Clik here to view.

ពលរដ្ឋដែលព្រមទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ រស់នៅឃុំស្រែគរ ថ្មី ស្រុកសេសាន ខែត្រស្ទឹងត្រែង ជាង ៥០០គ្រួសារ ត្អូញខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។ បញ្ហានេះពួកគាត់បានទម្លាក់កំហុសលើក្រុមហ៊ុនថា មិនទទួលខុសត្រូវចំពោះសុខុមាលភាពរបស់ពលរដ្ឋដែលត្រូវបានបង្ខំអោយចាកចេញពីភូមិកំណើតមកតាំងទីលំនៅថ្មី។ ចំណែកអាជ្ញាធរឃុំអះអាងថា ក្រុមហ៊ុនកំពុងដោះស្រាយរឿងនេះ។
អ្នកភូមិដែលព្រមទទួលសំណងពីក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ ឲ្យដឹងនៅថ្ងៃទី១៥ ខែមករា ថា ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅតែអូសបន្លាយមិនដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋជាង ៥០០គ្រួសារ ដែលកំពុងជួបវិបត្តិខ្វះទឹកស្អាតប្រើប្រាស់ជាង ២ឆ្នាំមកហើយ គិតមកទល់ពេលនេះ។ បញ្ហានេះបង្ខំឲ្យអ្នកភូមិមួយចំនួននាំកូនចៅមុជទឹកស្រះមិនស្អាតនៅក្បែរភូមិ ព្រោះតែពុំមានជម្រើស។
ពលរដ្ឋដែលយល់ព្រមទទួលសំណងពីក្រុមហ៊ុនរស់នៅឃុំស្រែគរថ្មី លោកស្រី កង ស៊ី ឲ្យដឹងថា តំបន់ដែលអ្នកភូមិរស់នៅថ្មី ជាទីទូលខ្ពស់ពុំមានប្រភពទឹក ពុំអាចជីកអណ្ដូងទាញយកបាន ហើយអណ្ដូងខ្លះដែលយកទឹកបាន ល្អក់មិនអាចប្រើបាន។ លោកស្រីចោទថា ក្រុមហ៊ុន និងអាជ្ញាធររដ្ឋាភិបាលនៅពុំទាន់ដោះស្រាយបញ្ហានេះយូរឆ្នាំមកហើយ បើទោះជាទំនប់សាងសង់រួចរាល់ហើយក្តី។ បញ្ហានេះបង្ខំឲ្យអ្នកភូមិចំណាយប្រាក់ទិញទឹកពីតំបន់ផ្សេងៗ ក្នុងមួយធុងចាប់ពី ២ម៉ឺនរៀលទៅ ៣ម៉ឺនរៀល ហើយក្នុងមួយខែពលរដ្ឋមួយគ្រួសារត្រូវចំណាយប្រាក់ទិញទឹកប្រើចាប់ពីជាង ១០ម៉ឺនរៀលទៅ ៥០ម៉ឺនរៀល៖ «ពិបាកប្រើប្រាស់គ្មានទឹកមុជ ដើរមុជតាមស្រះ។ គេក៏មុជ យើងក៏មុជ»។
មេឃុំស្រែគរថ្មី មកពីគណបក្សប្រជាជនកម្ពុជា លោក ហ្វឿន ជឿន ទទួលស្គាល់ថា អ្នកភូមិជួបវិបត្តិខ្វះទឹកប្រើមែន តែយ៉ាងណាលោកថា អាជ្ញាធរ និងក្រុមហ៊ុនកំពុងសាងសង់ប្រព័ន្ធទឹកជូនពលរដ្ឋ និងដាក់ឲ្យប្រើប្រាស់សាកល្បងនៅតំបន់មួយចំនួន៖ «ឥឡូវកំពុងរៀបចំ តែមិនបានដូចចិត្តពលរដ្ឋ នៅតែខ្វះខាតតិចតួច។ ក្រុមហ៊ុនកំពុងរៀបចំប្រព័ន្ធហ្នឹងកំពុងសាកល្បងមើល»។
មេឃុំស្រែគរ ពីបក្សប្រឆាំងដែលទើបត្រូវរដ្ឋាភិបាលដកពីតំណែង លោក សៀក មេគង្គ និយាយថា ក្រុមហ៊ុនបានកសាងអណ្ដូងប្រើម៉ូទ័របូមទឹកភ្ជាប់ប្រព័ន្ធសូឡា អាចប្រើបានតែរយៈពេលខ្លីប៉ុណ្ណោះ ហើយបច្ចុប្បន្ន អ្នកភូមិក៏ពុំអាចប្រើបានគ្រប់គ្រាន់ដែរ។ លោកថា ពលរដ្ឋជួបវិបត្តិខ្វះទឹកស្អាតនៅទីតាំងថ្មី គឺជាសញ្ញាបង្ហាញពីភាពខ្សោយរបស់អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុន ក្នុងការអនុវត្តគោលនយោបាយសំណងជូនពលរដ្ឋដូចការសន្យា៖ «ពួកគាត់ខំជម្លៀសមក ដើម្បីគម្រោងដើម្បីផលប្រយោជន៍ជាតិ តែបែរជាខ្វះខាតទឹក។ នេះហើយជាការរំលោភសិទ្ធិមួយ»។
មកទល់ពេលនេះ ពលរដ្ឋដែលយល់ព្រមទទួលសំណងផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅឃុំស្រែគរ និងបានមកតាំងទីលំនៅថ្មីនៅតំបន់នោះមានចំនួនជាង ៥២០គ្រួសារក្នុងចំណោមពលរដ្ឋ ៥៧០គ្រួសារ។
អ្នកឃ្លាំមើលបរិស្ថាន លោក ភូ ប៊ុនថាន់ យល់ថា បញ្ហាខ្វះទឹកស្អាតនៅទីតាំងថ្មី គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន និងអាជ្ញាធរ ត្រូវប្រញាប់ដោះស្រាយជាបន្ទាន់ ដើម្បីផ្សះផ្សាផ្លូវចិត្តពួកគាត់ ដែលសម្រេចចិត្តចាកចេញពីភូមិកំណើតដោយបង្ខំ ព្រោះពុំមានជម្រើស។ លោកថា ការបណ្ដោយឲ្យពលរដ្ឋជួបការលំបាកបែបនេះ នឹងនាំឲ្យពលរដ្ឋដែលបដិសេធមិនទទួលសំណងរារែកចិត្តក្នុងការទទួលយកគោលនយោបាយសំណង និងមិនព្រមចាកចេញពីភូមិចាស់៖ «ប្រជាជនបានរអ៊ូខ្វះទឹកច្រើនឆ្នាំហើយ តែពុំមានដោះស្រាយ។ អាជ្ញាធរ និងក្រុមហ៊ុនគួរតែបើកភ្នែកមើលផង កន្លែងហ្នឹងព្រោះវាច្រើនឆ្នាំហើយ»។
ទំនប់វារីអគ្គិសនីសេសានក្រោមពីរ បង្កប៉ះពាល់ពលរដ្ឋជាង ១ពាន់គ្រួសារនៅភូមិចំនួន ៧ ក្នុងឃុំចំនួន ៤។ មកទល់ពេលនេះពលរដ្ឋនៅឃុំស្រែគរ ៥០គ្រួសារ រួមបញ្ចូលពលរដ្ឋបំបែកគ្រួសារ មិនទាន់យល់ព្រមទទួលសំណងនៅឡើយ៕