Clik here to view.

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី២២ ខែធ្នូ បានជំនុំជម្រះលើសំណុំរឿងថ្នាក់ដឹកនាំនៃអង្គការសមធម៌កម្ពុជា បីនាក់ដែលសាលាដំបូងផ្ដន្ទាទោសពីបទបរិហារកេរ្តិ៍តាមបណ្ដឹងរបស់អតីតបុគ្គលិកម្នាក់នៃអង្គការនេះ។ មន្ត្រីអង្គការសង្គមស៊ីវិលរំពឹងថា សាលាឧទ្ធរណ៍នឹងទម្លាក់ចោលការចោទប្រកាន់លើអ្នកទាំងបី។
សាលាឧទ្ធរណ៍នឹងប្រកាសសាលក្រមនៃសំណុំរឿងចោទប្រកាន់ថ្នាក់ដឹកនាំនៃអង្គការសមធម៌កម្ពុជា បីនាក់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ខាងមុខ។
តំណាងអង្គការសមធម៌កម្ពុជា លោក ប៊ុន មករា ប្រធានកម្មវិធីពង្រឹងអំណាចសហគមន៍ និងផ្សព្វផ្សាយផ្នែកច្បាប់មានប្រសាសន៍ថា សវនាការនៅព្រឹកនេះ គឺមានដំណើរការដោយរលូនល្អ ព្រោះមានការវែកញែកអង្គច្បាប់ដោយតំណាងអយ្យការថា ការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈនៅក្នុងសាលក្រមរបស់សាលាដំបូងនោះ ពុំមានធាតុផ្សំ ឬភស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើការចោទប្រកាន់នោះទេ។ លោករំពឹងថា យោងតាមអង្គហេតុទាំងនេះ សាលាឧទ្ធរណ៍ចាត់ទុកសំណុំរឿងនេះជាមោឃៈ៖ «»។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសជានាយកប្រតិបត្តិនៃអង្គការសមធម៌ លោក អៀង វុទ្ធី ប្រធានកម្មវិធីឃ្លាំមើលការអភិវឌ្ឍ លោក ផែន គឹមសុង និងប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស លោក ឈាង ភា ពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមបណ្ដឹងរបស់អតីតបុគ្គលិកម្នាក់នៃអង្គការនេះ ឈ្មោះ ចាន់ វិចិត្រ។ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យបង់ប្រាក់ពិន័យ និងសងថ្លៃខូចខាតជាច្រើនទៅដើមបណ្ដឹង។
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសមធម៌កម្ពុជា (EC) អង្គការលីកាដូ (LICADHO) និង មជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លើកឡើងថា មូលហេតុដែលលោក ចាន់ វិចិត្រ ជាបុគ្គលិកនៅក្នុងកម្មវិធីឃ្លាំមើលការអភិវឌ្ឍនៃអង្គការសមធម៌កម្ពុជា ប្ដឹងថ្នាក់ដឹកនាំពីបទបរិហារកេរ្តិ៍នោះ ដោយសារថ្នាក់ដឹកនាំទាំងបីនាក់ បានចេញលិខិតបញ្ឈប់លោកពីការងារ ហើយព័ត៌មានឯកជនពាក់ព័ន្ធនឹងការបញ្ឈប់ពីការងារនេះ ត្រូវបានទម្លាយដោយថ្នាក់ដឹកនាំទាំងនោះ។
ទោះយ៉ាងណា ក្នុងសេចក្ដីថ្លែងការណ៍នោះបញ្ជាក់ថា លោក ចាន់ វិចិត្រ បានធ្វើការផ្សព្វផ្សាយលិខិតនោះដោយខ្លួនឯង។
ទន្ទឹមនឹងការប្ដឹងផ្ដល់គ្នារវាងបុគ្គលិក និងថ្នាក់ដឹកនាំនេះ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានប្រកាសផ្អាកសកម្មភាពអង្គការសមធម៌ដែលធ្វើការតស៊ូមតិក្នុងការការពារសិទ្ធិលំនៅឋាន ដីធ្លី និងធនធានធម្មជាតិ ដោយថា អង្គការនេះធ្វើសកម្មភាពផ្ទុយនឹងលក្ខន្តិកៈរបស់ខ្លួន និងផ្ទុយពីច្បាប់។ មកដល់ពេលនេះ អង្គការសមធម៌ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយខាងអង្គការសង្គមស៊ីវិលចាត់ទុកចំណាត់ការរបស់ក្រសួងមហាផ្ទៃ ថា បានបំពានច្បាប់ និងបង្ក្រាបទាំងមូលលើអង្គការសង្គមស៊ីវិល។
ចំពោះការចោទប្រកាន់លើថ្នាក់ដឹកនាំទាំងបីនាក់នោះវិញ នាយករងនៃសម្ពន្ធភាពខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ អ្នកនាង ណាលី ពីឡូក ធ្លាប់មានប្រសាសន៍ថា អំពើរបស់ជនជាប់ចោទទាំងបីមិនបានបង្ហាញអង្គហេតុណាមួយដែលចូលជាបទបរិហារកេរ្តិ៍នោះទេ។ សូម្បីតែព្រះរាជអាជ្ញាក៏បានលើកឡើងនៅក្នុងអង្គសវនាការដែរថា ករណីនេះមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើការចោទប្រកាន់នោះទេ។ យោងតាមអង្គហេតុទាំងនេះ អ្នកស្រីសង្ឃឹមថា សំណុំរឿងនេះនឹងចាត់ទុកជាមោឃៈដោយយោងតាមគោលការណ៍ច្បាប់។
មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ បានកំណត់និយមន័យនៃបទបរិហារកេរ្តិ៍ថា ការអះអាងបំផ្លើស ឬការទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិសព្ទនៃបុគ្គល។ បទបរិហារកេរ្តិ៍នេះ ត្រូវពិន័យពីមួយសែនរៀលដល់ដប់លានរៀល៕