Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​៤០​គ្រួសារ​ដែល​រង​ការ​បណ្ដេញ​ចេញ​នៅ​ខេត្ត​កោះកុង​កំពុង​ខ្វះ​ទីជម្រក និង​អាហារ

$
0
0

ពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងស្រុក​បុទុមសាគរ ខេត្ត​កោះកុង បន្ត​ដាក់​កម្លាំង​ការពារ​តំបន់​កំពង់ភ្លូ ស្ថិត​ក្នុង​ឃុំ​អណ្តូងទឹក បន្ទាប់​ពី​បណ្ដេញ​ប្រជាពលរដ្ឋ​៤០​គ្រួសារ ចេញពី​ភូមិ​ទាំង​បង្ខំ និង​បាន​យក​ម៉ាស៊ីន ត្រង់​ស៊ីន័រ កាត់​រំលំ​ផ្ទះ​ពួកគាត់​ចោល​ដោយ​គ្មាន​សំណង។ មន្ត្រី​សិទ្ធិមនុស្ស ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ​បែបនេះ ថា​ជា​ការ​រំលោភ សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​រហូត​មក​ដល់​ពេល​នេះ ពលរដ្ឋ​ទាំងនោះ កំពុង​ខ្វះ​ទី​ជម្រក និង​ស្បៀងអាហារ​ចិញ្ចឹមជីវិត។

ក្រុម​អ្នកភូមិ​ដែល​ធ្លាប់​រស់នៅ​ក្នុង​តំបន់​កំពង់ភ្លូ នៃ​ឃុំ​អណ្ដូងទឹក បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​នៅតែ​បន្ត​ដាក់​កម្លាំង​ការពារ​ទីនោះ​យ៉ាង​តឹងរ៉ឹង ដើម្បី​ហាមឃាត់​កុំ​ឲ្យ​ពលរដ្ឋ​វិលត្រឡប់​ទៅ​រស់នៅ​កន្លែង​ដើម​វិញ ក្រោយ​បណ្ដេញ​ពួកគាត់​ចេញ​ដោយ​ហិង្សា​កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៨។ តំបន់​កំពង់ភ្លូ ស្ថិត​ក្នុង​ឧទ្យានជាតិ​បុទុមសាគរ ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។

តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ លោក មាស សេម រៀបរាប់​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែ​មករា អាជ្ញាធរ​នៅតែ​ចូល​មក​ពិនិត្យមើល និង​បន្ត​កាប់​បំផ្លាញ​របស់​របរ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ដឹកជញ្ជូន​ចេញ​អស់។ លោក​ថា ពលរដ្ឋ​ទាំង​៤០​គ្រួសារ បាន​បង្ខំចិត្ត​ចាកចេញ និង​បន្ត​ដឹកជញ្ជូន​អីវ៉ាន​មក​បោះតង់​នៅ​ជិត ភូមិ​ជីត្រេះ ឃុំ​អណ្តូងទឹក ជា​បណ្ដោះអាសន្ន។ លោក​បន្ត​ថា ពលរដ្ឋ​ខ្លះ កំពុង​តែ​គ្មាន​ទីជម្រក​រស់នៅ និង​គ្មាន​ស្បៀងអាហារ​បរិភោគ​ឡើយ៖ «បាទ ឥឡូវនេះ គេ​បន្ត​កាប់​ផ្ទះ កាប់​សសរ​នៅ​ដែល​នៅសល់​ជាប់​ដី ហើយ​គេ​នៅតែ​បន្ត​ដេញ​ពលរដ្ឋ​ចេញ ដោយសារ​ពលរដ្ឋ​ដឹកជញ្ជូន​អីវ៉ាន់​មិនទាន់​អស់។ បើ​មិន​ចេញ​គេ​ចាប់​ដាក់​ខ្នោះ យក​ទៅ​ដាក់គុក ហើយ​គេ​សុទ្ធតែ​កាំភ្លើង​គ្រប់​ដៃ សម្លុត​គំរាម​ពលរដ្ឋ​ឲ្យ​ចាកចេញ។ ពេលនេះ ពលរដ្ឋ​ចុះ​មក​ក្រោយ​បោះតង់​ក្នុង​ព្រៃ​ស្ថិតនៅ​ក្បែៗ​ភូមិ»

ពលរដ្ឋ​ម្នាក់ទៀត លើកឡើង​ថា ប្រសិនបើ​អាជ្ញាធរ ហាម​ដាច់​អហង្កា​មិន​ឲ្យ​ពលរដ្ឋ​រស់នៅ​តំបន់​កំពង់ភ្លូ​នោះ អាជ្ញាធរ​គួរតែ​ជួយ​សម្របសម្រួល​ផ្ដល់​ដី​ជូន​ពួកគាត់​រស់នៅ​កន្លែង​ផ្សេង ព្រោះ​ពេល នេះ ពួកគាត់​គ្មាន​អ្វី​ទីពឹង​ទៀត​នោះ​ទេ៖ «ទីនោះ មាន​ចន្ទី ស្វាយ ដូង ធំៗ​អស់ហើយ ស្រែ​ក៏​ខ្ញុំ​មាន​ដែរ។ បើ​អង្គការ​នោះ គេ​យក​ដី​ទៅ​ធ្វើ​អី​ទៀត ធ្វើ​ទៅ តែ​យើង​សុំ​ទាមទារ​ឲ្យ​តែ​គាត់​ដោះស្រាយ​ជូន​ក្មេងៗ​ជំនាន់​ក្រោយ ទៅ​នៅ​ទីកន្លែង​ណា​ក៏​ដោយ អោយ​តែ​មាន​ដី​នៅ»

ក្រុម​អ្នកភូមិ​អះអាង​ថា កាលពី​ថ្ងៃ​ទី​១២ ខែ​មករា អភិបាលរង​ស្រុក​បុទុមសាគរ លោក សួន ស៊ីថា និង​នាយក​ឧទ្យាន​ជាតិ​បុទុមសាគរ លោក អឹង វុន្នី បាន​ដឹកនាំ​កម្លាំង​ចម្រុះ​រួមមាន​៖ មន្ត្រី​ប៉ូលិស មន្ត្រី​ប៉េអិម​ចំនួន​៥​នាក់ មាន​អាវុធ​វែង​គ្រប់​ដៃ មន្ត្រី​បរិស្ថាន​ឧទ្យាន​ជាតិ​បុទុមសាគរ​ចំនួន ១០​នាក់ មាន អាវុធ​ខ្លះ និង​ក្រុម​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) សរុប​ជាង​៣០ នាក់ បាន​យក​ម៉ាស៊ីន ត្រង់​ស៊ីន័រ​ទៅ​កាត់​រំលំ​ផ្ទះ និង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន​ចំនួន​៤០​គ្រួសារ នៅ​ចំណុច​កំពង់ភ្លូ ឃុំ​អណ្តូងទឹក ស្រុក​បុទុមសាគរ។ ក្នុង​ពេល​ប្រតិបត្តិ​ការណ៍​នោះ អាជ្ញាធរ បាន​ហាម​មិន​ឲ្យ​អ្នកភូមិ​ណា ថតរូប​ពី​សកម្មភាព​រុះរើ​នេះ​ជាដាច់ខាត ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ហ៊ាន​រឹងទទឹង​មិន​ព្រម​ធ្វើតាម​នោះ នឹង​ចាប់​វ៉ៃ​ខ្នោះ​ភ្លាម។

ពលរដ្ឋ​ថា ការ​បណ្តេញ​ចេញ​នេះ គឺ​អាជ្ញាធរ​អនុវត្ត​តាម​បង្គាប់បញ្ជា​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដោយ​យល់ថា ចំណុច​កំពង់​ភ្លូ គឺជា​តំបន់​ស្នូល​នៃ​ឧទ្យាន​ជាតិ​បុទុមសាគរ ហើយ​អង្គការ​មួយ​នេះ បាន​ចោទ​ពលរដ្ឋ​ថា បាន​ទៅ​រស់នៅ​ទីតាំង​កំពង់​ភ្លូ ដើម្បី​ប្រកបរបរ​បាញ់​សត្វ និង​រក​កាប់​ឈើ​ខុស ច្បាប់។

លោក មាស សេម ច្រានចោល​ការចោទប្រកាន់​នេះ និង​អះអាង​ថា មន្ត្រី​ឧទ្យានុរក្ស​តំបន់​នោះ តែងតែ​ដើរ​ល្បាត ដូច្នេះ​គួរតែ​បាន​ដឹង​ច្បាស់​ថា ពួកគាត់​មិនបាន​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​ឡើយ៖ «ដើរ​បាញ់​សត្វ​អី គឺ​មិន​មាន​ទេ បើ​អ្នក​ពី​ក្រៅៗ​ទៅ អាច​មាន​តែ​បើ​អ្នក​នៅ​ទី​នេះ មិន​ដែល​ឃើញ​អ្នកណា​ដើរ​បាញ់​សត្វ​បានទេ ហើយ​បទល្មើស​ឈើ​គឺ​ពលរដ្ឋ​គ្រាន់តែ​អា​ឈើ​យក​មក​ធ្វើ ផ្ទះ​តែប៉ុណ្ណោះ»

ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​បដិសេធ​មិន​និយាយ​ជាមួយ​អាស៊ីសេរី​ឡើយ ដោយ​ប្រាប់​ថា មិន​ចង់​ឲ្យ​សារព័ត៌មាន​ផ្សព្វផ្សាយ​អំពី​ឈ្មោះ​អង្គការ​របស់​ខ្លួន។ មន្ត្រី​អង្គការ​ដដែល​នេះ បាន​បង្វែរ​ឲ្យ​ទៅ​សួរ​ខាង​នាយក​ឧទ្យាន​ជាតិ​បុទុមសាគរ លោក អឹង វុន្នី។ អាស៊ីសេរី បាន ព្យាយាម​ទាក់ទង​ទៅ​លោក អឹង វុន្នី ជាច្រើន​ដង​តែ​លោក​មិន​ទទួល​ទូរស័ព្ទ។ ចំណែក​អភិបាលរង​ស្រុក​បុទុមសាគរ លោក សួន ស៊ីថា និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង លោក ម៉ន ផល្លា ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា។

កន្លងមក​នាយក​ឧទ្យាន​ជាតិ​បុទុមសាគរ ធ្លាប់​អះអាង​ថា បាន​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ម្ដង​ហើយ ដោយ​ចែក​ដី​និង​ផ្ដល់​សម្ភារៈ​មួយ​ចំនួន​សម្រាប់​សាងសង់​ផ្ទះ តែ​ពួកគាត់​បាន​លក់​ដី​ដែល​ចែក​នោះ​ហើយ​វិលត្រឡប់​ទៅ​រស់​កន្លែង​ដើម​វិញ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ តំណាង​ប្រជាពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​ពុំបាន​ចែក​ដី​ទំហំ ៥​ហិកតារ ក្នុង​មួយ​គ្រួសារ​ដូច​ការសន្យា​ឡើយ។ អាជ្ញាធរ​បាន​ចែក​ដី​ត្រឹម​ទំហំ​ក្បាល ៧០​ម៉ែត្រ និង​បណ្ដោយ ២​រយ​ម៉ែត្រ​ប៉ុណ្ណោះ ដូច្នេះ​គ្រួសារ​ដែល​មាន​កូន​ច្រើន មិន​អាច​រស់នៅ​បាន​គ្រប់គ្នា​ឡើយ ទើប​អ្នកខ្លះ វិលត្រឡប់​ទៅ​កន្លែង​ចាស់​វិញ។

អ្នក​សម្របសម្រួល​អង្គ​ការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ ខាង​មន្ត្រី​ឧទ្យានជាតិ និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ គិតតែ​រឿង​បណ្ដេញ​ពលរដ្ឋ​ចេញ ដោយ​មិន​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់​ពន្ធ ដើម្បី​រក​ទីតាំង​ថ្មី​ឲ្យ​ប្រជាពលរដ្ឋ​បាន នៅ​បណ្ដោះអាសន្ន​នោះ​ទេ។ លោក​ថា ពេលនេះ​ពលរដ្ឋ​ខ្លះ​ដែល​មាន​កូន​តូចៗ មាន​មនុស្ស​ចាស់ជរា ផង​នោះ គ្មាន​ទីជម្រក​នោះ​ទេ ហើយ​នៅ​ពេល​យប់​ឡើង ពួកគេ​ខ្លះ​បាន​ដេក​ហាល​សន្សើម។

លោក​ស្នើសុំ​ឲ្យ​នាយក​ឧទ្យានជាតិ​បុទុមសាគរ មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​យោគយល់ និង​អនុគ្រោះ​ដល់​ពលរដ្ឋ​ផង៖ «ករណី​នេះ គឺ​លោក​ជំទាវ​អភិបាលខេត្ត​កោះកុង លោកស្រី មិថុនា ភូថង គួរតែ​អញ្ជើញ​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ពួកគាត់​ជាក់ស្ដែង តើ​ពួកគាត់ ប្រឈម​នឹង​ការ​លំបាក​អ្វីខ្លះ? បន្ទាប់​មក ក្នុង​នាម​ជា​អាជ្ញាធរ​ខេត្ត ត្រូវតែ​ជជែក​គ្នា​ជាមួយ​អាជ្ញាធរ​ស្រុក និង​នាយក​ឧទ្យាន​ជាតិ និង​សុំ​យោបល់​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​រក​វិធី​ដោះស្រាយ​ក្តី​កង្វល់​របស់​ប្រជា​ពលរដ្ឋ​ទាំង​៤០​គ្រួសារ​នោះ។ ហើយ​ចំពោះ​ការដែល​មិន​អើពើ មិន​យកចិត្តទុកដាក់ ហើយ​ការ​ដែល​ដាក់​សម្ពាធ​បង្ខិត​បង្ខំ អោយ​ពួកគាត់​ចាកចេញ​ដោយ​បង្ខំ​នេះ ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ គឺ​សិទ្ធិ​ដែល​ពួកគាត់​មាន​ទទួល​បាន​ជម្រក​ស្នាក់នៅ​សមរម្យ»

លោក អ៊ិន គង់ជិត ឲ្យ​ដឹង​ដែរ​ថា អង្គការ​របស់​លោក ក៏​កំពុង​ត្រៀម​ស្បៀង និង​ថ្នាំសង្កូវ​សម្រាប់​ជួយ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនោះ។

ថ្វី​ដ្បិត​នៅ​តំបន់​នោះ អាជ្ញាធរ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រស់នៅ និង​បាន​បណ្ដេញ​ពលរដ្ឋ ចាកចេញ ដោយ​លើក​ហេតុផល​ថា ជា​តំបន់​ឧទ្យាន​ជាតិ​ក្ដី កន្លង​មក​រដ្ឋាភិបាល​បានសម្រេច​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ម៉ឺន​ហិកតារ​នៅ​តំបន់​ឧទ្យាន​ជាតិ​ឲ្យ​ក្រុមហ៊ុន​ធំៗ មួយ​ចំនួន ក្នុង​នោះ មាន​ក្រុមហ៊ុន​យូញៀន ឌីវីឡុបមិន គ្រុប (Union Development Co, LTD) ជាដើម។

ពលរដ្ឋ និង​មន្ត្រី​អង្គការ​លីកាដូ ក៏​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ពិចារណា កាត់​ឆ្វៀល​ដី​ឲ្យ​ប្រជាពលរដ្ឋ បាន​រស់នៅ​តំបន់​កំពង់ភ្លូ​នោះ​ជា​ធម្មតា​ឡើងវិញ ព្រោះ​ពេល​នេះ ប្រជាពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​គ្រប់​បែប​យ៉ាង ទាំង​គ្មាន​ទីជម្រក និង​គ្មាន​ដីស្រែ​ចម្ការ សម្រាប់​ផលិត​ស្បៀងអាហារ​ចិញ្ចឹមជីវិត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles