Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សៀវភៅ​កម្រង​ទស្សនៈ​លោក គឹម សុខ នឹង​ត្រូវ​បោះពុម្ព​ផ្សាយ​នៅ​សប្ដាហ៍​ក្រោយ

$
0
0

យុវជន​ដែល​បណ្តុះបណ្តាល​ផ្ទាល់​ដោយ​បណ្ឌិត កែម ឡី គ្រោង​ចេញ​ផ្សាយ​សៀវភៅ​ថ្មី​មួយ​ក្បាល​ទៀត ដែល​ជា​ការ​ចងក្រង​នូវ​ទស្សនៈ​របស់​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​តុលាការ​ក្រុង​ភ្នំពេញ។ អ្នក​រៀបរៀង​រំពឹង​ថា សៀវភៅ​នេះ​នឹង​ក្លាយ​ជា​ទុន​មួយ​ថ្មី​ទៀត​ក្នុង​ការ​បណ្ដុះ​ទឹក​ចិត្ត​ពលរដ្ឋ​ខ្មែរ ឲ្យ​ស្រឡាញ់​ជាតិ​កាន់​តែ​ខ្លាំង។

សៀវភៅ​ថ្មី​មួយ​ក្បាល​ទៀត​របស់​យុវជន កែម ឡី និយម​នេះ មាន​ចំណង​ជើង​ថា “ទស្សនៈ​សង្គម និង​នយោបាយ​របស់​លោក គឹម សុខ”។ សៀវភៅ​នេះ​ប្រមូល​ផ្តុំ​ដោយ​ទស្សនៈ​របស់​លោក គឹម សុខ ចំនួន ១០០​ទស្សនៈ ទាក់ទង​នឹង​រឿង​នយោបាយ សេដ្ឋកិច្ច និង​សង្គម។ វា​ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក ហង្ស វិទូ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​មតិ​យោបល់​ពី​សំណាក់​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និង​អ្នក​វិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក ហង្ស វិទូ បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ មីនា ថា មូលហេតុ​ដែល​លោក​រៀបរៀង​សៀវភៅ​នេះ​ឡើង គឺ​ដើម្បី​កត់ត្រា​រាល់​គោល​គំនិត​របស់​អ្នក​ស្នេហា​ជាតិ និង​អ្នក​ហ៊ាន​និយាយ​ការពិត ដែល​មិន​សូវ​មាន​អ្នក​ណា​កត់ត្រា​ទុក។ វា​ក៏​ជា​ការ​លើក​តម្កើង និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​ស្នេហា​ជាតិ ព្រម​ទាំង​ជា​ការ​ផ្សព្វផ្សាយ​វីរភាព​របស់​ពួក​គេ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ដឹង​ផង​ដែរ។

លោក ហង្ស វិទូ ថ្លែង​ថា៖ «ការ​បោះពុម្ព​ផ្សាយ​កន្លង​មក យើង​ធ្វើ​ការ​ស្ទង់​មើល​ទៅ គឺ​មាន​ការ​គាំទ្រ​ច្រើន ហើយ​បង​ប្អូន​ដែល​គាត់​មិន​ដែល​ស្តាប់ ឬ​គាត់​មិន​អាច​ស្តាប់​ឡើង​វិញ​បាន​ដូចជា វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​មួយ​ចំនួន​ផ្សេងៗ​ទៀត អ៊ីចឹង​គាត់​អាច​មើល​សៀវភៅ​ហ្នឹង។ អ្នក​ខ្លះ​គាត់​ទៅ​មើល​គោ ក៏​គាត់​អាច​យក​សៀវភៅ​ហ្នឹង​ទៅ​មើល​បាន​ដែរ។ អ៊ីចឹង​វា​ជួយ​បណ្ដុះ​គំនិត​របស់​គាត់​ថែម​ទៀត ហើយ​ណា​មួយ​យើង​គិត​ថា​ពេលវេលា​នេះ គឺ​ជា​ពេលវេលា​មួយ​ដែល​ត្រូវ​តែ​បោះ (បោះពុម្ព) ហើយ​បោះ​ឲ្យ​បាន ដើម្បី​ឲ្យ​វា​ស្រប​ទៅ​នឹង​ស្ថានការណ៍​ដែល​កំពុង​តែ​ក្តៅ។ អ្នក​ខ្លះ​គាត់​ថា​បោះ​ទៅ​វា​អាច​គ្រោះថ្នាក់​ដល់​យើង ប៉ុន្តែ​ខ្ញុំ​គិត​ថា បណ្ឌិត កែម ឡី គាត់​ហ៊ាន​ដល់​ថ្នាក់​ស្លាប់ លោក គឹម សុខ ហ៊ាន​ដើរ​ចូល​ពន្ធនាគារ ហើយ​យើង​គ្រាន់​តែ​បោះពុម្ព​សៀវភៅ​ចែកចាយ​គំនិត​របស់​គាត់ ហើយ​យើង​មិន​ហ៊ាន ខ្ញុំ​គិត​ថា​យើង​មិន​អាច​និយាយ​បាន​ថា យើង​ជា​អ្នក​ធ្វើ​ការងារ​សង្គម​ទេ។ ជា​រួម ខ្ញុំ​គិត​ថា​សៀវភៅ​នេះ​នឹង​អាច​ជួយ​បង​ប្អូន​ប្រជាពលរដ្ឋ​មើល​ឃើញ​ពី​បញ្ហា​ជាតិ​ហ្នឹង ឲ្យ​វា​ច្បាស់​ជាង​មុន។ មាន​ន័យ​ថា បើ​គាត់​ស្រពេចស្រពិល​ទាក់ទង​នឹង​ការ​ឈ្លានពាន​របស់​គេ និង​បរិបទ​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន វា​យ៉ាង​ម៉េច»

សៀវភៅ​នេះ​មាន​កម្រាស់​ជិត ២០០​ទំព័រ សុទ្ធសឹងតែ​ជា​ការ​វិភាគ និង​ទស្សនៈ​របស់​លោក គឹម សុខ អំពី​ស្ថានភាព និង​ការ​ប្រែប្រួល​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា។ លោក ហង្ស វិទូ បញ្ជាក់​ថា សៀវភៅ​នេះ​ត្រូវ​បាន​ចងក្រង​រួច​រាល់​ហើយ និង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ពិនិត្យ​អក្ខរាវិរុទ្ធ ហើយ​អាច​នឹង​ត្រូវ​បោះពុម្ព​ផ្សាយ​យ៉ាង​យូរ​បំផុត​ត្រឹម​សប្ដាហ៍​ក្រោយ។

លោក ហង្ស វិទូ គ្រោង​នឹង​បោះពុម្ព​ផ្សាយ​សៀវភៅ​នេះ​ចំនួន ១​ម៉ឺន​ក្បាល ដែល​នឹង​ត្រូវ​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ ៥​ពាន់​ដុល្លារ​អាមេរិក។ លោក​ថា ថវិកា​នេះ​បាន​មក​ពី​ការ​ខ្ចី​គេ ហើយ​លោក​រំពឹង​ថា នឹង​សង​ប្រាក់​ត្រឡប់​ទៅ​ម្ចាស់​បំណុល​វិញ ក្រោយ​ពេល​ប្រមូល​ថវិកា​បាន​ពី​ការ​លក់​សៀវភៅ​នេះ​តាម​បណ្ណាគារ និង​តូប​លក់​សៀវភៅ​នានា ដែល​លោក​គ្រោង​លក់​ក្នុង​តម្លៃ ៣​ដុល្លារ​ក្នុង​មួយ​ក្បាល។

លោក ហង្ស វិទូ បន្ត​ថា៖ «វា​គួរ​តែ​ដល់​ពេល​ដែល​យើង​ត្រូវ​បោះ (បោះពុម្ព) ហើយ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ផង និង​ជា​ការ​រំឭក​ពី​ព្រឹត្តិការណ៍​ហ្នឹង​ផង។ ខ្ញុំ​ផ្ទាល់​ក៏​មិន​មាន​លទ្ធភាព ក៏​មិន​មាន​ថវិកា​ដែរ ប៉ុន្តែ​ដោយសារ​តែ​មាន​បង​ប្អូន និយាយ​ឲ្យ​ចំ​ទៅ​ខ្ចី​លុយ​គាត់​សិន ពេល​ដែល​យើង​បោះ​បាន យើង​ប្ដេជ្ញា​ចិត្ត​ថា​ព្យាយាម​លក់​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បាន​លុយ​សង​គេ​រួច។ យើង​ចាត់​ទុក​ថា យើង​រួច​ខ្លួន ហើយ​សៀវភៅ​នេះ​ក៏​បាន​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​យើង​បាន​អាន»

លោក ហង្ស វិទូ បញ្ជាក់​ថា សៀវភៅ​ទស្សនៈ​របស់​លោក គឹម សុខ នេះ មាន​ចំណុច​រួម និង​ចំណុច​ដោយឡែក​មួយ​ចំនួន​ពី​សៀវភៅ​កម្រង​ទស្សនៈ​បណ្ឌិត កែម ឡី ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​មុន។ ចំណុច​រួម គឺ​នៅ​ត្រង់​ថា សៀវភៅ​ទាំង​ពីរ​ឆ្លុះ​បញ្ចាំង​អំពី​តថភាព​នៃ​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន និង​ដំណោះស្រាយ ព្រម​ទាំង​បណ្ដុះ​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ស្រឡាញ់​ជាតិ​មាតុភូមិ។ ចំណុច​ដោយឡែក​វិញ គឺ​សៀវភៅ​ទស្សនៈ​បណ្ឌិត កែម ឡី មាន​ខ្លឹមសារ​ជា​លក្ខណៈ​វិភាគ​បែប​វិទ្យាសាស្ត្រ​ច្រើន​ជាង រីឯ​សៀវភៅ​ទស្សនៈ​លោក គឹម សុខ មាន​លក្ខណៈ​ជា​គំនិត​យោបល់​ច្រើន​ជាង។

លោក ហង្ស វិទូ បន្ត​ថា៖ «យើង​រៀបរៀង​ហ្នឹង វា​មាន​ប្រយោជន៍​ច្រើន ដូច្នេះ​ហើយ​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស មេត្តា​ជួយ​ទិញ​សៀវភៅ​ហ្នឹង ព្រោះ​ការ​ទិញ​របស់​យើង​ហ្នឹង មាន​ន័យ​ថា​យើង​ជួយ​រួម​ចំណែក​មួយ​ផ្នែក​ជួយ​ជាតិ ជាពិសេស​បាន​ផ្សព្វផ្សាយ​គោល​គំនិត។ ទី​ពីរ ខ្ញុំ​ចង់​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មេត្តា​ពិចារណា​ទាក់ទង​នឹង​គំនិត​ស្រឡាញ់​ជាតិ គឺ​យើង​មិន​ត្រូវ​ធ្វើ​ដូច​ភ្លើង​ចំបើង​ទេ»

ទស្សនៈ​របស់​លោក គឹម សុខ ដែល​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​សៀវភៅ​នេះ មាន​ជាអាទិ៍ ការ​ចេះ​ទទួល​កំហុស​របស់​មេ​ដឹកនាំ ស្ថានភាព​អ្នក​មាន និង​អ្នក​ក្រ​នៅ​កម្ពុជា ស្ថានភាព​ដង្ហើម​ចង្រិត​នៃ​ជាតិ​ខ្មែរ ពួក​ឈ្មួញ​នយោបាយ ក្រុម​មនុស្ស​បំផ្លាញ​ជាតិ ២​ប្រភេទ ពេលវេលា​នៃ​ការ​ផ្លាស់ប្ដូរ ប្រជាធិបតេយ្យ និង​ការ​រួបរួម​ជាតិ គុណធម៌​អ្នក​នយោបាយ ១៥​ឆ្នាំ​ក្រោយ អ្នក​ស្អប់​ការ​ផ្លាស់ប្ដូរ​នឹង​ស្ដាយ​ក្រោយ ទស្សនៈ​អំពី​ការ​លក់​តម្លៃ​វប្បធម៌​ខ្មែរ និង​ការ​លក់​សម្បត្តិ​ធម្មជាតិ ព្រម​ទាំង​ទស្សនៈ​ជាច្រើន​ទៀត​អំពី​បញ្ហា​ព្រំដែន អយុត្តិធម៌​សង្គម និង​ជំហរ​របស់​លោក គឹម សុខ ចំពោះ​ក្តី​ក្ដាំ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តុលាការ។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ កន្លង​ទៅ តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន ដែល​ប្ដឹង​រូប​លោក និង​ទារ​សំណង​ជំងឺ​ចិត្ត​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក។ ការ​ឃុំ​ខ្លួន​នេះ ក្រោម​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម បន្ទាប់​ពី​លោក គឹម សុខ និយាយ​ជា​ប្រយោល​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី និង​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន​បណ្តោយ​ឲ្យ​មាន​ប្រព័ន្ធ​មួយ​ដែល​មាន​ការ​សម្លាប់​មនុស្ស ហើយ​រក​មុខ​ឃាតក​មិន​ឃើញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles