Clik here to view.

ជំនួញឈើឆ្លងដែនខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម នៅតែជាក្តីបារម្ភរបស់សហគមន៍ និងអ្នកឃ្លាំមើលផ្នែកបរិស្ថាន ខណៈដែលរដ្ឋាភិបាលពុំមានវិធានការទប់ស្កាត់ដូចការសន្យា។ ពលរដ្ឋរស់នៅឃុំស្តៅ ស្រុកសេសាន ខែត្រស្ទឹងត្រែង អះអាងថា ការដឹកជញ្ជូនឈើចូលផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដើម្បីបម្លែងជាឈើស្របច្បាប់ រួចយកទៅលក់នៅប្រទេសវៀតណាម នៅតែកើតមានពេញបន្ទុក បើទោះបីទំនប់វារីអគ្គិសនីសេសានក្រោមពីរ បិទទ្វារទឹកជាស្ថាពរហើយក្តី។
កម្មករក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងពលរដ្ឋរស់នៅស្រុកសេសាន ខែត្រស្ទឹងត្រែង ចាត់ទុកការដឹកជញ្ជូនឈើចូលផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ជាអាជីវកម្មឈើខុសច្បាប់ទ្រង់ទ្រាយធំមួយ ដែលបំផ្លាញធនធានធម្មជាតិ និងជីវចម្រុះជាប្រព័ន្ធ ដោយមានការបើកដៃពីអាជ្ញាធររដ្ឋាភិបាល។ ពួកគេអះអាងថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល មិនត្រឹមតែមិនទប់ស្កាត់ល្មើសព្រៃឈើទេ បែរជាឃុបឃិតគ្នាបណ្ដោយឲ្យបទល្មើសព្រៃឈើនៅតែកើតមាន។
កម្មករក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ថ្លែងសុំមិនបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃទី២៩ ខែធ្នូ ថា ក្នុងមួយយប់ៗ មានរថយន្តបាកុងដឹកឈើមូលធំៗ មិនក្រោម ១០គ្រឿងទេ ចូលរោងចក្រអារឈើចំនួន ២កន្លែង ក្នុងតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។ លើសពីនេះក៏មានរថយន្តយីឌុបត្រៀមដឹកជញ្ជូនចេញយកទៅលក់នៅប្រទេសវៀតណាម ទៀត។ លោកថា ក្នុងមួយយប់ៗ មានរថយន្តយីឌុបមិនក្រោម ១៥គ្រឿងទេ ផ្ទុកឈើចាប់ពី ៣០ម៉ែត្រគូប ដល់ ៥០ម៉ែត្រគូបក្នុងមួយរថយន្ត៖ «អាវ៉េវ (រថយន្តបាកុង) ភាគច្រើនដឹកឈើប្រភេទសរសេរ ភាគច្រើនដុលធំៗចាប់ពីមុខកាត់ ៣តឹកឡើងទៅមិនក្រោម ១៥គ្រឿងក្នុងមួយយប់ៗ។ អំឡុងពេលម៉ោង ១០ និងម៉ោង ១១យប់ចាប់ផ្ដើមចរាចរណ៍ពីវារីអគ្គិសនីទៅខាងរតនគិរី និងផ្លូវធំទៅក្រចេះ ឆ្លងទៅវៀតណាម»។
បុរសដដែលអះអាងថា ជំនួញឈើតាមរថយន្តយីឌុបជារៀងរាល់យប់នេះ គឺជាប្រភពនៃវិនាសកម្មព្រៃឈើដ៏ធំសម្បើមនៅកម្ពុជា ជះឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងការប្រែប្រួលអាកាសធាតុ។
ជំទប់ទី២ ឃុំស្តៅ ស្រុកសេសាន មកពីគណបក្សសង្គ្រោះជាតិ ដែលទើបដកពីតំណែងលោក ប៊ុ ចន្ធី ឲ្យដឹងថា ឈើមូលមុខកាត់ ៤០ឡើងទៅ ត្រូវបានគេកាប់ធ្វើអាជីវកម្ម ដឹកជញ្ជូនចូលផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ជារៀងរាល់ថ្ងៃ។ លោកបញ្ជាក់ថា សកម្មភាពកាប់ឈើនេះ បានរាលដាលដល់តំបន់ក្បែរសហគមន៍រស់នៅ និងព្រៃស្រោងមួយចំនួនដែលសហគមន៍អាស្រ័យផល។ លោកបារម្ភថា ទំហំព្រៃឈើក្បែរតំបន់ពលរដ្ឋរស់នៅ និងអាស្រ័យផលតាំងពីដើមមក នឹងរលាយទាំងស្រុងនៅពេលឆាប់ៗនេះ៖ «មានគោយន្តខ្លះ និងឡានបាកុង ជាង ២០គ្រឿង ឥឡូវនេះប្រជាជនកំពុងរអ៊ូរកឈើធ្វើផ្ទះគ្មាន។ កន្លងមកខ្ញុំបានអំពាវនាវទៅរដ្ឋាភិបាល តែប្រហែលជាគាត់មិនដឹងមិនដឹង។ យកមិនដឹងមានវិធីណាទប់ស្កាត់អង្គុយតែស្ដាយ»។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ដើម្បីសុំការបំភ្លឺរឿងនេះបានទេ នៅថ្ងៃទី២៩ ខែធ្នូ ព្រោះទូរស័ព្ទហៅចូលពុំមានអ្នកទទួល។ រីឯអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី ទេ។
ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានផ្ទៃដី ៣ម៉ឺន ៦ពាន់ហិកតារ (៣៦.០០០ហិកតារ) ឋិតក្នុងស្រុកសេសាន ខែត្រស្ទឹងត្រែង ដែលមានក្រុមហ៊ុនឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associates Lawyer Co., Ltd.) របស់ឧកញ៉ា គិត ម៉េង ទទួលសិទ្ធិសម្អាតបាតអាងតាំងពីឆ្នាំ២០១២។ ក៏ប៉ុន្តែពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលរកឃើញថា បច្ចុប្បន្នក្រុមហ៊ុនបានបិទទ្វារទឹកជាស្ថាពរដើម្បីបំពេញតួប៊ីនផលិតអគ្គិសនីជិត ៣ខែហើយ តែអាជីវកម្មឈើលើខ្នងទំនប់ និងការដឹកជញ្ជូនពីក្រៅចូលផ្ទៃអាងនៅតែកើតមានដដែលៗ។
មន្ត្រីឃ្លាំមើលព្រៃឈើនៃសមាគមអាដហុក (ADHOC) លោក ហូ សំអុល ចាត់ទុកអាជីវកម្មឈើទ្រង់ទ្រាយធំនេះថា ជាទង្វើផ្គើននឹងបទបញ្ជាប្រមុខរដ្ឋាភិបាលដែលជំរុញឲ្យមន្ត្រីពាក់ព័ន្ធទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ប្រភេទ ខណៈដែលរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ តែអាជីវកម្មឈើនៅតែកើតមានដោយពុំមានការទទួលខុសត្រូវ៖ «មន្ទីរកសិកម្មខែត្រថា មិនចំណាត់ការទៅហើយ ហើយថ្នាក់លើខ្ញុំមិនជឿថា មិនដឹងករណីហ្នឹងកើតឡើងនៅតែពុំមានចំណាត់ការទៀត។ ឃើញដូចពុំមានចំណាត់ការតទៅហ្នឹងការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រំដែនប្រទេសឡាវ និងខាងរតនគិរី ស្រុកសៀមប៉ាង»។
កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវពង្រឹងការអនុវត្តច្បាប់ព្រៃឈើ និងលុបបំបាត់បទល្មើសព្រៃឈើគ្រប់ប្រភេទ ក្នុងបំណងរក្សាសំឡេងឆ្នោតរបស់បក្សកាន់អំណាច បន្ទាប់ពីរដ្ឋាភិបាលរំលាយបក្សសង្គ្រោះជាតិ ដោយជោគជ័យ។ ក៏ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិល និងពលរដ្ឋកត់ចំណាំថា បទបញ្ជារបស់ប្រមុខរដ្ឋាភិបាល គឺពុំមានឥទ្ធិពលជាវិជ្ជមានក្នុងការទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាពទេ។ ផ្ទុយទៅវិញ បទល្មើសព្រៃឈើនៅតែកើនមានខ្លាំងឡើង៕