Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​គាំទ្រ​ការ​ចុះ​ពិនិត្យ​ការ​ប្រើប្រាស់​អក្សរ​ខ្មែរ​លើ​ស្លាក​យីហោ

Image may be NSFW.
Clik here to view.

អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​រស់​ខេត្ត​ព្រះសីហនុ កំពុង​តាមដាន​ចំណាត់​ការ របស់​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នានា ដែល​បាន​ចុះ​ពិនិត្យ​ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស នៅ​លើ​ផ្ទាំង​ប៉ាណូ ឬ​ផ្ទាំង​គំនូរ​សំណង់​អាគារ ព្រមទាំង​ស្លាក​យីហោ​ផ្សេងៗ នា​ខេត្ត​ព្រះសីហនុ​ថា​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?

ប្រជាពលរដ្ឋ អាជីវករ​ជនជាតិ​ខ្មែរ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ រួមមាន​៖ អង្គការ​លីកាដូ (Licadho) និង​សមាគម​អាដហុក (Adhoc) ជាដើម បាន​ស្វាគមន៍​សកម្មភាព របស់​មន្ត្រី​ស្ថាប័ន​ជំនាញ ដែល​បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​ទៅលើ​ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​ការប្រើប្រាស់​អក្សរ​ចិន នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ ឬ​ស្លាក​យីហោ​នានា ដែល​មាន​ភាព​មិន​ប្រក្រតី​នា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា កន្លងមក ស្លាក​សញ្ញា​ផ្សេងៗ ដែល​មាន​ម្ចាស់ ឬ​មាន​ថៅកែ​ជា​ជនបរទេស ពិសេស​ជនជាតិ​ចិន គឺ​បាន​សរសេរ​អក្សរ​នៅ​លើ​ផ្ទាំង​ប៉ាណូ ផ្ទាំង​គំនូរ​សំណង់ និង​ស្លាក​យីហោ​ផ្សេងៗ​ជា​អក្សរ​ចិន មាន​ទំហំ​ធំៗ ជាង​អក្សរ​ខ្មែរ ឬ​មិន​មាន​សរសេរ​អក្សរ​ខ្មែរ​ជាដើម។

ត្រង់​ចំណុច​នេះ អ្នកស្រី សុធារី បាន​ស្នើ​ដល់​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ជាដើម ឲ្យ​បន្ត​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស នៅ​លើ​សំណង់​អាគារ​ផ្សេងៗ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​មតិ​រិះគន់ និង​លើកកម្ពស់​អក្សរសាស្ត្រ​ជាតិ​ខ្លួនឯង​ឲ្យ​បាន​ប្រសើរ​ឡើងវិញ៖ «យើង​សង្កេត​ឃើញ​ថា មាន​កំហុស​ឆ្គង​មួយ​ចំនួន​ពាក់ព័ន្ធ​អ្នក​វិនិយោគ ដែល​លើក​ស្លាក​យីហោ សរសេរ​អក្សរ​ខ្មែរ​មិន​ត្រឹមត្រូវ ឬក៏​មិនបាន​សរសេរ​អក្សរ​ខ្មែរ​នៅ​លើ​ស្លាក​យីហោ និង​មិនបាន​គោរព​ទៅតាម​នីតិវិធី​នៃ​ការ​បង់ពន្ធ​ជូន​រដ្ឋ​ជាដើម។ ដូច្នេះ​សូម​អ្នក​វិនិយោគទុន​ទាំងអស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ផ្ទៀងផ្ទាត់​ទៅលើ​ភាសា​ខ្មែរ និង​ត្រូវ​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ ដើម្បី​លើក​ស្លាក​សំ​គាត់ ឬក៏​តុបតែង​ស្លាក​យីហោ​របស់​ខ្លួន ឲ្យ​មាន​អក្សរ​ខ្មែរ ជា​សម្គាល់​ថា​ជា​ប្រទេស​កម្ពុជា»

កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី លោក​បណ្ឌិត ប៉ែន សុផល និង​ក្រុមការងារ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​មួយ​ចំនួន ដែល​កំពុង​សាងសង់​នា​មូលដ្ឋាន​នេះ ដែល​មាន​ស្លាក​យីហោ ឬ​ផ្ទាំង​ប៉ាណូ​ជា​អក្សរ​ចិន។ លោក ប៉ែន សុផល ក៏បាន​ណែនាំ ដល់​តំណាង​ភាគី​អ្នក​វិនិយោគ​ចិន ស្ដី​អំពី​ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស ឬ​អក្សរ​ចិន នៅ​លើ​ផ្ទាំង​គំនូរ​សំណង់ ឬ​ផ្លាក​សញ្ញា​ផ្សព្វផ្សាយ​នៅ​តាម​តំបន់​ឆ្នេរ ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ការណែនាំ​របស់​ក្រសួង។

លោក​បណ្ឌិត ប៉ែន សុផល ដែល​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ផង​នោះ ក៏បាន​ចុះ​ផ្សព្វផ្សាយ​សារ​មួយ​ចំនួន​រួមមាន ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស​នៅ​លើ​ផ្ទាំង​គំនូរ​សំណង់ ឬ​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​នៅ​តាម​តំបន់​ឆ្នេរ និង​សេចក្ដី​ណែនាំ​បន្ថែម​ស្ដីពី​ការរៀបចំ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​បណ្ដាញ​លូ ។ មន្ត្រី​ជំនាញ​ទាំងនោះ ក៏បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន ត្រូវ​ចូលរួម​អនុវត្ត​តាមច្បាប់​អនុញ្ញាត​សាងសង់ និង​សុវត្ថិភាព​ក្នុង​ការដ្ឋាន និង​បទដ្ឋាន​គតិយុត្តិ ដែល​នៅ​ជា​ធរមាន​ឲ្យ​បាន​ត្រឹមត្រូវ។

មន្ត្រី​ឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម ភ្ញៀវ​ទេសចរ​ជាតិ និង​ប្រជាពលរដ្ឋ​ភាគច្រើន រស់នៅ​ខេត្ត​ព្រះសីហនុ បាន​គាំទ្រ សកម្មភាព​ចុះ​អប់រំ និង​ណែនាំ​ដល់​ជនបរទេស ស្ដី​អំពី​ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស នៅ​លើ​ស្លាក​សញ្ញា​សំគាល់ នៅ​តាម​ទីតាំង​នីមួយៗ ឲ្យ​ស្របតាម​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ទោះជា​មានការ​ណែនាំ​ពី​មន្ត្រី​ជំនាញ​ក៏ដោយ សាធារណជន​អះអាង​ថា គិត​មកដល់​ថ្ងៃ​ទី​១៣ ខែ​មករា ស្លាក​សញ្ញា ឬ​ស្លាក​យី​យោ​ផ្សេងៗ​នៅ​តាម​ទីតាំង​មួយ​ចំនួន ដែល​មាន​ថៅកែ​ជា​ជនបរទេស ពិសេស​ថៅកែ​ជនជាតិ​ចិន នៅ​មិនទាន់​គោរព​តាម​ការណែនាំ របស់​មន្ត្រី​ជំនាញ ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles