
ភ្ញៀវទេសចរភាគច្រើន ដែលបានចូលទៅកម្សាន្ត និងចុះងូតទឹកនៅឆ្នេរខ្សាច់កោះតូច នៃសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ បានអះអាងថា ទឹកសមុទ្រនៅឆ្នេរកោះតូចពេលខ្លះ មានក្លិនស្អុយ និងធ្វើឲ្យរមាស់ស្បែក ពេលពួកគេចុះងូតទឹកសមុទ្រ នៅតាមឆ្នេរនេះ។
ភ្ញៀវទេសចរជាតិ បារម្ភខ្លាចបរិស្ថានឆ្នេរខ្សាច់កោះតូច ត្រូវបំផ្លាញ និងសំណូមពរឲ្យរដ្ឋបាលខេត្តព្រះសីហនុ មានវិធានការទប់ស្កាត់ការសង់សំណង់រឹងមាំនៅតាមឆ្នេរ និងបង្ហូរទឹកស្អុយចូលសមុទ្រ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតជាមុន ឲ្យបានត្រឹមត្រូវឡើងវិញ។
ភ្ញៀវទេសចរជាតិភាគច្រើន ដែលបានធ្វើដំណើរកម្សាន្ត មុនពិធីឆ្លងឆ្នាំសកល២០១៧-២០១៨ បានបង្ហាញការព្រួយបារម្ភខ្លាចឆ្នេរខ្សាច់កោះតូច មានទីតាំងនៅលើសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបំផ្លាញ។ ពួកគេបានរអ៊ូរទាំថា ពេលធ្វើដំណើរឆ្លងកាត់ តាមឆ្នេរនេះ ទឹកសមុទ្រមានក្លិនស្អុយ និងជាពិសេស ពេលចុះងូតទឹកនៅនេះ ធ្វើឲ្យពួកគាត់រមាស់ស្បែក។ ភ្ញៀវទេសចរ បានសំណូមពរដល់ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ឲ្យលុបបំបាត់រាល់សំណង់រឹងមាំដែលបានសង់នៅលើឆ្នេរខ្សាច់ និងក្នុងទឹកសមុទ្រ ជាពិសេសនៅមានអាជីវករខ្លះតាមឆ្នេរនេះ បានបង្ហូរទឹកស្អុយចូលសមុទ្រដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាត ឲ្យបានជាស្ថាពរ។
ចំណែកម្ចាស់គណនីហ្វេសប៊ុក (Facebook) ឈ្មោះ បង ពេជ្រ (Bong Pich) ដែលបាននាំក្រុមគ្រួសារធ្វើដំណើរកម្សាន្តតាមឆ្នេរមួយចំនួននៅលើកោះរ៉ុង និងចូលទៅទស្សនាឆ្នេរកោះតូច ចុងសប្ដាហ៍កន្លងទៅនេះ បានបង្ហោះសារថា មកដល់កោះរ៉ុងភ្លាម ក្លិនស្អុយបានជះចេញមកប៉ះរាងកាយ ធ្វើឲ្យយើងឆ្ងល់ថា ជាក្លិនអ្វី? មកពីណា? ក្លិននេះ គឺចេញមកពីឆ្នេរកោះដ៏ស្រស់ស្អាត មានខ្សាច់សក្បុស ហើយត្រូវបានភោជនីយដ្ឋាន ផ្ទះសំណាក់ និងហាងលក់ទំនិញជាដើម បង្ហូរទឹកស្អុយចូលសមុទ្រ។ ចំណុចដែលមានទឹកស្អុយនោះមានឈ្មោះថា ឆ្នេរកោះតូច ព្រមទាំងមានកំពង់ផែនៅលើឆ្នេរខ្សាច់នេះផងដែរ។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ទទួលស្គាល់ថា ឆ្នេរកោះតូច ពិតជាមានការបំពុលបរិស្ថានធ្ងន់ធ្ងរ ដោយការបង្ហូរទឹកស្អុយចូលសមុទ្រ និងមានដាក់តុកៅអីលក់ដូរ គ្មានសណ្ដាប់ធ្នាប់នៅលើឆ្នេរខ្សាច់នោះពិតមែន។ អ្នកឃ្លាំមើលសង្គមរូបនេះ ស្នើសុំដល់រដ្ឋបាលខេត្តព្រះសីហនុ ឲ្យជួយពិនិត្យបញ្ហាបរិស្ថាននៅតាមឆ្នេរសមុទ្រនានា នៅលើកោះរ៉ុង ឲ្យបានប្រសើរឡើងវិញ ដើម្បីឲ្យមានប្រាក់ចំណូល និងកំណើនភ្ញៀវទេសចរជាតិអន្តរជាតិ នាថ្ងៃអនាគត៖ «យើងសង្ឃឹមថា ឯកឧត្ដមអភិបាលខេត្ត ក៏ដូចជាមន្ត្រីពាក់ព័ន្ធនឹងស្ថាប័នជំនាញទាំងអស់ នឹងធ្វើការកោះហៅប្រជាពលរដ្ឋ មកជជែកគ្នាជាមួយអាជីវករលក់ដូរនៅតាមឆ្នេរកោះតូចទាំងអស់ហ្នឹង ដើម្បីធ្វើយ៉ាងណារៀបចំតំបន់ឆ្នេរ របស់យើងនៅតំបន់កោះរ៉ុង ដែលភាគច្រើនភ្ញៀវទេសចរកំពុងតែចាប់អារម្មណ៍នេះ ឲ្យមានការកែប្រែសោភ័ណភាពស្រស់ស្អាតឡើងវិញ ដែលអាចទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកកម្សាន្តតំបន់ឆ្នេរនេះតទៅទៀតនាថ្ងៃអនាគត។ ប៉ុន្តែប្រសិនបើរដ្ឋបាលខេត្ត ឬអាជ្ញាធរខេត្តព្រះសីហនុ មិនមានការកែសម្រួលបរិស្ថានតំបន់ឆ្នេរសមុទ្រមួយចំនួននៅលើកោះរ៉ុងនេះទេ យើងនឹងបាត់បង់ប្រាក់ចំណូលជាច្រើន ជាពិសេសនឹងប៉ះពាល់ដល់មុខមាត់ខេត្តព្រះសីហនុទាំងមូល»។
ឆ្លើយតបបញ្ហានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា រដ្ឋបាលខេត្តនេះ ធ្លាប់ហាមឃាត់មិនឲ្យមានការសាងសង់សំណង់រឹងមាំជាថ្មីទៀត នៅតាមឆ្នេរកោះតូចទៀតទេ ប៉ុន្តែចំពោះសំណង់រឹងមាំដែលសង់រួច ឬជាសំណង់ចាស់ៗ ត្រូវឲ្យម្ចាស់ទីតាំងទាំងនោះរក្សាឲ្យនៅសភាពធម្មតាសិន និងរង់ចាំដោះស្រាយនៅថ្ងៃខាងមុខទៀត។
លោក យន្ត មីន បន្តថា បញ្ហាបរិស្ថាននៅឆ្នេរកោះតូចនេះ មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ មានក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលក្រុង និងអាជ្ញាធរសង្កាត់កោះរ៉ុង បានចុះណែនាំដល់ប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរនៅតាមឆ្នេរ ឲ្យជួយការពារបរិស្ថានជាប្រចាំ និងបានហាមមិនឲ្យបង្ហូរទឹកស្អុយចូលសមុទ្រ និងយកតុកៅអីដាក់ដាក់លក់ចំណីអាហារនៅលើឆ្នេរខ្សាច់នោះទេ។
លោក យន្ត មីន ក៏បានស្នើដល់អ្នកប្រកបរបរទទួលទាននៅតាមឆ្នេរសមុទ្រទាំងលើដីគោក និងតាមឆ្នេរនៅលើដីកោះ ត្រូវរួមសហការគ្នាថែរក្សាបរិស្ថានឆ្នេរជាមួយអាជ្ញាធរឲ្យបានជាប្រចាំ ដោយមិនត្រូវលួចសង់សំណង់រឹងមាំនៅលើឆ្នេរខ្សាច់ ឬក្នុងទឹកសមុទ្រ ជាពិសេសមិនត្រូវលួចបង្ហូរទឹកស្អុយចូលសមុទ្រ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតជាមុនទៀតទេ។
នាពេលកន្លងទៅ បញ្ហាបរិស្ថានឆ្នេរកោះតូចនេះ ត្រូវបានរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ចុះណែនាំដល់អាជីវករ ឬប្រតិបត្តិករទេសចរទាំងអស់ ឲ្យចូលរួមថែរក្សាអនាម័យបរិស្ថានឆ្នេរកោះតូចជាបន្តបន្ទាប់។ អាជ្ញាធរក៏បានហាមមិនឲ្យអាជីវករទាំងនោះនាំយកតុកៅអី និងសម្ភារៈផ្សេងៗដាក់លើឆ្នេរខ្សាច់ ដើម្បីលក់ដូរចំណីអាហារផ្សេងៗ នាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនៅតាមឆ្នេរនេះ។ ប៉ុន្តែបម្រាមនេះត្រូវអាជីវករបម្រើសេវាទេសចរណ៍នៅតាមឆ្នេរកោះតូច បានចូលរួមអនុវត្តតែក្នុងមួយរយៈពេលខ្លីតែប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ ភាពអនាធិបតេយ្យនៃការដាក់តុកៅអី និងសម្ភារៈផ្សេងៗ និងការបង្ហូរទឹកស្អុយចូលសមុទ្រ បានបន្តកើតមានជាបន្តទៀត នៅតាមឆ្នេរខ្សាច់កោះតូច នៃសង្កាត់កោះរ៉ុងនេះ។
ឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលមានប្រវែងជាង ១៧១គីឡូម៉ែត្រ (១៧១.៣៥គីឡូម៉ែត្រ) និងមានកោះចំនួន ៣២ មានជីវចម្រុះធម្មជាតិស្រស់ស្អាត ដែលជាសក្ដានុពលក្នុងការអភិវឌ្ឍពង្រីកវិស័យទេសចរណ៍នាមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃអនាគត៕