
ក្រុមមេធាវីការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី២១ ខែធ្នូ បានធ្វើពហិការមិនចូលរួមសវនាការស៊ើបសួរក្នុងពន្ធនាគារត្រពាំងផ្លុងនោះទេ ហើយនៅថ្ងៃទី២២ ខែធ្នូ ក្រុមមេធាវីក៏នឹងមិនចូលរួមដែរ ដោយអះអាងថា នេះគឺជាឆន្ទៈផ្ទាល់ខ្លួនរបស់កូនក្ដីដែលប្រាប់ឲ្យក្រុមមេធាវីធ្វើពហិការ។
មេធាវីម្នាក់របស់លោក កឹម សុខា គឺលោក សំ សុគង់ ឲ្យដឹងថា ក្រៅពីបង្គាប់ឲ្យមេធាវីធ្វើពហិការ លោក កឹម សុខា ក៏នឹងមិនឆ្លើយអ្វីជាមួយចៅក្រមស៊ើបសួរដែរ។ លោកថា កូនក្ដី បានប្រើប្រាស់សិទ្ធិមិនឆ្លើយជាមួយចៅក្រមស៊ើបសួរតាំងពីការសាកសួរលើកទី២ កាលពីថ្ងៃទី១៤ ខែធ្នូ មក។
លោកមេធាវី សំ សុគង់ ថ្លែងថា កូនក្ដីលោកស្នើសុំឲ្យចៅក្រមបើកសវនាការស៊ើបសួរនៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ ព្រោះពន្ធនាគារជាកន្លែងបង្ខាំងមនុស្ស ហើយការបើកសវនាការស៊ើបសួរនៅក្នុងពន្ធនាគារ មិនត្រឹមត្រូវតាមច្បាប់ក្រមព្រហ្មទណ្ឌនោះទេ៖ «»។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ បានជូនដំណឹងទៅក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា ដោយផ្ទាល់មាត់ថា នឹងបន្តសួរចម្លើយលោក កឹម សុខា នៅថ្ងៃទី២១ និង២២ ខែធ្នូ ទៀត នៅក្នុងពន្ធនាគារត្រពាំងផ្លុង ដែលស្ថិតក្នុងខែត្រត្បូងឃ្មុំ ជិតព្រំដែនប្រទេសវៀតណាម។
មេធាវីលោក កឹម សុខា ម្នាក់ទៀត គឺលោក ហែម សុជាតិ មានប្រសាសន៍ថា ការស៊ើបអង្កេតរបស់ចៅក្រមនេះ មិនមានភស្តុតាងអ្វីផ្សេងក្រៅពីវីដេអូឃ្លិបពីរបីនាទីដែលដាក់បន្ទុកកូនក្ដីរបស់លោកនោះទេ។ លោកមេធាវី សំ សុគង់ ប្រាប់ដែរថា តាមច្បាប់ ការសាកសួរជនសង្ស័យធ្វើបានក្រៅបន្ទប់សវនាការក្នុងបរិវេណសាលាជម្រះក្ដីបាន លុះត្រាតែជនសង្ស័យមានសុខភាពមិនល្អ ឬគ្មានលទ្ធភាពធ្វើដំណើរទៅបន្ទប់សវនាការ។ ប៉ុន្តែលោកមេធាវីអះអាងថា លោក កឹម សុខា មានសុខភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅបន្ទប់សវនាការក្នុងសាលាជម្រះក្ដីនៅក្រុងភ្នំពេញ។ មេធាវីឲ្យដឹងទៀតថា នៅពេលកូនក្ដីត្រូវបានបើកការសាកសួរក្នុងពន្ធនាគារ ធ្វើឲ្យសិទ្ធិមេធាវីរបស់កូនក្ដីត្រូវបានកាត់បន្ថយជាងនៅក្នុងសវនាការ ដោយសារអនុរក្សពន្ធនាគារបានឆែកគ្រប់សកម្មភាព និងឯកសាររបស់មេធាវី និងមានបំពាក់កាមេរ៉ា នៅពេលដែលមេធាវីសួរនាំកូនក្ដីដែលធ្វើឲ្យការសម្ងាត់រវាងមេធាវី និងកូនក្ដីបានបាត់បង់។
លោក កឹម សុខា ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា និងត្រូវយកទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃទី៦ កញ្ញា ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ការឃុំខ្លួននេះ ក្រៅពីក្រុមគ្រួសារ និងមេធាវី ចៅក្រមមិនអនុញ្ញាតឲ្យនរណាម្នាក់អាចចូលសួរសុខទុក្ខលោក កឹម សុខា បាននោះទេ។
ប្រធាននិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង ដែលប្រឆាំងដាច់ខាតការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការរំលាយគណបក្សប្រឆាំងយល់ថា ការសម្រេចចិត្តរបស់លោក កឹម សុខា ដែលឈប់ឆ្លើយជាមួយចៅក្រមក្នុងពន្ធនាការជារឿងត្រឹមត្រូវ។ លោកយល់ថា សកម្មភាពចៅក្រមដែលស្ថិតក្រោមអំណាចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅសួរលោក កឹម សុខា ដល់ពន្ធនាគារ គឺជាការអនុវត្តច្បាប់មានស្តង់ដារពីរ និងជារូបភាពគំរាមលោក កឹម សុខា។ លោកថា បើទោះជាលោក កឹម សុខា ឆ្លើយ ឬមិនឆ្លើយ ក៏គ្មានបានការអ្វីដែរ ព្រោះករណីលោក កឹម សុខា តុលាការមិនហ៊ានធ្វើអ្វីដោយគ្មានបញ្ជាពីលោក ហ៊ុន សែន នោះទេ៖ «»។
មេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រាប់ថា ក្រុមមេធាវីកំពុងពិចារណាថា តើត្រូវចូលរួម ឬយ៉ាងណា ចំពោះការសាកសួរនៅក្នុងពន្ធនាគារម្ដងទៀតលើលោក កឹម សុខា ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ។ បន្ថែមពីនេះទៀត មេធាវីប្រាប់ថា លោក កឹម សុខា បានប្រាប់ចៅក្រមរួចហើយថា លោកគ្មានអ្វីឆ្លើយជាមួយចៅក្រមស៊ើបសួរទៀតនោះទេ ហើយលោក កឹម សុខា ស្នើសុំឲ្យឈប់សួរនាំលោកនៅក្នុងពន្ធនាគារត្រពាំងផ្លុងទៀត។
សូមស្ដាប់បទសម្ភាសន៍បន្ថែមជាមួយលោកមេធាវី សំ សុគង់ តាមការសាកសួររបស់លោក ជុន ច័ន្ទបុត្រ៖