Clik here to view.

ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់ដោយសារមន្ត្រីនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បាញ់ក្នុងពេលចុះបង្ក្រាបកន្លែងជល់មាន់នៅឃុំចាន់មូល នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។ ពួកគាត់ នៅតែទន្ទឹងរង់ចាំយុត្តិធម៌រហូតមក ដោយសង្ឃឹមថាតុលាការនឹងផ្ដល់យុត្តិធម៌សម្រាប់ជនរងគ្រោះ និងមិនធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿទុកចិត្តលើប្រព័ន្ធច្បាប់នោះឡើយ។
ក្រុមគ្រួសារយុវជនស្នើសុំឱ្យមន្ត្រីតុលាការពន្លឿននីតិវិធីចំពោះសំណុំរឿងមួយនេះឱ្យបានឆាប់រហ័ស ដោយសារកូនប្រុសឈ្មោះ ឆាយ អឿន ដែលបានស្លាប់តាំងពីឆ្នាំ២០១៤ នៅមិនទាន់ទទួលបានយុត្តិធម៌ឡើយទេ។ ពួកគាត់អះអាងថា ជនល្មើសនៅមិនទាន់ចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ចំណែកសំណងរដ្ឋប្បវេណីក៏ពួកគេនៅមិនទាន់ទទួលបានដែរ។
ឪពុកបង្កើត លោក ឆាយ អឿន គឺ លោក គរ ឆាយ មានប្រសាសន៍ថា តាំងពីកូនប្រុសរបស់លោកស្លាប់ទៅ ស្ថានភាពគ្រួសារកាន់តែពិបាក ពិសេសប្រពន្ធ និងកូនស្រី របស់លោក ឆាយ អឿន កាន់តែប្រឈមក្នុងជីវភាពរស់នៅ។ លោកបន្តថា តាំងពីកូនប្រុសរបស់គាត់ស្លាប់ កាលពីឆ្នាំ ២០១៤ លោកបានដាក់ពាក្យប្ដឹងមកតុលាការខេត្តកំពង់ចាម កាលណោះ ដោយសារមិនទាន់មានតុលាការខេត្តត្បូងឃ្មុំទេ ហើយក្រោយមក មន្ត្រីតុលាការបានកោះហៅពួកគាត់ចំនួន៤ ដង ប៉ុន្តែនៅមិនទាន់សម្រេចបែបណាឡើយ និងចេះតែពន្យារពេលរហូតមក៖ «បាទៗ នៅមិនទាន់បានសម្រេចជាសំណង ឬ មួយផ្ដន្ទាទោសជនល្មើសនៅឡើយលោកគ្រូ។ ជនល្មើសក៏នៅតែនៅក្រៅឃុំដដែលហ្នឹង»។
លោក ឆាយ អឿន អាយុ ២៥ឆ្នាំបានស្លាប់ភ្លាមៗនៅនឹងកន្លែងជល់មាន់ក្នុងឃុំចាន់មូល ដោយសារ សមត្ថកិច្ចបាញ់ត្រូវជាច្រើនគ្រាប់ ក្នុងការចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈលោកកំពុងឈរមើលគេជល់មាន់។ ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជាក់ថា ជាឧប្បត្តិហេតុភ្លាត់គ្រាប់ត្រូវយុវជនរូបនោះស្លាប់ប៉ុណ្ណោះ។ យ៉ាងនេះក្តី គ្រួសារជនរងគ្រោះអះអាងថា មិនមែនជាករណីភ្លាត់គ្រាប់ទេ តែជាចេតនារបស់មន្ត្រីនគរបាលតែម្ដង ពីព្រោះលោក ឆាយ អឿន ត្រូវគ្រាប់កាំភ្លើងចំនួន ៣កន្លែងផ្សេងគ្នា។
ការស្លាប់របស់លោក ឆាយ អឿន បន្សល់ទុកនូវប្រពន្ធ និងកូនស្រីកំព្រាម្នាក់ ហើយត្រូវនាំគ្នាទៅរស់នៅជាមួយឪពុកម្ដាយវិញ។
កាលពីខែធ្នូ ឆ្នាំ២០១៤ ក្រុមគ្រួសារលោក ឆាយ អឿន បានដាក់ពាក្យប្ដឹងទៅសាលាដំបូងខេត្តកំពង់ចាម ដោយប្ដឹងឈ្មោះ ជី លឹមហេង ជាអធិការរងស្រុកមេមត់ ដែលជាអ្នកដឹកនាំកម្លាំងចុះបង្ក្រាបកន្លែងជល់មាន់កាលណោះ និងបក្ខពួក ៧ នាក់ទៀតពីបទមនុស្សឃាតដោយចេតនា។
ស្នងការរង និងជាប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោក ចក់ សុខកៅ ធ្លាប់មានប្រសាសន៍កាលពីខែឧសភា ឆ្នាំ២០១៧ ថា សំណុំនេះ សមត្ថកិច្ចបានបញ្ជូនទៅតុលាការអស់ហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីតុលាការនោះទេ។
កាលពីខែកក្កដា ២០១៧ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក ស៊ន មុនី បានចេញដីកាកោះអញ្ជើញជនជាប់ចោទដែលជាមន្ត្រីនគរបាលស្រុកមេមត់ ចំនួន៦ នាក់ឱ្យចូលរួមសវនាការជុំវិញសំណុំរឿងឃាតកម្មមួយនេះនៅថ្ងៃទី២៨ ខែសីហា ២០១៧។
ក្នុងដីកាកោះបញ្ជាក់ថា ជនជាប់ចោទទាំង ៦ នាក់ រួមមានលោក ជី លឹមហេង លោក ជុន គឹមហ៊ាន់ លោក សំ វណ្ណា លោក តុម សោកា លោក អ៊ី ផល្លី និងលោក រស់ ប៉ូលីន។ តុលាការបានចោទប្រកាន់ពួកគេពីបទឃាតកម្ម ដែលប្រព្រឹត្តឡើងនៅភូមិគរ ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ ២០១៤។ ករណីនេះ ជាបទល្មើសព្រហ្មទណ្ឌ និងផ្ដន្ទាទោសតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។
ទោះបីជាតុលាការសម្រេចចោទប្រកាន់ មន្ត្រីសមត្ថកិច្ចទាំងនោះក៏ដោយ ប៉ុន្តែពួកគេនៅមានសេរីភាពដដែល។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក ហួត វុទ្ធី បានទេនៅថ្ងៃទី១០ មករា។
លោក គរ ឆាយ នៅមានសង្ឃឹមថា តុលាការនឹងជួយរកយុត្តិធម៌ ដល់កូនប្រុសរបស់គាត់។ ប៉ុន្តែលោកថា ប្រសិនបើតុលាការនៅតែពន្យារពេលទៀតនោះ ហើយមិនអាចផ្ដល់យុត្តិធម៌ ដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់លោកបានពួកគាត់ ព្រមទាំងពលរដ្ឋរងគ្រោះផ្សេងទៀត នឹងលែងមានជំនឿទុកចិត្តលើប្រព័ន្ធច្បាប់ជាក់ជាមិនខាន៖ «អ៊ីចឹងខ្ញុំសុំសំណូមពរឱ្យតុលាការគាត់ជួយរកយុត្តិធម៌ ពន្លឿនការងារហ្នឹងឱ្យបានសម្រេច»។
ក្នុងពាក្យបណ្ដឹងរបស់គ្រួសារជនរងគ្រោះ ក្រៅពីស្នើសុំឱ្យតុលាការចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោសហើយ ពួកគាត់ក៏បានទាមទារសំណងរដ្ឋប្បវេណី ចំនួន១រយលានរៀល ដើម្បីយកមកទ្រទ្រង់ជីវភាពគ្រួសារ ពិសេសផ្គត់ផ្គង់ប្រពន្ធ និងកូនស្រីរបស់លោក ឆាយ អឿន ដែលកំពុងជួបការខ្វះខាត។
មន្ត្រីអង្កេតសមាគមការពារសិទ្ធិមនុស្ស (ADHOC) អាដហុក ខេត្តត្បូងឃ្មុំ លោក ឡេង សេងហាន ដែលបានចុះអង្កេតករណីនេះ កត់សម្គាល់ថាគ្រួសារជនរងគ្រោះ ពិតជាជួបបញ្ហាប្រឈមប្រាកដ មែន។ លោកមិនដឹងថា ភាពយឺតយ៉ាវរបស់តុលាការ ជានីតិវិធី ឬ ជាចេតនាពន្យារពេលនោះទេ ប៉ុន្តែលោកយល់ថារយៈពេល ៤ឆ្នាំមកហើយ គួរតែដល់ពេលតុលាការផ្ដល់យុត្តិធម៌ជូនគ្រួសារជនរងគ្រោះ៖ «បាទ សម្រាប់សមាគមអាដហុកសំណូមពរឱ្យតុលាការផងដែរ គួរតែពន្លឿននីតិវិធីជំនុំជម្រះដើម្បីផ្ដល់យុត្តិធម៌ដល់សាច់ញាតិជនរងគ្រោះ ពិសេសប្រពន្ធជនរងគ្រោះ និងកូនរបស់ជនរងគ្រោះ ដែលគាត់កំព្រាឯកោនោះ ដែលគាត់ទន្ទឹងរង់ចាំរកយុត្តិធម៌ឱ្យប្តី ឱ្យឪពុកគាត់នោះ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ មើលឃើញថា សំណុំរឿងដែលពាក់ព័ន្ធពលរដ្ឋក្រីក្រ ជាមួយសមត្ថកិច្ច ឬអាជ្ញាធរ នីតិវិធីរបស់តុលាការ គឺយឺតយ៉ាវ ឬអាចត្រូវបានគេពន្យារពេលតែម្ដង។ ខុសពីសំណុំរឿងរបស់ក្រុមហ៊ុន ឬអ្នកមានអំណាច ដែលប្ដឹងមកលើពលរដ្ឋក្រីក្រ ឬសំណុំរឿងនយោបាយ គឺមន្ត្រីតុលាការទាំងអស់តែងចាត់វិធានភ្លាមៗ គ្មានបង្អែបង្អង់ឡើយ ទោះបីជារឿងខ្លះមិនមែនជាបទល្មើសជាក់ស្ដែងក៏ដោយ។
លោកយល់ថា ប្រសិនបើសំណុំរឿងនេះ តុលាការមិនអាចផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះបានទេ ពលរដ្ឋប្រាកដជាបាត់បង់ជំនឿលើប្រព័ន្ធតុលាការជាក់ជាមិនខាន៕