Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ស្ថានភាព​នៃ​ការ​រៀបចំ​ពិធី​បុណ្យ​ទន្លេ​នៅ​ខែត្រ​ស្ទឹងត្រែង

$
0
0

ពលរដ្ឋ​រស់​នៅ​ជនបទ​នៃ​ខែត្រ​ស្ទឹងត្រែង និង​ពលរដ្ឋ​មក​ពី​ខែត្រ​នានា​ទូទាំង​ប្រទេស សម្រុក​ទៅ​ចូលរួម​ពិធី​បុណ្យ​ទន្លេ​នៅ​ខែត្រ​ស្ទឹងត្រែង ជា​បណ្ដើរៗ។ អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ប៊ុន ណារី បញ្ជាក់​ថា អាជ្ញាធរ​បាន​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​សុវត្ថិភាព សន្តិសុខ​ជូន​ពលរដ្ឋ ដោយ​សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។

ការ​តាំង​ពិព័រណ៍​លក់​ផលិតផល ត្រូវ​បាន​រៀប​ជា​ជូរ​នៅ​មុខ​សាលា​ខែត្រ​ស្ទឹងត្រែង រហូត​ដល់​មាត់​ទន្លេ។ ផលិតផល​ទាំង​នោះ​ភាគ​ច្រើន​នាំ​មក​ពី​ប្រទេស​ថៃ រួម​មាន​សម្ភារៈ​កីឡា សម្ភារៈ​ផ្ទះបាយ សម្លៀក​បំពាក់ និង​ស្បែក​ជើង​ជាដើម។ ដោយ​ឡែក​ផលិតផល​ជនជាតិ​ឡាវ មាន ១៨​តង់ ពុំ​ទាន់​ឃើញ​តាំង​លក់​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា។ រី​ឯ​ផលិត​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នា​ខែត្រ​ភាគ​ឦសាន គឺ​ឃើញ​តាំង​លក់​មួយ​ចំនួន​តូច។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខែត្រ​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ថា គណៈកម្មការ​អន្តរក្រសួង​បាន​ត្រៀម​តង់​សម្រាប់​ជួល ៥២០​តង់ ក្នុង​នោះ​ចំនួន ២០០​តង់ គឺ​ជួល​ឲ្យ​ជនជាតិ​ថៃ និង ១៨​តង់ ត្រៀម​ជួល​ឲ្យ​ជនជាតិ​ឡាវ។ ក្រៅ​ពី​នេះ តង់​មួយ​ចំនួន​សម្រាប់​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន មន្ទីរ​ពាក់ព័ន្ធ អង្គការ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជាដើម។

លោក​បញ្ជាក់​ថា គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​មាន​ការ​កំណត់​តម្លៃ​លក់​ផលិតផល​ក្នុង​ស្រុក​ត្រឹមត្រូវ ហើយ​ប្រសិនបើ​មន្ទីរ​ពាក់ព័ន្ធ អង្គការ និង​សហគមន៍​ពុំ​មាន​លទ្ធភាព​ជួល​តង់ គណៈកម្មការ​បុណ្យ​នឹង​ផ្ដល់​ជូន​ដោយ​មិន​គិត​ថ្លៃ៖ «បុណ្យ​ទន្លេ​មាន​អត្ថប្រយោជន៍​ច្រើន​ធំធេង​ណាស់។ វា​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​ពិសេស និង​ព្រឹត្តិការណ៍​មួយ​ដ៏​ធំ​ដើម្បី​ទាក់ទាញ។ យើង​រៀបចំ​ដើម្បី​កំណើត​ភ្ញៀវ​កើន​ឡើង​ពេល​អនាគត ហើយ​ទី​ពីរ គឺ​យើង​ធ្វើ​គឺ​ដើម្បី​រំឭក​គុណ​ព្រះ​គង្គា និយាយ​រួម​ទៅ​ផ្តល់​ឲ្យ​ពលរដ្ឋ​យើង​នូវ​អត្ត​ប្រយោជន៍​ច្រើន»

គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​ទន្លេ បាន​កំណត់​តម្លៃ​ជួល​តង់​ក្នុង​ពិធី​បុណ្យ​នេះ ១​តង់ មួយ​រយ​ដុល្លារ។ ប្រាក់​ទាំង​នេះ នឹង​ត្រូវ​បង្វិល​ចាត់ចែង​ចំណាយ​ពិធី​បុណ្យ។ អាជ្ញាធរ​ខែត្រ​បាន​រៀបចំ​ទី​កន្លែង​ប្រារព្ធ​ពិធី​ប្រគំ​តន្ត្រី ៣​ទីតាំង និង​រៀបចំ​ភ្លើង​លម្អ​តាម​ស្ពាន បង្គោល​ភ្លើង​កាត់​ទទឹង​ថ្នល់ និង​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិស័យ​ទេសចរ​ខែត្រ​នេះ។

អភិបាល​ក្រុង​ស្ទឹងត្រែង លោក ប៊ុន ណារី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ថា កម្លាំង​របស់​អាជ្ញាធរ​ខែត្រ​មាន​បី​ប្រភេទ រួម​ទាំង​កម្លាំង​សមត្ថកិច្ច​របស់​អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការ​ខែត្រ​ផ្សេង​បាន​ជួយ​ការពារ​សន្តិសុខ​ចល័ត​ក្នុង​ពិធី​បុណ្យ​នេះ​ផង។ លោក​ថា អាជ្ញាធរ​ក្រុង​បាន​ត្រៀម​បន្ទប់​ស្នាក់នៅ​ជូន​ភ្ញៀវ ដោយ​រៀបចំ​ផ្ទះ​ស្នាក់​ទីក្រុង​មាន​បន្ទប់ ២០០​បន្ទប់​បន្ថែម​ទៀត ខណៈ​ការ​ផ្ដល់​សេវា​ស្នាក់​នៅ​របស់​ម្ចាស់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ក្នុង​ខែត្រ​នេះ​មាន​ត្រឹម​ចំនួន ៨៦០​បន្ទប់។ ក្រៅ​ពី​នេះ​អាជ្ញាធរ​ក៏​បាន​ត្រៀម​រៀបចំ​កន្លែង​ស្នាក់ តាម​ផ្ទះ​របស់​ពលរដ្ឋ វត្ត​អារាម និង​សាលារៀន៖ «កម្មវិធី​បុណ្យ​នេះ​យើង​មាន​កម្លាំង​ការពារ​ខាង​ក្រៅ កម្លាំង​ការពារ​ខាង​ក្នុង ក៏​ដូចជា​ការ​ចល័ត​ក្នុង​ទីតាំង​បុណ្យ​នោះ​ផង​ដែរ។ អ៊ីចឹង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​បុណ្យ​នៅ​ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង​នេះ សុំ​កុំ​ឲ្យ​ព្រួយ​បារម្ភ​ពី​បញ្ហា​សន្តិសុខ​អី»

តាម​គម្រោង​វិធី​បុណ្យ​នេះ នឹង​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជាង ៥​ម៉ឺន​នាក់ ហើយ​នៅ​ថ្ងៃ​ទី​២៥ មីនា គណៈប្រតិភូ​តំណាង​រាជរដ្ឋាភិបាល លោក យឹម ឆៃលី និង​មក​សម្ពោធ​បើក​ពិធី​នេះ។ ពិធី​បុណ្យ​នេះ​ជា​ការ​រំឭក​គុណ​ព្រះ​គង្គា ដែល​ផ្ដល់​សក្ដានុពល​ធម្មជាតិ​សម្បូរ​បែប​ស្រោចស្រព​ដំណាំ​កសិកម្ម ជា​ប្រភព​ប្រាក់​ចំណូល​ពលរដ្ឋ និង​ប្រព័ន្ធ​ជីវចម្រុះ​សម្បូរ​បែប​ទ្រទ្រង់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​មិន​ចេះ​រីង​ស្ងួត។

​អាជីវករ​លក់​ស្បែង​ជើង​ឲ្យ​ជនជាតិ​ថៃ មក​ពី​ខែត្រ​ត្បូងឃ្មុំ លោក កៃ ម៉ាកី ឲ្យ​ដឹង​ថា ពួកគាត់​បើក​ស្តង់​លក់​ផលិតផល​មុន​ពិធី​បុណ្យ​នេះ​ចាប់​ផ្ដើម ២​យប់ ៣​ថ្ងៃ មាន​មនុស្ស​មើល​កម្សាន្ត​ច្រើន​នៅ​ពេល​យប់។ លោក​ថា ផលិតផល​ដែល​តាំង​លក់​គឺ​សុទ្ធសឹងតែ​ជា​ផលិតផល​ពី​ប្រទេស​ថៃ មាន​ការ​បង់ពន្ធ​ត្រឹមត្រូវ និង​មាន​គុណភាព​ខ្ពស់​លក់​ក្នុង​តម្លៃ​សមរម្យ៖ «ភាគ​ច្រើន​មក​ពី​បាងកក ព្រោះ​ក្រុមហ៊ុន​គេ​ផលិត​ធំៗ​ផលិត​នៅ​បាងកក ភាគ​ច្រើន»

ខែត្រ​ស្ទឹងត្រែង ធ្វើ​ជា​ម្ចាស់ផ្ទះ​បុណ្យ​ទន្លេ​លើក​ទី​៣ ដែល​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែ​មីនា នេះ បន្ទាប់​ពី​លើក​ទី​១ កាល​ពី​ឆ្នាំ​២០១៥ ធ្វើ​នៅ​ខែត្រ​ក្រចេះ មាន​មនុស្ស​ចូលរួម​ជាង ១០​ម៉ឺន​នាក់ និង​លើក​ទី​២ នៅ​ខែត្រ​កំពង់ចាម កាល​ពី​ឆ្នាំ​២០១៦ មាន​មនុស្ស​ចូលរួម​ជាង ៥០​ម៉ឺន​នាក់។

អ្នក​ចូល​រួម​ពិធី​បុណ្យ​នេះ​មក​ពី​រាជធានី​ភ្នំពេញ គឺ​លោកស្រី ភ័ណ សៀងលី សម្ដែង​ក្ដី​រីករាយ​ដែល​រដ្ឋាភិបាល​បង្កើត​ពិធី​បុណ្យ​ទន្លេ​នេះ​ឡើង ប្រយោជន៍​លើ​ស្ទួយ​ផលិតផល​របស់​ខ្មែរ និង​ជា​សញ្ញា​បង្ហាញ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​បរទេស​ស្គាល់​ពី​តម្លៃ​ធនធានធម្មជាតិ​តាម​ដង​ទន្លេ៖ «សប្បាយ​ចិត្ត​ដូច​ថា បាន​បង្កើត​កម្មវិធី​នេះ​ឡើយ ប្រជាជន​ខ្មែរ និង​ផលិតផល​ខ្មែរ បាន​មក​តាំង​អ៊ីចឹង​ទៅ ដូច​ថា​មាន​ផលិតផល​អី​ខ្លះ​របស់​ខ្មែរ»

រាជរដ្ឋាភិបាល​សម្រេច​បង្កើត​ពិធី​បុណ្យ​ទន្លេ​តាម​បណ្ដា​ខែត្រ​មួយ​ចំនួន​នៅ​ជាប់​ដង​ទន្លេ ក្នុង​ទិសដៅ​ជំរុញ​ឲ្យ​មាន​ការ​ត​ភ្ជាប់​មហា​អនុ​តំបន់​ទន្លេ​មេគង្គ និង​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​សមាជិក​ទន្លេ​មេគង្គ​លើ​ឆាក​អន្តរជាតិ។ បន្ថែម​ពី​នេះ គឺ​ផ្ដោត​លើ​ការ​បង្កើត​ផលិតផល​ថ្មី​ឲ្យ​បាន​ច្រើន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត និង​បាន​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ឲ្យ​មនុស្ស​ជាតិ​ស្គាល់​ពី​តម្លៃ​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ តែ​យ៉ាង​ណា​ពិធី​បុណ្យ​នេះ គេ​សង្កេត​ឃើញ​ថា ពុំ​ឃើញ​មាន​ការ​តាំង​លក់​ផលិតផល​របស់​វៀតណាម នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles