Clik here to view.

រដ្ឋាភិបាលកម្ពុជា បានបញ្ជូនពលការិនី ចំនួន ១៤នាក់ ដើម្បីទៅធ្វើការ ជាអ្នកជំនួយការមេផ្ទះនៅតំបន់រដ្ឋបាលពិសេសនៅទីក្រុងហុងកុង ប្រទេសចិន ជាលើកដំបូងកាលពីថ្ងៃទី២៧ ខែធ្នូ។
រដ្ឋាភិបាលមានគម្រោងបញ្ជូនពលការិនីទៅធ្វើការជាមេផ្ទះនេះ ឲ្យបាន ១ពាន់នាក់ក្នុងឆ្នាំ២០១៨ ខាងមុខ។
អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ងុយ រិទ្ធ បានថ្លែងប្រាប់អ្នកកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទីដែលលោកជូនដំណើរពលករខ្មែរថា កិច្ចសន្យាការងាររបស់ពលការិនីធ្វើការងារជាមួយម្ចាស់ផ្ទះនៅហុងកុងនោះ គឺមានរយៈពេល ២ឆ្នាំ ហើយប្រសិនបើម្ចាស់ផ្ទះ ឬថៅកែពេញចិត្តចំពោះការងារពួកគាត់គេ គឺអាចបន្តរយៈពេល២ឆ្នាំទៀត។
លោកថ្លែងទៀតថា ប្រាក់បៀវត្សរ៍ដែលពលការិនីទទួលបាននោះ គឺមានចំនួន ៥៧០ដុល្លារអាមេរិក រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ដូចការស្នាក់នៅ កិច្ចគាំពារផ្នែកសុខភាព និងគ្រោះថ្នាក់ការងារជាដើម។ លោកថ្លែងទៀតថា ពលការិនីផ្សេងៗទៀតកំពុងតែបណ្ដុះបណ្ដាលពីជំនាញមេផ្ទះតាមស្តង់ដារការងារនៅទីក្រុងហុងកុង ជាមុនសិន។
លោកថា តាមការឲ្យដឹងពីទីក្រុងហុងកុង គឺមានតម្រូវការកម្លាំងពលកម្មអ្នកជំនួយការមេផ្ទះនេះច្រើនដែលកម្ពុជា មិនមានធនធានបញ្ជូនទៅគ្រប់គ្រាន់នោះទេ។
លោកថា លក្ខណៈពិសេសដែលបញ្ជូនពលការិនីទៅទីក្រុងហុងកុង នៅគឺនៅហុងកុង មានច្បាប់ការងារច្បាស់លាស់ និងតឹងរ៉ឹង ហើយអាជ្ញាធរកម្ពុជា បានធ្វើការជិតស្និទ្ធជាមួយអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហុងកុង និងនាយកដ្ឋានការងាររបស់ហុងកុង ហើយកម្ពុជា មានប្រព័ន្ធទិន្នន័យឆ្លើយឆ្លងរវាងកលការិនី ទៅអាជ្ញាធរ ដើម្បីតាមដាន និងត្រួតពិនិត្យពលការិនីកម្ពុជា។ លោកថា ចំណែកពលការិនីកម្ពុជា ក៏មានមធ្យោបាយគ្រប់គ្រាន់ដើម្បីទំនាក់ទំនង និងទទួលព័ត៌មានផ្សេងៗទៀត។
ទោះបីជាអាជ្ញាធរកម្ពុជា បានអះអាងពីវិធានការការពារដល់ពលការិនីកម្ពុជា ដែលទៅធ្វើការនៅទីក្រុងហុងកុង ប៉ុន្តែមន្ត្រីកម្មវិធីផ្នែកសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា បានថ្លែងដោយសម្ដែងការព្រួយបារម្ភពីការរំលោភសិទ្ធិពលការិនីនៅទីក្រុងហុងកុង។
លោកថា តាមបទពិសោធន៍និយោជកនៅទីក្រុងបានរំលោភសិទ្ធិការងាររបស់ពលការិនីដែលបញ្ជូនទៅពីប្រទេសហ្វីលីពីន និងប្រទេសភូមាជាដើម ហើយដោយការរំលោភសិទ្ធិការងារនេះ ប្រទេសភូមា បានផ្អាកកម្មវិធីបញ្ជូនពលការិនីធ្វើការតាមផ្ទះទៅកាន់ទីក្រុងហុងកុងរួចហើយ។
ទោះយ៉ាងណា លោក ងុយ រិទ្ធ ថា ក្រុមគ្រួសាររបស់ពលការិនី សប្បាយចិត្តនៅពេលដែលសមាជិកគ្រួសារពួកគាត់បានទៅធ្វើការជាជំនួយការមេផ្ទះ នៅទីក្រុងហុងកុង ហើយមិនត្រឹមតែប៉ុណ្ណោះក្រៅពីប្រាក់ខែដែលទទួលបាន ពួកគេសង្ឃឹមថា នឹងទទួលបានបទពិសោធន៍ការងារផ្សេងៗទៀតនៅពេលត្រឡប់មកកម្ពុជាវិញ។
ក្រៅពីហុងកុង រដ្ឋាភិបាលកម្ពុជាគ្រោងបញ្ជូនស្ត្រីខ្មែរប្រមាណ ៣០០នាក់ ទៅបម្រើការងារនៅតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី ជាថ្មីម្ដងទៀត នៅដើមឆ្នាំ២០១៨ខាងមុខ បន្ទាប់ពីបានផ្អាករយៈពេល ៦ឆ្នាំ ក្រោយមានពលករខ្មែរមួយចំនួនត្រូវបានថៅកែជនជាតិម៉ាឡេស៊ី វាយ រំលោភបំពានកន្លងមក។ សង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលពិនិត្យមើលលក្ខខណ្ឌការងារឲ្យបានហ្មត់ចត់ មុនសម្រេចចិត្តបញ្ជូនស្ត្រីខ្មែរឲ្យទៅបម្រើការងារតាមផ្ទះនៅក្រៅប្រទេស ដើម្បីជៀសវាងការដើរជាន់ដានចាស់ ដែលនាំឲ្យពលករខ្មែរបន្តរងគ្រោះដូចពេលមុនទៀត៕