបានឃើញតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។ ខ្ញុំមិនដឹងថា ជាលិខិតគាត់ពិតប្រាកដ និងចង់ជួបពីមូលហេតុហ្នឹង ឬយ៉ាងណាទេ។ ក្រុមមេធាវីយើងខ្ញុំបានទៅជួបលោក ទាំង ៨នាក់ នៅពន្ធនាគារកាលពីសប្ដាហ៍មុន។ ពួកយើងចង់ទៅសួរសុខទុក្ខគាត់ជាយូរមកហើយ ជិត ១ខែហើយ»។
លិខិតចុះហត្ថលេខាផ្ទាល់របស់លោក ម៉ៅ មុនីវណ្ណ កាលពីថ្ងៃទី១៦ ខែមករា ផ្ញើជូនលោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ មិនបានបញ្ជាក់ពីមូលហេតុនៃការសួរសុខទុក្ខលោក កឹម សុខា នោះទេ។ កន្លងមកលោក សម រង្ស៊ី ធ្លាប់ចោទប្រកាន់លោក ម៉ៅ មុនីវណ្ណ ជាចារកម្មរបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែគណបក្សសង្គ្រោះជាតិ មិនបានបណ្ដេញលោកចេញពីគណបក្សនោះទេ៕