
សហគមន៍មានជម្លោះដីធ្លីនៅបុរីកីឡា រក្សាជំហរមិនចាកចេញពីផ្ទះឡើយ បើទោះជាពួកគាត់ប្រឈមមុខនឹងអំពើហិង្សាពីក្រុមអាជ្ញាធរ នៅថ្ងៃផុតឱសានវាទយ៉ាងណាក៏ដោយ។ ខណៈដែលថ្ងៃឱសានវាទខិតជិតមកដល់ ក្រុមស្ត្រីនៅក្នុងសហគមន៍ ចាប់ផ្ដើមលែងហ៊ានចេញពីផ្ទះទៅប្រកបរបររកស៊ីហើយ ដើម្បីនៅការពារផ្ទះសម្បែងរបស់ពួកគេ។
ពលរដ្ឋមានជម្លោះដីធ្លីនៅបុរីកីឡា ប្រាប់ថា ចាប់ពីថ្ងៃនេះទៅដល់ក្រោយថ្ងៃឱសានវាទ ពួកគាត់នឹងនៅក្នុងផ្ទះរហូត ដើម្បីការពារផ្ទះ ព្រោះខ្លាចអាជ្ញាធរមកកម្ទេចចោលទៀត។ ពលរដ្ឋមានជម្លោះដីធ្លីនៅបុរីកីឡា អ្នកស្រី សោម សុមាលី អះអាងថា អ្នកមានជម្លោះទាំង ១១គ្រួសារដែលនៅសល់ ប្ដេជ្ញាតស៊ូដាក់ជីវិតដើម្បីការពារផ្ទះសម្បែង។ អ្នកស្រីថា ពលរដ្ឋមានជម្លោះដីធ្លីនៅបុរីកីឡា មិនព្រមទទួលយកគោលការណ៍របស់សាលាក្រុងភ្នំពេញ ដែលកំហិតឲ្យពលរដ្ឋចាកចេញពីផ្ទះទៅរស់នៅឯភូមិអណ្ដូង ខណ្ឌសែនសុខ ជាយរាជធានីភ្នំពេញ និងលុយ ៣.០០០ដុល្លារនោះទេ។
អ្នកស្រី សោម សុមាលី៖ «ភ័យព្រួយដែរ ហើយណាមួយខ្ញុំនឹកឃើញថា កូនខ្ញុំពោះធំគ្រប់ខែ គ្នាកូនដំបូងផង ហើយណាមួយ ប្រសិនក្រោយថ្ងៃឱសានវាទហ្នឹងគេមកឈូសឆាយផ្ដួលអគារចាស់ហ្នឹង ឧទាហរណ៍គេចាប់គេអីខ្ញុំហ្នឹង ខ្ញុំពិបាកចិត្តតែរឿងកូនហ្នឹង។ … ពួកខ្ញុំទាល់តែបានផ្ទះនៅបុរីកីឡា ទើបពួកខ្ញុំទទួលយកបាន ព្រោះកិច្ចសន្យារបស់សម្ដេចនៅបុរីកីឡា ហើយដល់ពេលគាត់ (សាលាក្រុង) ឲ្យពួកខ្ញុំ ៣.០០០ដុល្លារ ទៅភូមិអណ្ដូង ខ្ញុំមិនអាចទទួលយកបាន អ៊ីចឹងពួកខ្ញុំគោរពតែកិច្ចសន្យារបស់សម្ដេចតែមួយគត់»។
អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា កាលពីថ្ងៃទី៨ ខែធ្នូ បានចេញសេចក្ដីជូនដំណឹងកំណត់រយៈពេលចុងក្រោយនៃការទទួលដោះស្រាយសំណងគោលនយោបាយជូនប្រជាពលរដ្ឋដែលនៅសេសសល់ក្នុងសហគមន៍បុរីកីឡា ដោយទុករយៈពេល ២សប្ដាហ៍ គឺត្រឹមថ្ងៃទី២២ ខែធ្នូ ហើយថា ពលរដ្ឋដែលមិនទាន់ទទួលយកសំណងពីក្រុមហ៊ុន ត្រូវទៅទទួលយកសំណងជាកំហិត។ ផុតពីថ្ងៃទី២២ ខែធ្នូ អាជ្ញាធររាជធានីភ្នំពេញ ព្រមានអនុវត្តវិធានការរដ្ឋបាល និងប្រើប្រាស់យន្តការតុលាការដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ និងថែមទាំងបញ្ឈប់រាល់ការដោះស្រាយសំណង ដោយសារអាជ្ញាធរក្រុងភ្នំពេញ ចាត់ទុកថា ពលរដ្ឋទាំងនោះបោះបង់សិទ្ធិក្នុងការទទួលយកសំណងគោលនយោបាយរបស់ខ្លួន។
រីឯសហគមន៍មានជម្លោះដីធ្លីវិញ ហៅទង្វើរបស់សាលាក្រុងថា ជាការសម្លាប់ពលរដ្ឋក្រីក្រដែលជាម្ចាស់ដី ហើយបច្ចុប្បន្នម្ចាស់ដីទាំងនោះកំពុងប្រឈមមុខជីវភាពទីទ័លក្រ ដោយសារម្ចាស់ដីខ្លះធ្លាក់ខ្លួនរស់នៅតាមសំយាកផ្ទះគេ និងនៅក្រោមជណ្ដើរអគារ ដោយអ្នកខ្លះប្រកបមុខរបររើសអេតចាយ បេះត្រកួន ឬស៊ីឈ្នួលបោកខោអាវជាដើម ដើម្បីយកលុយផ្គត់ផ្គង់កូនឲ្យបានទៅសាលារៀន។
ទំនាស់ដីធ្លីនៅសហគមន៍បុរីកីឡានេះ បានអូសបន្លាយចាប់ពីឆ្នាំ២០០៣ មក គឺក្រោយពេលដែលក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) ទទួលបានសម្បទានដីសង្គមកិច្ចនៅសហគមន៍បុរីកីឡា ដើម្បីអភិវឌ្ឍផ្នែកពាណិជ្ជកម្ម។ តាមកិច្ចសន្យា ក្រុមហ៊ុននេះត្រូវទទួលខុសត្រូវសាងសង់លំនៅឋានចំនួន ១០អគារ នៅលើដីទីតាំងនោះសម្រាប់ពលរដ្ឋជិត ១.៨០០គ្រួសាររស់នៅ។ ប៉ុន្តែនៅឆ្នាំ២០១០ ក្រុមហ៊ុននេះសង់បានតែ ៨អគារប៉ុណ្ណោះ ជាហេតុនាំឲ្យពលរដ្ឋចំនួន ៣៨០គ្រួសារពុំទទួលបានសំណងត្រឹមត្រូវ។
កាលពីឆ្នាំ២០១២ ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពលរដ្ឋទាំង ៣៨០គ្រួសារ ដែលមិនព្រមចាកចេញ ត្រូវបានបំផ្លិចបំផ្លាញអស់។ ទំនាស់ដីធ្លីនៅបុរីកីឡានេះ កាន់តែខ្លាំងឡើងៗ បន្តរហូតដល់ឆ្នាំ២០១៤ ទើបមានការពិភាក្សាជាច្រើនលើកច្រើនសារវាងប្រជាពលរដ្ឋរងគ្រោះរាប់រយគ្រួសារ និងសាលាក្រុង។ បន្ទាប់មកពលរដ្ឋទាំងនោះភាគច្រើនសុខចិត្តទទួលយកសំណងជាថ្នូរការចាកចេញ ប៉ុន្តែក្នុងនោះក៏មានពលរដ្ឋចំនួន ១១គ្រួសារទៅបន្តរស់នៅក្នុងអគារមួយជិតលំនៅឋានរបស់ខ្លួនរង់ចាំសំណងសមរម្យ។
នៅក្នុងកំឡុងពេលឱសានវាទ (៨-២២ ខែធ្នូ) ក្រុមសហគមន៍បុរីកីឡា បានលើកគ្នាទៅតវ៉ានៅមុខសាលារាជធានីភ្នំពេញ ម្ដង កាលពីថ្ងៃទី១៥ ខែធ្នូ និងម្ដងទៀតនៅមុខភូមិគ្រឹះរបស់ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច គឺអ្នកស្រី ស៊ុយ សុផាន កាលពីថ្ងៃទី១៩ ធ្នូ ដើម្បីទាមទាររកដំណោះស្រាយ និងប្រឆាំងឱសានវាទរបស់អាជ្ញាធររាជធានីភ្នំពេញ។ ប៉ុន្តែការតវ៉ាទាំងនោះ មិនទទួលបានដំណោះស្រាយបែបណានោះទេ។
ក្រុមអង្គការសង្គមស៊ីវិលចំនួន ៣៤ អំពាវឲ្យអាជ្ញាធររាជធានីភ្នំពេញ ផ្ដល់សំណងសមរម្យជូនដល់ពលរដ្ឋនៅបុរីកីឡា ដែលនៅសេសសល់ចំនួន ១១គ្រួសារ ជាថ្នូរនឹងការចាកចេញពីលំនៅឋានរបស់ពួកគាត់។ សេចក្ដីថ្លែងការណ៍ចុះកាលពីថ្ងៃពុធ ទី២០ ខែធ្នូ ក្រុមអង្គការសង្គមស៊ីវិលបានសម្ដែងក្ដីបារម្ភក្រោយពេលដែលសាលាក្រុងបានដាក់ឱសានវាទបង្ខំឲ្យពលរដ្ឋជាង ១០គ្រួសារនោះ ត្រូវយល់ព្រមទទួលសំណងនៅត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។
អ្នកសម្របសម្រួលកំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មើលឃើញថា សាលាក្រុងភ្នំពេញ បានព្យាយាមដោះស្រាយបញ្ហាជម្លោះដីធ្លីនៅបុរីកីឡា បានល្អចាប់ពីជាង ៩០ភាគរយ មកសល់ត្រឹម ១០ភាគរយ ពោលគឺតាំងពីជម្លោះ ១៥៤គ្រួសារ រហូតនៅសល់ត្រឹម ១១គ្រួសារ។ ដូច្នេះសាលាក្រុងគួរតែរកវិធីចរចាគ្នា ដើម្បីរកបានដំណោះស្រាយឲ្យបានល្អបន្ថែមទៀត ជៀសវាងការប្រើប្រាស់អំពើហិង្សា។
លោក វណ្ណ សូផាត៖ «ជាអ្វីដែលខ្ញុំសង្កេតមើល អ្នកដែលដើរតួសំខាន់ ភាគីដែលដើរតួសំខាន់ គឺសាលារាជធានីភ្នំពេញ និងប្រជាពលរដ្ឋ។ ចំណែកក្រុមហ៊ុនហ្នឹង គឺថា វាអាស្រ័យទៅលើសាលារាជធានីភ្នំពេញ ថាគួរតែដោះស្រាយជាមួយគាត់យ៉ាងម៉េចៗ អាហ្នឹងគឺជាកាតព្វកិច្ចរបស់សាលារាជធានីភ្នំពេញ និយាយជាមួយក្រុមហ៊ុនបន្តទៀត»។
សហគមន៍រងគ្រោះដីធ្លីនៅបុរីកីឡា អះអាងថា ពួកគាត់គ្រោងនឹងធ្វើញត្តិដាក់តាមស្ថានទូត ប្រសិនបើការទាមទាររបស់ពួកគាត់នៅសាលាក្រុងភ្នំពេញ និងមុខភូមិគ្រឹះអ្នកស្រី ស៊ុយ សុផាន មិនត្រូវបានអាជ្ញាធរដោះស្រាយឲ្យ៕