Clik here to view.

នាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាង (Li Keqiang) នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការមកកាន់រាជធានីភ្នំពេញ នៅសប្ដាហ៍ក្រោយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីដំណើរទស្សនកិច្ចនេះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា ក្នុងដំណើរទស្សនកិច្ចនេះ ក៏នឹងមានអ្នកវិនិយោគិនចិន ជាច្រើនមករកឱកាសបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានថ្លែងកាសែតភ្នំពេញ ប៉ុស្តិ៍ ថា លោក លី ខឹឈាង នឹងចូលរួមកិច្ចប្រជុំមេគង្គ-ឡានឆាង លើកទី២ នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃពុធ ទី១០ ខែមករា ហើយនឹងចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅថ្ងៃបន្ទាប់។
អ្នកវិភាគនយោបាយឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការមកបំពេញទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗ របស់ចិន ជាបន្តបន្ទាប់នេះ គឺជាសញ្ញាបង្ហាញពីការគាំទ្ររបស់ចិន មកលើគណបក្សប្រជាជនកម្ពុជា ខណៈប្រទេសលោកសេរី កំពុងចេញមុខថ្កោលទោស និងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ក្រោយការបង្ក្រាបទៅលើគណបក្សប្រឆាំង និងក្រុមអ្នករិះគន់ដែលនាំឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុត។ ទន្ទឹមគ្នានេះ ចិនក៏ឆក់យកឱកាសកេងចំណេញឥទ្ធិពលនយោបាយក្នុងតំបន់ និងពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនដែរ៖ «»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ប្រទេសចិន បានប្រកាសយ៉ាងមហោឡារឹកថា នឹងធ្វើជាបង្អែកដ៏រឹងមាំរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស ហើយប្រទេសចិន បានយល់ព្រមផ្តល់ជំនួយរាប់រយលានដុល្លារដល់កម្ពុជា។ ចំណែកក្រុមហ៊ុនមកពីប្រទេសចិន បានសន្យាថា នឹងធ្វើការវិនិយោគថ្មីចំនួន ៧ពាន់លានដុល្លារ។
ស្របពេលកម្ពុជា មានទំនាក់ទំនងរកាំរកូសជាមួយប្រទេសលោកសេរីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយមន្ត្រីកំពូលៗ របស់ចិន ជាច្រើនលើក ដែលក្នុងនោះក៏មានកិច្ចប្រជុំចំនួន ២ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង នៅក្នុងទីក្រុងប៉េកាំង កាលពីខែឧសភា និងធ្នូ។
មជ្ឈដ្ឋានមួយចំនួនសម្តែងការព្រួយបារម្ភអំពីទំនាក់ទំនងកម្រិតកំពូលរវាងបក្សកាន់អំណាច និងប្រទេសចិន នេះ ព្រោះពួកគេយល់ថា គណបក្សកាន់អំណាចនឹងកាន់តែហ៊ានធ្វើអ្វីៗ តាមតែអំពើចិត្តដោយមិនខ្វល់ពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ៕