Clik here to view.

ក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ទូទាំងខែត្រកែប ដែលត្រូវបានគេបណ្ដេញចេញពីតំណែងទាំងបង្ខំ ក្រោយពេលរដ្ឋាភិបាលចោទគណបក្សប្រឆាំងថា ចូលរួមក្បត់ជាតិ បាននាំគ្នាទៅប្រកាសទ្រព្យសម្បត្តិរួចរាល់អស់ហើយ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខែត្រកែប ប្រាប់ថា ថ្វីបើក្រុមប្រឹក្សាទាំងអស់យល់ថា ការដាក់កំហិតឲ្យប្រកាសទ្រព្យសម្បត្តិនេះ ជារឿងអយុត្តិធម៌ តែពួកគេត្រូវតែបង្ខំចិត្តទៅប្រកាសដើម្បីបញ្ចៀសការធ្វើទុក្ខបុកម្នេញ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខែត្រកែប លោក នន់ តារា ឲ្យដឹងថា ក្រុមប្រឹក្សាបក្សប្រឆាំងនៅខែត្រកែប ហៅការបង្គាប់ឲ្យប្រកាសទ្រព្យសម្បត្តិនេះ ថាជាការរំខាន និងមានស្តង់ដារពីរផ្សេងគ្នាសម្រាប់មន្ត្រីបក្សសង្គ្រោះជាតិ និងមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា៖ «»។
ខែត្រកែប ជាខែត្រតូចជាងគេនៅកម្ពុជា។ ខែត្រនេះមានស្រុក១ និងក្រុង១ និងមានឃុំសង្កាត់ចំនួន៥។ នៅខែត្រកែប គណបក្សសង្គ្រោះជាតិ មាន ១២អាសនៈ ទាំងក្រុមប្រឹក្សាថ្នាក់ខែត្រ ថ្នាក់ស្រុក និងថ្នាក់ឃុំសង្កាត់។
អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១១ ខែធ្នូ បានចេញលិខិតជូនដំណឹងតម្រូវមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំងអស់ដែលត្រូវបញ្ឈប់ពីមុខតំណែង ដោយអំណាចសាលដីការបស់តុលាការកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាពប្រឆាំងអំពើពុករលួយក្នុងរយៈពេល ៣០ថ្ងៃ ជាកំហិតក្រោយការចាកចេញពីមុខតំណែង បើមិនដូច្នេះ ពួកគេនឹងត្រូវជាប់គុករយៈពេលមួយខែ។ ក្រោយ ៥ថ្ងៃ គឺនៅថ្ងៃទី១៧ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសនៅចំពោះមុខមន្ត្រីរបស់លោកថា មន្ត្រីគណបក្សប្រឆាំងទាំងអស់រាប់តាំងពីតំណាងរាស្ត្រដល់ក្រុមប្រឹក្សាជាប់ឆ្នោត ត្រូវចូលខ្លួនប្រកាសទ្រព្យសម្បត្តិជាកំហិត។ លោកក៏បានព្រមានថា ការចូលប្រកាសដោយស្ម័គ្រចិត្តពីមន្ត្រីបក្សសង្គ្រោះជាតិនេះ បើរកឃើញថា មានទ្រព្យធនកើនឡើងខុសប្រក្រតី ក៏ជាការប្រឈមមួយកម្រិតទៀតដែរ។
ច្បាប់ប្រឆាំងអំពើពុករលួយ មាត្រា១៧ កំណត់ឲ្យអ្នកដែលអស់មុខតំណែងហើយជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិដូចមុនចូលកាន់តំណែង គិតចាប់ពីថ្នាក់បុគ្គលិកអង្គការសង្គមស៊ីវិល រហូតដល់មន្ត្រីតុលាការ និងមន្ត្រីរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ជាដើម។ ក្នុងច្បាប់នេះដែរ មាត្រា១៨ ចែងថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុលចុងក្រោយ ត្រូវធ្វើ ៣០ថ្ងៃយ៉ាងយូរមុនពេលចាកចេញពីមុខតំណែង។ ក្នុងករណីមិនអាចប្រកាសមុនពេលចាកចេញពីមុខតំណែងមូលហេតុដោយការដកហូតមុខតំណែង ត្រូវប្រកាសយ៉ាងយូរ ៣០ថ្ងៃ ក្រោយការចាកចេញពីមុខតំណែង។
នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានជូនដំណឹងថា គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ស្ថាប័ននេះ បានទទួលឯកសារស្ដីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់តំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាខេត្ត រាជធានី ក្រុងស្រុកខណ្ឌ និងឃុំសង្កាត់របស់គណបក្សប្រឆាំង បានចំនួន ៧៥១រូប ក្នុងនោះមានតំណាងរាស្ត្រចំនួន ៤៤រូប ទីប្រឹក្សាជំនួយការ ៣១រូប សមាជិក គ.ជ.ប ៣រូប ឯសមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិទូទាំងប្រទេសបានចំនួន ៦៧៣រូប។ អង្គភាពនេះ បានជំរុញឲ្យមន្ត្រីបក្សប្រឆាំងដែលអង្គភាពប្រឆាំងអំពើពុករលួយចាត់ទុកថា ជាប់កាតព្វកិច្ចទាំងអស់ប្រញាប់ទៅប្រកាសទ្រព្យសម្បត្តិ និងបំណុលរៀងរាល់ម៉ោងធ្វើការទាំងថ្ងៃត្រង់ ថ្ងៃសៅរ៍ និងអាទិត្យ ហើយអង្គភាពនេះ ក៏ប្រកាសធានាពិភាក្សាដោះស្រាយជូនផងដែរ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ធ្លាប់ប្រាប់អាស៊ីសេរីថា នៅក្នុងខ្លឹមសារនៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនេះ ពិតជាបានបញ្ញត្តិពីនីតិវិធីមួយចំនួនរឿងប្រកាសទ្រព្យសម្បត្តិ ប៉ុន្តែអ្វីដែលចម្លែកនោះត្រង់ថា នេះជាការអនុវត្តលើកទីមួយហើយនៅកម្ពុជា ហើយជាការដាក់ចេញនូវផែនការចម្លែកប្រឆាំងទៅលើមន្ត្រីអស់មុខតំណែង ហើយតម្រូវឲ្យចូលខ្លួនប្រកាសទ្រព្យសម្បត្តិបែបនេះ។ លោក ព្រាប កុល យល់ឃើញថា ការអនុវត្តកម្មវិធីនយោបាយឲ្យមន្ត្រីបក្សប្រឆាំងប្រកាសទ្រព្យសម្បត្តិ អាចជារឿងនយោបាយច្រើនជាងនីតិវិធី និងបច្ចេកទេស៖ «»។
បក្សប្រឆាំងហៅការព្រមានចាប់ដាក់ពន្ធនាគារ បើមិនទៅប្រកាសទ្រព្យសម្បត្តិ ថាជារូបភាពគំរាមលើមន្ត្រីបក្សសង្គ្រោះជាតិ។ ឯសង្គមស៊ីវិលចង់ឃើញ អង្គការប្រឆាំងអំពើពុករលួយអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នាគ្រប់គណបក្សនយោបាយ៕