
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២ មករា ព្រមានជាមុនអំពីអាកាសធាតុមិនសូវល្អ ដែលនឹងនាំឲ្យមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស។ ក្រសួងបានព្យាករណ៍ថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេស ចាប់ពីតិចទៅបង្គួរ ហើយជាពិសេសគឺនៅតំបន់ទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ។ ក្រសួងនេះបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានភ្លៀងធ្លាក់ នេះ គឺដោយសារ មានវិសម្ពាធមួយកើតឡើងនៅភាគអាគ្នេយ៍ប្រទេសហ្វីលីពីន ហើយវិសម្ពាធនេះនឹងរំកិលខ្លួនចូលទៅក្នុងសមុទ្រចិនខាងត្បូង រួចបន្តមកកាន់តំបន់ដីសណ្ដទន្លេមេគង្គ។
ដោយឡែកសីតុណ្ហភាពនៅទូទាំងប្រទេសវិញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១០មករា គឺអប្បបរមា ឬទាបបំផុត នៅចន្លោះពី ២៣ ទៅ ២៤ អង្សាសេ។ ឯសីតុណ្ហភាពអតិបរមា ឬដែលខ្ពស់បំផុត គឺនៅចន្លោះពី ២៩ ទៅ៣០ អង្សាសេ៕