
តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លី ជិត២០០ គ្រួសារ នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង លើកឡើងថា ចាប់តាំងពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិមក ពួកគាត់រវល់តែនៅឃ្លាំមើលដីទំនាស់របស់ពួកគាត់ ដោយមិនបានចេញទៅធ្វើការងារឆ្ងាយពីស្រុកភូមិទេ ព្រោះខ្លាចអាជ្ញាធរយកដីទៅបែងចែកឲ្យអ្នកផ្សេង។ ទាក់ទិនរឿងនេះ មេឃុំបឹងប្រាំ អះអាងថា បញ្ហាស្មុគស្មាញជុំវិញរឿងទំនាស់ដីធ្លីនេះ ដោយសារប្រជាពលរដ្ឋមិនព្រមទទួលយកតាមការដោះស្រាយរបស់អាជ្ញាធរ។
តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅឃុំបឹងប្រាំរិះគន់អាជ្ញាធរមូលដ្ឋានថា អាជ្ញាធរបានដឹងយ៉ាងច្បាស់ណាស់អំពីជីវភាពរស់នៅរបស់ពួកគាត់ ក៏ប៉ុន្តែមិនពន្លឿនដោះស្រាយទំនាស់ដីធ្លីជូនពួកគាត់ឲ្យបានឆាប់នោះទេ។
តំណាងពលរដ្ឋទំនាស់ដីធ្លីនៅឃុំបឹងប្រាំលោក អ៊ុន យ៉ាន់ ឲ្យដឹងនៅថ្ងៃទី១៤ មករាថា ចាប់តាំងពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិមក គឺពួកគាត់ចំនួន ១៩២គ្រួសាររវល់តែទៅយាមដីទំនាស់ ដោយមិនហ៊ានចេញទៅធ្វើការងារឆ្ងាយពីផ្ទះនោះទេ ពីព្រោះខ្លាចដីរបស់ពួកគាត់នោះបានទៅលើអ្នកផ្សេង ដែលធ្វើឲ្យគ្មានដីដាំដុះដោះស្រាយជីវភាពគ្រួសារ។ លោក អ៊ុន យ៉ាន់ អះអាងទៀតថា សព្វថ្ងៃជីវភាពពួកគាត់រកអង្ករច្រកឆ្នាំងស្ទើរមិនបានផង ព្រោះគ្មានរបរផ្សេងក្រៅពីធ្វើស្រែ៖ «ជួនកាលធ្វើស្រែទៅ ហើយម្យ៉ាងទៀតលុយកាក់ដែលប្រជាជនរកបានបន្តិចបន្តួចរវល់តែទាមទាររឿងដីដូច្នេះបានចេះតែអន់ថយទៅ។ ខ្ញុំទទូចចង់បានការដោះស្រាយដោយជាក់ស្ដែងដែលប្រជាជននៅកន្លែងណាសុំឲ្យដោះស្រាយនៅលើដីនោះ ដូចប្រសាសន៍របស់សម្ដេច ហ៊ុន សែន គាត់និយាយថា អ្នកណានៅកន្លែងចាស់ជូនកន្លែងនោះ ដូច្នេះហើយខ្ញុំចង់ឲ្យបានរកយុត្តិធម៌ជាក់ស្ដែងនៅលើការអាស្រ័យផល»។
លោកបន្ថែមទៀតថា មួយរយៈចុងក្រោយនេះអាជ្ញាធររវល់តែការងារនយោបាយ ដោយមិនបានដោះស្រាយបញ្ហាទំនាស់របស់ពួកគាត់ឡើយ។
ទាក់ទងនឹងបញ្ហានេះមេឃុំបឹងប្រាំ លោក ឈា នី មានប្រសាសន៍ថា កន្លងមកអាជ្ញាធរខេត្តបាត់ដំបងបានបង្កើតគណៈកម្មការដោះស្រាយរឿងទំនាស់នេះ ដោយបង្វែរឲ្យពួកគាត់ទៅយកដីតំបន់អក្សរតេ (T) ចំនួន៣០០ហិកតារនៅស្រុកគាស់ក្រឡ ប៉ុន្តែប្រជាពលរដ្ឋទាំង១៩២គ្រួសារទៅវិញទេដែលមិនព្រមទទួលយកតាមដំណោះស្រាយរបស់អាជ្ញាធរ ទើបធ្វើឲ្យរាំងស្ទះរហូតមកទល់សព្វថ្ងៃ៖ «យើងដាក់កម្លាំងចុះមកនៅសាលាស្រុកស្រាប់តែគាត់មានប្រតិកម្មមិនទទួលយកវិញរឿងនឹងបានជាអាជ្ញាធរគេសម្រាកតាំងពីពេលនោះមករហូតមិនទាន់យន្តការផ្សេងនៅឡើយទេ ប៉ុន្តែអាជ្ញាធរគេមានដំណោះស្រាយមួយទៀត នៅថ្ងៃខាងមុខ»។
ទោះជាយ៉ាងនេះក្ដីមន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តបាត់ដំបងលោក ហេង សាយហុង កត់សំគាល់ថា មូលហេតុដែលប្រជាពលរដ្ឋមិនទទួលយកដីតាមការដោះស្រាយរបស់អាជ្ញាធរខេត្ត ដោយសារដីនៅតំបន់ដែលដោះដូរនោះ ជាដីតំបន់ដាច់ស្រយាលឆ្ងាយពីមនុស្សរស់នៅ និងផ្លូវគមនាគមន៍ពិបាកធ្វើដំណើរ៖ «បើគេយកយកយូរណាស់ហើយ ព្រោះយកមិនកើតទេព្រោះដីតំបន់នោះមិនពិតប្រាកដថាជាដីណាច្បាស់លាស់ទេ ម្យ៉ាងជាដីដែលគេកម្មសិទ្ធិអស់ហើយ»។
ផ្ទៃដីទំនាស់នៅឃុំបឹងប្រាំសរុបជាង ១ពាន់ហិកតារ (១,០៨០) ដោយមានទំនាស់រវាងពលរដ្ឋនិងពលរដ្ឋ។ ពលរដ្ឋចំនួន១៩២គ្រួសារអះអាងថាពួកគាត់បានកាន់កាប់ដីនោះតាំងពី១៩៩៩រហូតមក ចំណែកពលរដ្ឋម្ខាងទៀតចំនួនជាង ១ពាន់ ២០០គ្រួសារមានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដែលមកពីតំបន់ផ្សេង ដែលអាជ្ញាធរមូលដ្ឋានជាអ្នកនៅពីក្រោយពួកគាត់។ ដីនេះមានទំនាស់ខ្លាំងតាំងពីឆ្នាំ២០១២ រហូតមកទល់បច្ចុប្បន្ននៅមិនទាន់ដោះស្រាយបាននៅឡើយ។ សព្វថ្ងៃប្រជាពលរដ្ឋទាំងសង្ខាងរស់នៅប្រាស្រ័យទាក់ទងគ្នាជាធម្មតាដោយពុំមានបញ្ហានោះទេ ហើយពលរដ្ឋចំនួន១៩២គ្រួសារបន្តធ្វើស្រែនៅលើដីនោះបណ្ដោះអាសន្ន ដោយរង់ចាំការដោះស្រាយបន្តទៀត៕