Clik here to view.

អធិការស្រុកដំណាក់ចង្អើរ បានចេញលិខិតអញ្ជើញប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខែត្រកែប លោក នន់ តារា ឲ្យចូលខ្លួនបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរការងារផ្ទាល់ខ្លួន។ នៅក្នុងលិខិតអញ្ជើញចុះថ្ងៃទី១០ មករា ដោយអធិការស្រុកដំណាក់ចង្អើរ គឺលោកវរសេនីយ៍ទោ តូច សុវណ្ណ បានអញ្ជើញលោក នន់ តារា ឲ្យចូលខ្លួននៅថ្ងៃទី១១ ខែមករា វេលាម៉ោង ២រសៀល។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខែត្រកែប លោក នន់ តារា ឲ្យដឹងថា ដើមចមដែលសមត្ថកិច្ចកោះហៅលោក គឺក្រោយពេលដែលលោកមានជម្លោះទាស់ទែងពាក្យសម្ដីគ្នាជាមួយជំទប់ទី១ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខែត្រកែប។ លោក នន់ តារា អះអាងថា ជម្លោះពាក្យសម្ដីនោះដោយសារជំទប់ទី១ ឃុំអង្កោល បានព្រមានចាប់ពលរដ្ឋដាក់ពន្ធនាគារនៅពេលដែលពួកគេជជែកគ្នាពីរឿងថៃ ចាប់ជនជាតិខ្មែរ។ លោកថា លោកបានប្រាប់ទៅជំទប់ទី១ ឃុំអង្កោល កុំឲ្យព្រមានពលរដ្ឋបែបនេះ ប៉ុន្ដែត្រូវបានជំទប់ទី១នោះខឹងសម្បា ហើយគំហកថា គាត់និយាយពីការចាប់នោះគឺសំដៅលោក កឹម សុខា។
អាស៊ីសេរីមិនអាចរកប្រភពដើម្បីសុំការបំភ្លឺពីជំទប់ទី១ ឃុំអង្កោល លោក ម៉ី ជី និងអធិការស្រុកដំណាក់ចង្អើរ លោក តូច សុវណ្ណ ដើម្បីបំភ្លឺចំពោះការលើកឡើងរបស់ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ នៅខែត្រកែប បានទេ កាលពីថ្ងៃទី១០ ខែមករា។
បើទោះយ៉ាងណា លោក នន់ តារា ធ្លាប់អះអាងប្រាប់អាស៊ីសេរី ថា នៅក្រោយពេលដែលគ្មានសមាជិកក្រុមប្រឹក្សាខែត្រ ស្រុក ក្រុង និងឃុំសង្កាត់ណាម្នាក់នៅក្នុងខែត្រកែប ព្រមចុះចូលជាមួយគណបក្សកាន់អំណាច ពួកគាត់តែងរងការតាមដានពីក្រុមប៉ូលិស នៅពេលដែលពួកគាត់ជួបជុំគ្នាម្ដងៗ៕