Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បក្ស​ប្រឆាំង​សុំ​ចរចា​ជាមួយ​ក្រសួងមហាផ្ទៃ​រឿង​ក្រសួង​ចោទ​ថា​បក្ស​ធ្វើ​ខុស​លក្ខន្តិកៈ

$
0
0

គណបក្ស​សង្គ្រោះ​ជាតិ ចាត់​តាំង​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​ប្រាំ​រូប សុំ​ជួប​ចរចា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ជជែក​ពិភាក្សា​ករណី​ក្រសួង​ចោទ​ប្រកាន់​ថា គណបក្ស​ធ្វើ​សមាជ​វិសាមញ្ញ​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​បក្ស ខុស​លក្ខន្តិកៈ និង​សំណើ​ដក​ចេញ​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ»។ ចំណែក​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ឆ្លើយតប​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​កែប្រែ​អ្វី​ដែល​ខុស​ឆ្គង​នោះ​ទេ មិន​បាច់​ជួប​ចរចា​ក៏​បាន​ដែរ។

សំណើ​សុំ​ជួប​ចរចា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​២៣ ខែ​មីនា នេះ ផ្ញើ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ជួប​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ឬ​មន្ត្រី​ផ្សេង​ទៀត​នៃ​ក្រសួង​នេះ ដើម្បី​ជជែក​រក​ដំណោះស្រាយ​ពី​ខ្លឹមសារ​លិខិត​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

ការ​ប្រកាស​សុំ​ជួប​ភាគី​ក្រសួង​មហាផ្ទៃ ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ក្រោយ​ពេល​ក្រសួង​មហាផ្ទៃ ផ្ញើ​លិខិត​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​ថា សមាជ​វិសាមញ្ញ​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​គណបក្ស​ថ្មី​កាល​ពី​ដើម​ខែ​មីនា ផ្ទុយ​នឹង​ប្រការ​៤៧ នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​២០១៣ និង​សំណើ​របស់​ក្រសួង​មហាផ្ទៃ ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដក​ចេញ​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ» ព្រោះ​ពាក្យ​នេះ​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ ច្បាប់​គណបក្ស​នយោបាយ និង​ច្បាប់​បោះឆ្នោត។

លិខិត​របស់​លោក ស ខេង ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា រៀបរាប់​ថា អាណត្តិ​នៅ​សល់​មាន​រយៈពេល​តិច​ជាង ១៨​ខែ គិត​ត្រឹម​កាលបរិច្ឆេទ​ដែល​លោក សម រង្ស៊ី បាន​លាលែង​ចេញ​ពី​តំណែង​ជា​ប្រធាន​គណបក្ស​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ប្រាប់​អាស៊ីសេរី​ថា គណបក្ស​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​ក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មីនា ដោយ​ស្នើ​ជួប​រដ្ឋមន្ត្រី ឬ​មន្ត្រី​ក្រសួង​នេះ ដើម្បី​ជជែក​រឿង​នេះ​ឲ្យ​ច្បាស់។ អ្វី​លើស​ពី​នេះ លោក យឹម សុវណ្ណ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ៖ «គណបក្ស​បាន​សរសេរ​លិខិត​ទៅ​ជូន​សម្ដេច​ក្រឡា​ហោម ស្នើសុំ​ជួប​សម្ដេច ឬ​ក៏​តំណាង​ក្រសួង​មហាផ្ទៃ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ដែល​បាន​លើក​ឡើង​ពី​នៅ​ក្នុង​លិខិត​ហ្នឹង»

ឆ្លើយតប​នឹង​សំណើ​បក្ស​ប្រឆាំង អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​កែប្រែ​តាម​អ្វី​ដែល​ក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​នេះ​ទេ ការ​ជួប​គ្នា​នេះ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ ចំពោះ​ចំណាត់ការ​យ៉ាង​ណា​របស់​ក្រសួង​មហាផ្ទៃ មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ លោក ខៀវ សុភ័គ ថា​អាស្រ័យ​លើ​គណបក្ស​ប្រឆាំង​វិញ​ទេ តើ​យល់ព្រម​កែ​តម្រូវ​កំហុស​ឆ្គង​របស់​ខ្លួន​ដែរ​ឬ​ទេ?

ចំណែក​សំណើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដក​ចេញ​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ» អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ រូប​នេះ​និយាយ​ថា នេះ​គ្រាន់​តែ​ស្នើសុំ​ឲ្យ​ដក​ចេញ​ទេ។ ដក​ឬ​មិន​ដក អាស្រ័យ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​លោក​ព្រមាន​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដក​ពាក្យ​នេះ​ទេ នឹង​មាន​បញ្ហា​កើត​ឡើង​ជា​បន្ត​ទៀត៖ «ការ​ដក​មិន​ដក អាស្រ័យ​ទៅ​លើ​អស់​លោក​ប្រកាន់​ទៅ​លើ​មាគ៌ា​តឹងតែង ឬ​គេ​ហៅ​ថា​ពាក្យ​ខ្មែរ​ពាក្យ​សាមញ្ញ ពួក​ក្បាល​រឹង​ហ្នឹង​ឯង។ បើ​មិន​ដក​ទេ វា​មាន​វែង​ឆ្ងាយ​ជាង​នេះ​ទៀត​មិន​ចប់​ទេ»

គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សមាជ​វិសាមញ្ញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ដោយ​កែប្រែ​ប្រការ​ចំនួន​ពីរ​នៅ​ក្នុង​លក្ខន្តិកៈ​គណបក្ស និង​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ថ្មី​ដឹកនាំ​បក្ស មាន​លោក កឹម សុខា ជា​ប្រធាន និង​អនុប្រធាន​បី​រូប។ ភ្លាមៗ​នោះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​អបអរ​លោក កឹម សុខា។ ក្នុង​ពេល​នោះ​ដែរ លោក សម រង្ស៊ី សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា នេះ​ជា​ការ​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​នៃ​ថ្នាក់​ដឹកនាំ​ថ្មី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (Nicfec) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា គំនិត​ខ្វែង​គ្នា​ពី​ភាព​ស្រប​ច្បាប់​នៃ​សមាជ​វិសាមញ្ញ​របស់​គណបក្ស ផ្ដើម​ពី​លោក ស ខេង និង​លោក ហ៊ុន សែន ដូចនេះ ព្រោះ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ប្រើ​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ»។ លោក​យល់​ថា ប្រសិន​បើ​ការ​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រសួង​មហាផ្ទៃ កើត​មាន នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​ប្រែ​ស្ងប់ស្ងាត់​វិញ៖ «ចឹង​បាន​ន័យ​ថា​ជំហរ​របស់​ក្រសួង​មហាផ្ទៃ គាត់​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដក​សារ (ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ) ហ្នឹង​ចេញ ហើយ​បាន​ជួប​ចរចា​រឿង​សមាជ​ប្រហែល​មិន​មាន​រឿង​អី​ធំ​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ យល់ព្រម​ដក​សារ​នោះ​ចេញ​ទៅ​ប្រហែល​ជា​និយាយ​គ្នា​បាន​ហើយ​តាម​មើល»

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា សកម្មជន​អាច​ប្រើ​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ»។ លោក​ថា ពាក្យ​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​របស់​ខ្លួន​ទាំង ៥​ចំណុច ដែល​សមាជ​វិសាមញ្ញ​សម្រេច​ដាក់​ចេញ​យក​ទៅ​ប្រើប្រាស់​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ខាង​មុខ​នោះ​ទេ។ ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ព្រមាន​ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ បើ​បន្ត​ប្រើ​ពាក្យ​នេះ​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles