Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​ផ្លូវ​រថភ្លើង​នៅ​​ប៉ោយប៉ែត​ទទូច​ឲ្យ​អភិបាល​ក្រុង​ថ្មី​ដោះស្រាយ​សំណង

Image may be NSFW.
Clik here to view.

ប្រជាពលរដ្ឋ​ប្រមាណ​ ២០​នាក់ តំណាង​ឲ្យ​ ៣៣​គ្រួសារ ​ដែល​រស់​នៅ​អម​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ  នាំ​គ្នា​ដាក់​ញាតិ​ទៅ​សាលា​ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ ដើម្បី​ទាមទារ​ឲ្យ​អភិបាល​ក្រុង​ឡើង​កាន់​តំណែង​ថ្មី​ ជួយ​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជូន​ពួក​គាត់។ ការ​ដាក់​ញត្តិ​​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​​ពួក​គាត់​មាន​ជំនឿ​ថា​ អភិបាល​ក្រុង​ថ្មី​អាច​នឹង​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​បាន​ប្រសើរ​ជាង​អភិបាល​ក្រុង​ចាស់។

នេះ​ជា​លើក​ទី​១​ហើយ​ ដែល​ពលរដ្ឋ​រស់​នៅ​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ដាក់​ញាតិ​ទទូច​ឲ្យ​អភិបាល​ក្រុង​ថ្មី​ដោះស្រាយ​សំណង​ជូន​ពួកគាត់​ បន្ទាប់​ពី​ពួកគាត់​តវ៉ា​ឲ្យ​អភិបាល​ក្រុង​ចាស់​ជិត ​១០០​លើក​ តែ​គ្មាន​ដំណោះ​ស្រាយ។

តំណាង​ពលរដ្ឋ​រស់​នៅ​អម​ផ្លូវ​រថភ្លើង​នៅ​ក្នុង​ប៉ោយប៉ែត​ លោក វន វ័ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ​ធ្នូ ថា មូលហេតុ​ដែល​ពួកគាត់​ដាក់​ញត្តិ​ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង​ដោះស្រាយ​ជា​ថ្មី​នេះ​ ដោយសារ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ ហើយ​គ្មាន​ប្រាប់​សម្រាប់​ទិញ​ដី​សង់​ទីលំនៅ​នោះ​ទេ។ លោក​បន្ថែម​ថា​ ការ​ដាក់​ញត្តិ​នេះ​ អាជ្ញាធរ​ក្រុង​បាន​មក​ទទួល​ញត្តិ​ពី​ពួកគាត់​ហើយ ក៏​ប៉ុន្តែ​ពុំ​ដឹង​អាជ្ញាធរ​ដោះស្រាយ​ជូន​ពួកគាត់ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ៖ «ចង់​ឱ្យ​គាត់​មាន​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ព្រោះ​អាជ្ញាធរ​ក្រុង​ចាស់​ហ្នឹង​គាត់​មិន​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទេ។ គាត់​ធ្វើ​មិន​ដឹង ធ្វើ​មិន​ឭ ហើយ​អ៊ីចឹង​ខ្ញុំ​ដាក់​ថ្មី​ម្តង​ទៀត។ ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជូន​ដោយ​មាន​សំណង​សមរម្យ​ ហើយ​ឲ្យ​បាន​ដី​ដូច​ដែល​ពួក​ខ្ញុំ​រង​ផល​ប៉ះពាល់​ដែរ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អភិបាល​ក្រុង​ប៉ោយប៉ែត លោក សាន ស៊ានហូ មាន​ប្រសាសន៍​ថា លោក​ទើប​តែ​មក​ពី​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ គឺ​​ពុំ​ទាន់​ទទួល​ដំណឹង​ពី​ការ​ដាក់​ញត្តិ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​អម​ផ្លូវ​រថភ្លើង​ទាំង​នោះ​ទេ។ ក៏​ប៉ុន្តែ​លោក​​​សន្យា​ថា ​នឹង​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ​ទាំង​នោះ​ឲ្យ​​ខាង​តែ​បាន ហើយ​លោក​សង្ឃឹម​ថា ​ប្រជាពលរដ្ឋ​នឹង​ទទួល​យក​បាន​តាម​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ក្រុង៖ «អ៊ីចឹង​យើង​ទៅ​រក​ដី​មួយ​កន្លែង យើង​ពុះ​ដី​ធ្វើ​ជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម មាន​ដាក់​ត​ភ្លើង​ចូល រួច​ហើយ​យើង​ទៅ... ១២​ម៉ែត្រ គុណ​នឹង ២០​ម៉ែត្រ។ យើង​មាន​បង្កើត​សាលា​រៀន​ វត្តអារាម មាន​មណ្ឌល​សុខភាព មាន​ស្នាក់ការ​ភូមិ។ យើង​នឹង​ដោះស្រាយ​ជូន​ប្រជាជន​ណា​ដែល​គាត់​រស់​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត គ្មាន​ដី​ពិត​ប្រាកដ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(Adhoc) ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា ការ​ដាក់​ញត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ ​អាច​មាន​សង្ឃឹម​ច្រើន​ជាង​មុន ​ខណៈ​ដែល​ពួកគាត់​តវ៉ា​ឲ្យ​អភិបាល​ក្រុង​ចាស់ ​គឺ​លោក ង៉ោ ម៉េងជ្រួន ​ដែល​គ្មាន​ដំណោះ​ស្រាយ​​ជូន​ពួកគាត់​នោះ​ឡើយ។

លោក​បន្ថែម​ថា អភិបាល​ក្រុង​ថ្មី ​ត្រូវ​ពន្លឿន​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់​ ពីព្រោះ​ពួកគាត់​ក្រីក្រ ហើយ​ជួប​បញ្ហា​លំបាក​រក​ដី​សង់​ទីលំនៅ​ថ្មី​មិន​បាន​ជា​ច្រើន​ខែ​មក​ហើយ៖ «យើង​អបអរ​សាទរ ដោយសារ​យើង​សង្ឃឹម​មុត​មាំ ព្រោះ​អភិបាល​ក្រុង​ថ្មី​នេះ រូប​រាង​ខ្មៅ​មែន កាត់​ខ្មែរ​មែន ប៉ុន្តែ​ជើង​ហាក់​ដូច​ជា​មិន​ជាប់​ដី​ទេ។ គាត់​មិន​ចង់​ឱ្យ​រឿង​អាស្រូវ រួម​ទាំង​បរិស្ថាន​ផង រួម​ទាំង​បញ្ហា​ផង គាត់​មិន​ឱ្យ​កើត​ឡើង​នៅ​ប៉ោយប៉ែត​ទេ។ គាត់​ខិត​ខំ​ប្រឹងប្រែង​ដោះ​ឱ្យ​ទាល់​តែ​ចប់»​​​​​​​

ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​ធ្នូ ដដែល បន្ទាប់​ពី​​អាជ្ញាធរ​​សាលា​ក្រុង​ទទួល​ញត្តិ​របស់​ពួក​គាត់ ហើយ​ពួកគាត់​បញ្ជាក់​ថា ​នឹង​រង់ចាំ​មើល​ចំណាត់​ការ​របស់​​អាជ្ញាធរ​បន្ត​ទៀត ហើយ​ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ទេ ​ពួកគាត់​នឹង​ជួប​ជុំ​គ្នា​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles