Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ​ក្បែរ​វារីអគ្គិសនី​សេសាន​១៥​គ្រួសារ​មិនទាន់​ទទួល​សំណង​ពី​ក្រុមហ៊ុន

$
0
0

ពលរដ្ឋ ១៥​គ្រួសារ ដែល​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ទៅ​តាំង​ទីលំនៅ ឃុំ​ស្រែគរ​ថ្មី មិនទាន់​ទទួល​បាន​សំណង​ពី​ក្រុមហ៊ុន​នៅឡើយ​ទេ ខណៈ​ក្រុមហ៊ុន​បាន​បិទទ្វារ​ទឹកជា​ស្ថាពរ​ជិត ៣​ខែ​មក​ហើយ ហើយ​បង្ក​ឲ្យ​ស្ថានភាព​ទឹក​រាលដាល​ដល់​ភូមិ​ស្រែគរ​ថ្មី និង​បាន​លិច​ផលដំណាំ​ពួកគាត់​ជាង ១០​ហិកតារ។ មន្ត្រី​សង្គម​ស៊ីវិល​បាន​ទម្លាក់កំហុស និង​ការ​ទទួលខុសត្រូវ​រឿង​នេះ​ទៅលើ​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ។

ពលរដ្ឋ ១៥​គ្រួសារ​រស់នៅ​ឃុំ​ស្រែគរថ្មី ស្រុក​សេសា​ន ខែត្រ​ស្ទឹងត្រែង​ឲ្យ​ដឹង​ថា ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​ពន្យារ​ពេល មិន​ផ្ដល់​សំណង​ការខូចខាត​ផលដំណាំ និង​ដី​កសិកម្ម​ជាង ១០​ហិកតារ ដែល​ត្រូវ​បាន​ទឹក​លិចលង់​ទាំងស្រុង នៅ​គ្រា​ដែល​ក្រុមហ៊ុន​បិទទ្វារ​ទឹកជា​ស្ថាពរ។

ពលរដ្ឋ​មួយ​គ្រួសារ ក្នុងចំណោម​ពលរដ្ឋ ១៥​គ្រួសារ លោកស្រី សូនី កងស៊ី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ធ្នូ​ថា ការ​ពន្យារ​ពេល​មិន​ដោះស្រាយ​សំណង បង្ក​ផល​ប៉ះពាល់​ជីវភាព​អ្នកភូមិ ត្បិត​អី​ដី​កសិកម្ម​របស់​ពួកគាត់ ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន គឺជា​គោលនយោបាយ​សំណង​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​កសិកម្ម ៥​ហិកតារ ត្រូវ​ទឹក​លិចលង់​មួយ​ផ្នែកធំ។ លោកស្រី​កត់សម្គាល់​ថា ពលរដ្ឋ ១៥​គ្រួសារ ខកខាន​មិន​អាច​ធ្វើ​កសិកម្ម​ឆ្នាំនេះ​បានទេ រីឯ​ផលដំណាំ​មាន​ស្វាយចន្ទី និង​ស្រូវ​ជាដើម ត្រូវ​ខូចខាត​ទាំងស្រុង នៅ​គ្រា​ដែល​ក្រុមហ៊ុន​បិទទ្វារ​ទឹក កាលពី​ចុងខែ​តុលា៖ «ច្រើន​ដែល​ព្រោះ​ដី ៥​ហិកតារ​ទឹក​លិច​នោះ​អ្នកខ្លះ​លិច​មួយ​ហិកតារ​ជាង អ្នកខ្លះ​លិច ៤​ហិកតារ​ក៏​មាន​ដែរ​វា​ត្រូវ​អ៊ីចឹង។ ចង់​ទាមទារ​ថា ថ្លៃ​ខ្ញុំ​ទិញ​អស់​ប៉ុន្មាន​ឲ្យ​ក្រុមហ៊ុន​ទិញ​ប៉ុណ្ណឹង»

ស្ត្រី​ដដែល​បន្ត​ថា អ្នកភូមិ​បាន​ដាក់​ពាក្យ​ប្ដឹង​រឿង​នេះ​ទៅ​អាជ្ញាធរ​ឃុំ និង​ក្រុមហ៊ុន ដើម្បី​ទាមទារ​សំណង​ខូចខាត​ដំណាំ​ដាំ​ដុះ តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​នៅ​ឡើយ​ទេ។

មេឃុំ​ស្រែគរ ពី​គណបក្ស​សង្គ្រោះជាតិ លោក សៀក មេគង្គ ដែល​ទើប​ត្រូវ​គេ​ដក​ពី​តំណែង​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង បាន​រួម​ចំណែក​អភិវឌ្ឍន៍​ជាមួយ​រដ្ឋាភិបាល។ ហេតុនេះ​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា ដែល​នៅ​សេសសល់​នានា​ជូន​ពលរដ្ឋ ហើយ​មិន​ត្រូវ​ពន្យារពេល​នោះ​ទេ។ លោក​កត់សម្គាល់​ថា​ថ្មីៗ នេះ មាន​ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ​ចាស ២០​គ្រួសារ​ថ្មី​ទៀត បាន​ប្ដូរ​ឥរិយាបថ​ព្រម​ទ​ទូល​សំណង​ពី​ក្រុមហ៊ុន ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​ពលរដ្ឋ​ប្រហែល ៥០​គ្រួសារ រួមបញ្ចូល​ទាំង​ពលរដ្ឋ​បំបែក​គ្រួសារ ដែល​មិនទាន់​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន៖ «ជា​កំហុស​ខុសឆ្គង​ចំពោះ​ក្រុមហ៊ុន ពីព្រោះ​គ្នា​ខំ​ជម្លៀស បរិច្ចាគ​ជាតិ​ទាំងអស់ ដើម្បី​លះបង់​កម្លាំងកាយ​ចិត្ត ទាំង​គ្រួសារ​ទាំងអស់​ជម្លៀស​មក​ភូមិ​ថ្មី​ទាក់ទង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នេះ​ជា​ការ​រំលោភ​សិទ្ធិ​លំនៅឋាន​របស់​ពលរដ្ឋ​ហើយ»

មន្ត្រី​ឃ្លាំមើល​បរិស្ថាន​នៃ​សមាគម​អាដហុក (Adhoc) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ក្រុមហ៊ុន​ត្រូវ​ទទួលខុសត្រូវ​រឿង​នេះ មិន​ត្រូវ​ពន្យារពេល​ដោះស្រាយ​ករណី​នេះ​ទេ។ លោក​ថា ទំហំ​ផល​ប៉ះពាល់​បាន​រីកធំឡើង គឺជា​កំហុស​ឆ្គង​របស់​ក្រុមហ៊ុន ដែល​មិនបាន​អនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​បាន​ត្រឹមត្រូវ​នោះ​។ រីឯ​ការសិក្សា​លក្ខណៈ​បច្ចេកទេស​របស់​ក្រុមហ៊ុន​ក៏​នៅ​មាន​ចន្លោះប្រហោង​ច្រើន។ លោក​យល់ថា គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ខែត្រ ត្រូវ​ពន្លឿន​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​លឿន​បំផុត ដើម្បី​សម្រាល​ការ​លំបាក​របស់​អ្នកភូមិ៖ «ខាង​ក្រុមហ៊ុន​ក៏ដោយ​អ្នក​វាយតម្លៃ​ដី​នេះ ឃើញ​ថា​មានការ​ខ្វះ​ចន្លោះ ចង់​និយាយ​ថា ប្រហែល​មិន​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ដី​ដែល​គាត់​ព្រម​យក​ហើយ​បែរជា​ត្រូវ​លិច​ទឹក​ចង់​ធ្វើ​ឲ្យ​ខាតបង់»

អ្នកភូមិ​ក្បាល​រមាស និង​ស្រែគរ នៅតែ​បន្ត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ​ការខូចខាត​ផលដំណាំ​កសិកម្ម ផ្ទះសម្បែង ផ្នូរ​ដូនតា ព្រៃឈើ ហើយ​និង​កុមារ​ជាង ៨០​នាក់ នៅ​ភូមិ​ក្បាល​រមាស ដែល​បាន​បោះបង់​ការសិក្សា ដោយសារ​ការ​បិទទ្វារ​ទឹកជា​ស្ថាពរ​របស់​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បណ្ដាល​លិច​ផ្ទះសម្បែង​ពួកគាត់​ទាំងស្រុង។

របាយការណ៍​អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាលរមាស ៥៧​គ្រួសារ និង​ឃុំ​ស្រែគរ ៥០​គ្រួសារ រាប់​បញ្ចូល​ពលរដ្ឋ​បំបែក​គ្រួសារ នៅ​មិនទាន់​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles