Clik here to view.

របាយការណ៍សេរីភាពក្នុងពិភពលោកឆ្នាំ២០១៨ (Freedom in the World 2018) របស់អង្គការ Freedom House ផ្សាយកាលពីថ្ងៃអង្គារ ទី១៦ មករា នេះ បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ថា ជាប្រទេស «មិនមានសេរីភាព» ឬ «មិនសេរី» ដែលមានលក្ខណៈដូចគ្នាទៅនឹងប្រទេសក្នុងប្លុកកុម្មុយនិស្ត រួមមានប្រទេសចិន រុស្សី និងប្រទេសកូរ៉េខាងជើង។ មន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជា បានច្រានចោលការដាក់ចំណាត់ថ្នាក់នេះ ថាជាការមិនត្រឹមត្រូវ។
ប្រទេសកម្ពុជា ទទួលបានពិន្ទុផ្នែកសិទ្ធិនយោបាយ ៦ពិន្ទុ និងសិទ្ធិពលរដ្ឋ ៥ពិន្ទុ (ពិន្ទុ ១ មានន័យថា មានសេរីភាពបំផុត ខណៈពិន្ទុ ៧ មានន័យថា មានសេរីភាពតិចតួចបំផុត)។ ពិន្ទុសរុបផ្នែកសេរីភាពរបស់ប្រទេសកម្ពុជា គឺ ៣០ ពិន្ទុ (ពិន្ទុ ០ មានន័យ មានសេរីភាពតិចតួចបំផុត ខណៈពិន្ទុ ១០០ មានន័យថា មានសេរីភាពបំផុត)។ ពិន្ទុសរុបផ្នែកសេរីភាពនេះ ធ្វើឲ្យប្រទេសកម្ពុជា ឈរក្នុងចំណាត់ថ្នាក់ប្រទេសដែលមិនមានសេរីភាពដូចគ្នាទៅនឹងប្រទេសហ្ស៊ីមបាវ៉េ (Zimbabwe) និងម៉ូរីតានី (Mauritius) ដែលសុទ្ធតែជាប្រទេសផ្ដាច់ការ ព្រមទាំងបណ្ដាប្រទេសក្នុងប្លុកកុម្មុយនិស្តដទៃទៀត រួមមានប្រទេសចិន រុស្សី និងប្រទេសកូរ៉េខាងជើង ជាដើម។
សម្រាប់ឆ្នាំ២០១៨ នេះ អង្គការ Freedom House បានដាក់ចំណាត់ថ្នាក់ស្ថានភាពសេរីភាពក្នុងប្រទេសកម្ពុជា ថា កំពុងតែមាន «និន្នាការធ្លាក់ចុះ» ដោយសារតែករណីបង្ក្រាបមកលើគណបក្សប្រឆាំងធំជាងគេ រួមមានការរម្លាយគណបក្សសង្គ្រោះជាតិ និងការចោទមេដឹកនាំរបស់គណបក្សនេះពីបទក្បត់ជាតិ។ អង្គការនេះ លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបចំឲ្យមានការបង្ក្រាបដោយមិនរួញរាមកលើគណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ខណៈគណបក្សប្រជាជនកម្ពុជា របស់លោកកំពុងត្រៀមខ្លួនដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨ នេះ។ របាយការណ៍សរសេរបន្តថា តុលាការកំពូល ដែលញាំញីដោយឥទ្ធិពលនយោបាយពីសំណាក់គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានសម្រេចរម្លាយគណបក្សសង្គ្រោះជាតិ ខណៈមេដឹកនាំគណបក្សនេះគឺលោក កឹម សុខា ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទក្បត់ជាតិ។ របាយការណ៍ដដែលនេះ លើកឡើងបន្តថា ក្នុងចំណាត់ការជាបន្តបន្ទាប់ប្រឆាំងនឹងសេរីភាពបញ្ចេញមតិ អាជ្ញាធរបានបិទស្ថាប័នព្រឹត្តិបត្រព័ត៌មានឯករាជ្យ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បញ្ឈប់ការផ្សាយស្ថានីយផ្សាយវិទ្យុមួយចំនួន និងបានប្រកាសថា រាល់ការចែកចាយមតិរិះគន់ប្រឆាំងរដ្ឋាភិបាលតាមបណ្ដាញសង្គមគឺជាបទឧក្រិដ្ឋ។
របាយការណ៍សេរីភាពក្នុងពិភពលោកឆ្នាំ២០១៨ មានចំណងជើងថា «ប្រជាធិបតេយ្យកំពុងស្ថិតក្នុងវិបត្តិ» គូសបញ្ជាក់ថា ក្នុងចំណោម ១៩៥ ប្រទេសក្នុងពិភពលោក ប្រទេសចំនួន ២៥% (ស្មើនឹង ៤៩ ប្រទេស) ស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសដែលមិនមានសេរីភាព ឬមិនសេរី ខណៈប្រទេសចំនួន ៣០% (ស្មើនឹង ៥៨ ប្រទេស) ស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសមានសេរីភាពតិចតួច និងប្រទេសចំនួន ៤៥% (ស្មើនឹង ៨៨ ប្រទេស) មានសេរីភាពពេញលេញ។ ប្រជាជនសរុបជិត ២,៧ពាន់លាននាក់ កំពុងរស់នៅក្នុងស្ថានភាពប្រទេសដែលមិនមានសេរីភាព។
អាស៊ីសេរី បានព្យាយាមទាក់ទងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា របស់រដ្ឋាភិបាល ក៏ប៉ុន្តែទូរស័ព្ទរបស់លោកហៅចូលតែពុំមានអ្នកទទួល។ ប៉ុន្តែមន្ត្រីនាំពាក្យទីស្ដីការលោក ផៃ ស៊ីផាន បានច្រានចោលការដាក់ចំណាត់ថ្នាក់ថា ប្រទេសកម្ពុជា មិនមានសេរីភាពរបស់អង្គការ Freedom House នេះ ដែលលោកហៅថា ជាការមិនត្រឹមត្រូវ។
លោក ផៃ ស៊ីផាន ត្រូវបានសារព័ត៌មានក្នុងស្រុក ឌឹ ភ្នំពេញ ប៉ុស្តិ៍ ដកស្រង់ប្រសាសន៍កាលពីថ្ងៃ១៦ មករា ថា ប្រទេសកម្ពុជា ជាអ្នកស្វ័យសម្រេចលើអត្តសញ្ញាណ និងអធិបតេយ្យរបស់ខ្លួនដោយខ្លួនឯង។ លោកលើកហេតុផលថា ចំណាត់ការរបស់រដ្ឋាភិបាលកន្លងមក ធ្វើឡើងដើម្បីជាអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទាំងមូល។
កាសែតដដែលនេះ ក៏បានស្រង់ប្រសាសន៍អ្នកជំនាញអំពីរបបផ្ដាច់ការ បណ្ឌិត Lee Morgenbesser តាមសារអេឡិចត្រូនិក ដែលលោកថា ប្រទេសកម្ពុជា ពិតជាមាន «សំណាងមែនទែន» ដែលមិនត្រូវបានអង្គការនេះ ដាក់ពិន្ទុឲ្យកាន់តែអាក្រក់ជាងនេះទៀត ដោយសារតែការចាប់ដាក់ពន្ធនាគារមេដឹកនាំបក្សប្រឆាំងការបិទស្ថានីយវិទ្យុក្នុងស្រុកមួយចំនួន ការបណ្ដេញចេញ និងបិទអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងការបិទសារព័ត៌មានឯករាជ្យ។
ទាក់ទងនឹងបញ្ហានេះ លោក រ៉ូប៊ឺត រូប៊ី (Robert Ruby) នាយកផ្នែកផ្សព្វផ្សាយនៃអង្គការ Freedom House បានផ្ដល់ការពន្យល់ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកថា ប្រទេសកម្ពុជា មានស្ថានភាពរឹតត្បិតខ្លាំងរួចស្រេចទៅហើយ ហើយអង្គការរបស់លោកក៏បានរំលេចអំពីការធ្លាក់ចុះដុនដាបផ្នែកសេរីភាពក្នុងប្រទេសកម្ពុជានេះ តាមរយៈការលើកឡើងអំពីនិន្នាការនៃការធ្លាក់ចុះផ្នែកសេរីភាពនៅក្នុងប្រទេសនេះ ទៅក្នុងចំណោមបណ្ដាក្រុមប្រទេសនានា ដែលព្រឹត្តិការណ៍វិវត្តក្នុងឆ្នាំ២០១៧ សមនឹងទទួលបាននូវការឃ្លាំមើលជាពិសេស។ លោកថា អង្គការ Freedom House ក៏បានកំណត់អាទិភាពដោយនិយាយយោងទៅដល់ប្រទេសកម្ពុជា នៅក្នុងរបាយការណ៍នេះ ថាជាប្រទេសមួយដែលដឹកនាំដោយរបបឯកបក្សយ៉ាងជាក់ច្បាស់។
ប្រទេសដែលទទួលចំណាត់ថ្នាក់អាក្រក់បំផុតផ្នែកសេរីភាពក្នុងពិភពលោកក្នុងឆ្នាំ២០១៨នេះ រួមមានប្រទេសស៊ីរី (Syria) ស៊ូដង់ខាងត្បូង (South Sudan) អេរីត្រេ (Eritrea) កូរ៉េខាងជើង (North Korea) និងប្រទេស ទួរមេនីស្ថាន (Turkmenistan)។ អង្គការ Freedom House រកឃើញថា សិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋនៅជុំវិញពិភពលោកក្នុងឆ្នាំ២០១៨នេះ កំពុងតែធ្លាក់ចុះដុនដាបដល់កម្រិតទាបបំផុតមួយមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលជាងមួយទសវត្សរ៍ក្នុងឆ្នាំ២០១៧នេះ។
អង្គការ Freedom House សង្កត់ធ្ងន់ៗថា លទ្ធិប្រជាធិបតេយ្យកំពុងស្ថិតក្នុងវិបត្តិ ហើយគុណតម្លៃរបស់លទ្ធិប្រជាធិបតេយ្យ ពិសេសសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ សេរីភាពសារព័ត៌មាន និងនីតិរដ្ឋ កំពុងស្ថិតក្រោមការបំផ្លិចបំផ្លាញ និងដើរថយក្រោយនៅទូទាំងសាកលលោក៕