
រដ្ឋាភិបាលកម្ពុជាគ្រោងបង្កើតមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលបានជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់។ នេះជាការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី និងតាក់ស៊ី នៅព្រឹកថ្ងៃទី១៤ មករា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ អ្នកឃ្លាំមើលបញ្ហាសង្គមសាទរចំពោះគម្រោងនេះ ក៏ប៉ុន្តែស្នើកុំឱ្យមានការកេងចំណេញនយោបាយពីមូលនិធិមួយនេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ប្រកាសបង្កើតមូលនិធិថ្មីមួយទៀត នោះគឺ “មូលនិធិគន្ធបុប្ផាកម្ពុជា” ដើម្បីបង្ការកុំឱ្យមន្ទីរពេទ្យមនុស្សធម៌មួយនេះត្រូវបិទទ្វារ ពេលអវត្តមានលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។ ការប្រកាសបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានបង្កើតមូលនិធិទោចក្រយាន ឬមូលនិធិស៊ីក្លូ។ «»
លោក ហ៊ុន សែន ប្រកាសថា លោកនឹងធ្វើជាប្រធានកិត្តិយសនៃមូលនិធិនេះ ដើម្បីប្រមែប្រមូលធនធានឱ្យបានកាន់តែច្រើន សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់ ក្នុងរយៈពេលជាង ២ទសវត្សន៍កន្លងទៅនេះ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញថា ការបង្កើតមូលនិធិជាតិដើម្បីធានានិរន្តរភាពនៃមន្ទីរពេទ្យគន្ធបុប្ផា គឺជារឿងល្អ ព្រោះមន្ទីរពេទ្យមួយនេះទទួលបានការជឿជាក់ពីប្រជាពលរដ្ឋខ្មែរទូទៅ ចំពោះការផ្ដល់សេវាព្យាបាលជំងឺដល់កូនចៅរបស់ពួកគាត់។ លោកបន្តថា គំនិតផ្ដួចផ្ដើមរបស់ប្រមុខដឹកនាំជាតិបែបនេះ គឺជាការរួមចំណែកមួយដ៏ប្រសើរ តែវាមិនអាចខ្វះការចូលរួមពីវិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធផ្សេងទៀតឡើយ។
អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះ យល់ឃើញថា ការធានាឱ្យបាននូវឯករាជ្យភាព និងអព្យាក្រឹត្យភាពនៃមូលនិធិ គឺជារឿងចាំបាច់បំផុត ដើម្បីធានាថាមូលនិធិមួយថ្មីនេះ នឹងមានការគាំទ្រយូរអង្វែងពីសប្បុរសជនទាំងនៅក្នុងស្រុក និងក្រៅស្រុក។ «»
មន្ទីរពេទ្យគន្ធបុប្ផាបើកដំណើរការ និងផ្ដល់សេវាព្យាលជំងឺដល់កុមារ និងស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ អស់រយៈពេលជាង ២៥ឆ្នាំហើយ។
គិតត្រឹមថ្ងៃទី២ វិច្ឆិកា ឆ្នាំ ២០១៧ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្ត្រីមានផ្ទៃពោះសរុបជិត ១៧លានករណី (១៦.៨២២.២២៥) ហើយអ្នកជំងឺភាគច្រើនស្ថិតក្នុងគ្រួសារមានជីវភាពទីទ័លក្រនៅទូទាំងប្រទេសកម្ពុជា។ នៅក្នុងដំណើរការនេះ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាសរុបជាង ៦ រយ (៦៣២) លានដុល្លារសហរដ្ឋអាមេរិក ដើម្បីចំណាយទិញថ្នាំសម្រាប់ព្យាបាលជំងឺកុមារ និង ស្ត្រីមានផ្ទៃពោះ ចំណាយទៅលើប្រាក់បៀវត្សរ៍បុគ្គលិក និងចំណាយផ្សេងៗ។
មន្ទីរពេទ្យគន្ធបុប្ផាត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរទូទៅ ទទួលស្គាល់ថា ជាមន្ទីរពេទ្យគំរូល្អលើសគេ ដោយសារសេវាព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងបានរួមចំណែកកាត់បន្ថយអត្រាមរណមាតា និងកុមារនៅកម្ពុជា ក៏ប៉ុន្តែបញ្ហាប្រឈមសំខាន់របស់មន្ទីរពេទ្យមនុស្សធម៌មួយនេះ គឺកង្វះខាតថវិកា ដែលទាមទារឱ្យមានដំណោះស្រាយជាបន្ទាន់ និងរយៈពេលវែង៕