Clik here to view.

លំនាំគ្រប់គ្រងរដ្ឋរបស់មេដឹកនាំកម្ពុជា នៅក្នុងរបបសង្គមរាស្ត្រនិយម របបខ្មែរក្រហម និងរបបបច្ចុប្បន្ន ដែលជារបបប្រជាធិបតេយ្យសេរីពហុបក្ស ទោះជារបបទាំងបីនេះ មានមេដឹកនាំផ្សេងគ្នាក្ដី ប៉ុន្តែប្រព័ន្ធគ្រប់គ្រងរដ្ឋនៅក្នុងរបបទាំងបីនេះ មានលំនាំគ្រប់គ្រង ប្រហាក់ប្រហែលគ្នា គឺមេដឹកនាំតែងតែប្រកាសថា កម្ពុជាឯករាជ្យ អធិបតេយ្យ និងមិនចូលបក្សសម្ព័ន្ធក្ដី។ តែជាក់ស្ដែងមេដឹកនាំទាំងបីជំនាន់នេះ បានងាកទៅរកចិនកុម្មុយនិស្តជាខ្នងបង្អែកដូចគ្នា ដើម្បីពង្រឹងអំណាចរបស់ខ្លួន។
សម្រាប់កម្ពុជាសព្វថ្ងៃនេះ ត្រូវបានគេមើលឃើញថា លោក ហ៊ុន សែន កំពុងបោសសម្អាតសមិទ្ធផលរបស់អាមេរិកឲ្យអស់កម្ពុជា ដូចជា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលអាមេរិកបានកសាងឡើង គិតចាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១មក។
ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ត្រូវបានអ្នកវិភាគមើលឃើញថា លោក ហ៊ុន សែន កំពុងដឹកនាំនាវាកម្ពុជាងាកទៅរកចិនជាខ្នងបង្អែក ដើម្បីពង្រឹងអំណាចរបស់ខ្លួនបន្តទៅទៀត ទោះបីជារដ្ឋាភិបាលធ្លាប់បានប្រកាសថា កម្ពុជាជារដ្ឋឯករាជ្យ មានអធិបតេយ្យ មិនចូលបក្សសម្ព័ន្ធ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញក្ដី។
លើសពីនេះទៀត អ្វីដែលជំរុញឲ្យលោក ហ៊ុន សែន ងាកទៅរកចិនទាំងស្រុងនេះ នៅខណៈសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមានថា ប្រទេសមហាអំណាចទាំងនេះ នឹងដាក់ទណ្ឌកម្មរដ្ឋាភិបាលកាន់តែធ្ងន់ធ្ងរ បើសិនជារដ្ឋាភិបាល ដឹកនាំប្រទេស ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ និងគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវទេនោះ។
នៅក្នុងនាទីវេទិកាអ្នកស្ដាប់អាស៊ីសេរីកាលពីថ្ងៃទី១៩ ធ្នូ អ្នកវិភាគឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោក ហ៊ុន សែន កំពុងដឹកនាំប្រទេសមិនគោរពតាមរដ្ឋធម្មនុញ្ញហើយកំពុងជាន់លើដានប្រវត្តិសាស្ត្រដដែលរបស់មេដឹកនាំជំនាន់មុន គឺនៅក្នុងរបបសង្គមរាស្ត្រនិយម និងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ដែលយកចិនជាខ្នងបង្អែករបស់ខ្លួននោះ ក្នុងនោះមាន ការរំលាយបក្សប្រឆាំង ការរំលោភសិទ្ធិមនុស្ស បាញ់សម្លាប់ ចាប់ចងអ្នកមានមតិផ្ទុយខ្លួនដាក់គុកជាដើម។
សម្រាប់ការងារចេញពីសហរដ្ឋអាមេរិករបស់លោក ហ៊ុន សែន នៅពេលនេះ ហើយងាកទៅរកចិនវិញ គឺ លោក ហ៊ុន សែន ចង់ឲ្យមហាជនមើលឃើញថា លោកដោះដៃចេញពីវៀតណាម ដែលពលរដ្ឋមួយចំនួនធំចោទរដ្ឋាភិបាលលោកថា ជារដ្ឋាភិបាលអាយ៉ងវៀតណាម ប៉ុន្តែធាតុពិតលោកហ៊ុន សែន មិនអាចដកខ្លួនចេញពីវៀតណាមបានឡើយ។ មួយវិញទៀត ចិនចាប់យកកម្ពុជានេះ ចិនចង់ឲ្យកម្ពុជារួមទាំងប្រទេសក្នុងតំបន់ ដែលងាកទៅរកអាមេរិកនោះ ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ានបានដែរ។ «»
កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ប្រតិកម្មឆ្លើយតបទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបថា រដ្ឋបាលរបស់លោក នឹងដាក់កម្រិតមិនផ្ដល់ទិដ្ឋាការ ឬវីសាដល់មន្ត្រីរដ្ឋាភិបាលអាមេរិកវិញ បើសិនជាអាមេរិកនៅតែបិទវីសាមន្ត្រីរបស់លោក និងក្រុមគ្រួសារនោះ។ «»
នេះជាការឆ្លើយតបរបស់លោក ហ៊ុន សែន ហាក់មិនខ្វល់អំពីទណ្ឌកម្មរបស់អាមេរិក និងសហភាពអឺរ៉ុបឡើយ។ គិតចាប់តាំងពីថ្ងៃទី១៦ វិច្ឆិកា ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជាដែលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិនោះ គឺសហគមន៍អន្តរជាតិ បានដាក់ទណ្ឌកម្ម លើរដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់ ដូចជា នៅមុនចេញសេចក្ដីសម្រេចដាក់ទណ្ឌកម្មបន្ថែមរបស់សភាសហភាពអឺរ៉ុប សហភាពអឺរ៉ុប ទើបតែបានកាត់ផ្ដាច់ជំនួយទាំងអស់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ចំណែកឯ សហរដ្ឋអាមេរិកវិញ ដែលបានកាត់ផ្ដាច់ជំនួយផ្នែកបោះឆ្នោតនេះដែរ ក៏ពន្លឿនចំណាត់ការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា បន្ថែមទៀតដែរ។ ក្រោយកាត់ផ្ដាច់ជំនួយផ្នែកបោះឆ្នោត ជំហានបន្ទាប់មកទៀត គឺរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្រេចបិទទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារ ដែលមានជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ មិនអោយជាន់ដីសហរដ្ឋអាមេរិក។ ឥឡូវនេះ សហរដ្ឋអាមេរិក កំពុងស្រង់បញ្ជីឈ្មោះបុគ្គល មន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្ម ដើម្បីឈានទៅបង្កក និងរឹបអូសទ្រព្យសម្បត្តិ និងបញ្ឈប់កិច្ចសន្យាពាណិជ្ជកម្ម ព្រមទាំងផ្អាកការអនុគ្រោះពន្ធនាំចេញផលិតផលពីកម្ពុជាទៅទីផ្សារអាមេរិកដែរ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី បានហៅមេដឹកនាំកម្ពុជា ថាជាមេដឹកនាំមិនឆ្លាតវៃក្នុងការធ្វើនយោបាយការបរទេស ដែលចាប់យកប្រទេសតែមួយជាខ្នងបង្អែកដូច្នេះ។ លោកបញ្ជាក់ថា ប្រវត្តិសាស្ត្របានបង្ហាញហើយ មេដឹកនាំចាប់យកចិនជាខ្នងបង្អែកនេះ នៅទីបំផុតនៅតែក្រីក្រដដែល ហើយអ្នកដែលមានទាញយកប្រយោជន៍ពីកម្ពុជានោះ គឺចិនតែប៉ុណ្ណោះ។ លោក បន្ថែមថា ទោះបីជារដ្ឋធម្មនុញ្ញបានចែងពីកម្ពុជាជារដ្ឋឯករាជ្យក្ដី ប៉ុន្តែការដឹកនាំជាក់ស្ដែងរដ្ឋាភិបាលងាកទៅរកចិនទាំងស្រុងទៅវិញ។ «»
មាត្រា១ នៃរដ្ឋធម្មនុញ្ញចែងថា ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។
រៀងរាល់ទំនាស់នយោបាយរបស់កម្ពុជា ចិនតែងតែប្រកាសចំហគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន ជានិច្ច។ កាលពីឆ្នាំ២១០៤ នៅក្រោយពេលបោះឆ្នោតអាណត្តិទី៥ ដែលបក្សប្រឆាំងប្រកាសមិនគាំទ្រលទ្ធផលបោះឆ្នោត ហើយបាននាំគ្នាធ្វើបាតុកម្មទាមទារយុត្តិធម៌លទ្ធផលបោះឆ្នោតនោះ ចិនបានចេញមុខប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយទទួលស្គាល់រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន។ ទន្ទឹមនឹងនេះ នៅស្របពេលកម្លាំងបាតុកម្មប្រឆាំងរដ្ឋាភិបាលឯកបក្សពុះកញ្ជ្រោលនោះ ចិនក៏ផ្ដល់ជំនួយកាំភ្លើងដល់រដ្ឋាភិបាលប្រមាណ១ពាន់ដើម ថែមទៀត។
ជាថ្មីម្ដងទៀត នៅស្របពេលរដ្ឋាភិបាលរំលាយគណបក្សសង្គ្រោះជាតិ ហើយលោក ហ៊ុន សែន និងបក្សពួកលោកទទួលរងនូវការថ្កោលទោសពីប្រទេសលោកខាងលិចជាបន្តបន្ទាប់ ហើយសហភាពអឺរ៉ុបប្រកាសផ្អាកជំនួយដល់គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតនោះ ចិនប្រកាសការពារលោកនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ និងការពារសន្តិសុខដល់គណបក្សប្រជាជនកម្ពុជា។ ក្រៅពីនេះទៀត ចិនក៏ប្រកាសផ្ដល់ជំនួយដល់ការរៀបចំការបោះឆ្នោតដែរ។ មកទល់ពេលនេះ ជំនួយរបស់ចិនឲ្យរដ្ឋាភិបាលកម្ពុជាមានទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ។
លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា កត្តាជំរុញឲ្យលោក ហ៊ុន សែន ងាកទៅរកចិននេះ ដោយសារតែចិនបានផ្ដល់ជំនួយដល់រដ្ឋាភិបាលកម្ពុជាគ្មានចំណងឡើយ ដែលខុសពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ដែលផ្ដល់ជំនួយ មានចំណង។ ក៏ប៉ុន្តែចំណងរបស់អាមេរិកនោះ គឺតម្រូវឲ្យរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ជំនួយ ដោយផ្អែកលើគោលការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយមិនឲ្យមានការបណ្ដេញចេញដោយបង្ខំ ជំរុញឲ្យកម្ពុជាមានសិទ្ធិសេរីភាព ខាងសម្ដែងមតិដោយសេរី និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ជាំដើម។ «»
រដ្ឋាភិបាលចិនត្រូវបានគេមើលឃើញថា មានឥទ្ធិពលរដ្ឋខ្លាំងក្លាទៅលើរដ្ឋាភិបាលដែលដឹកនាំមិនគោរពតាមលទ្ធិប្រជាធិបតេយ្យ ពោលគឺដឹកនាំផ្ដាច់ការដូចជា កម្ពុជា ជាដើម តាមរយៈការផ្ដល់ជំនួយនិងកម្ចី និងជាការបង្កើនឥទ្ធិពលកុម្មុយនិស្តនៅតំបន់អាស៊ីអាគ្នេយ៍ ដោយទប់ស្កាត់ឥទ្ធិពលប្រជាធិបតេយ្យ។ ជាងនេះទៅទៀត នយោបាយរបស់ចិនគឺ បង្កើតសម្ព័ន្ធមិត្តជាមួយអ្នកឈ្នះតែប៉ុណ្ណោះ។ កាលពីគណបក្សហ៊្វុនស៊ិនប៉ិចនៅមានឥទ្ធិពល ដែលធ្លាប់ឈ្នះឆ្នោតគណបក្សប្រជាជនកម្ពុជានោះ ចិនបានចាប់យកគណបក្សរាជានិយមនេះ ជាសម្ព័ន្ធមិត្ត ដែលជួយថវិការាប់សិបលានដល់គណបក្សហ៊្វុនស៊ិនប៉ិច ក៏ប៉ុន្តែក្រោយពេលគណបក្សនេះធ្លាប់ប្រជាប្រិយភាពរហូតដល់រលាយអាសនៈនៅក្នុងសភានោះ ចិនក៏បោះបង់គណបក្សហ៊្វុនស៊ិនប៉ិចចោលតែម្ដង។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា ក្រៅពីចិនផ្ដល់ជំនួយដល់រដ្ឋាភិបាលកម្ពុជានោះ គឺចិនបានដាក់ទុនវិនិយោគនៅកម្ពុជារាប់ពាន់ពាន់លានដុល្លារ ទៅលើវិស័យវារីអគ្គិសនី និងការរុករកធនធានរ៉ែ។ តែលោក បណ្ឌិត មាស នី ពន្យល់ថា ការវិនិយោគរបស់ចិននៅកម្ពុជានេះ មិនជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជាប៉ុន្មានទេ ផ្ទុយទៅវិញ គឺចិនមកបំផ្លាញធនធានធម្មជាតិ និងធនធានរ៉ែនៅកម្ពុជាទៅវិញទេ ដែលបបញ្ហានេះ នឹងប៉ះពាល់ដល់ ក្មេងៗជំនាន់ក្រោយ។ «»
ទោះបីជាចិនខំប្រឹងប្រែងទាញយករដ្ឋាភិបាលលោក ហ៊ុន សែន ជាកូនជឹងរបស់ខ្លួន ដើម្បីពង្រឹងអំណាចកុម្មុយនិស្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យងាកចេញពីវៀតណាមខ្លះ និងដើម្បីឲ្យប្រទេសក្នុងតំបន់មិនចងសម្ព័ន្ធមិត្តរឹងមាំលើគោលការណ៍ប្រជាធិបតេយ្យ ក្រោយពីចិនបានបរាជ័យនៅប្រទេសមីយ៉ាន់ម៉ា ឬភូមាក្ដី ប៉ុន្តែអ្នកវិភាគ ពន្យល់ថា ចិននឹងបរាជ័យម្ដងទៀត ក្នុងការកៀរគរលោក ហ៊ុន សែន ក្នុងដឹកនាំប្រទេសដើរតាមមាគ៌ាកុម្មុយនិស្តនេះ ពីព្រោះថា ពលរដ្ឋកម្ពុជាសព្វថ្ងៃនេះ មានការយល់ដឹងច្រើនពីមូលដ្ឋានប្រជាធិបតេយ្យ ដែលពលរដ្ឋនឹងមិនបណ្ដោយឲ្យលោក ហ៊ុន សែន នៅតែបន្តធ្វើអ្វីស្រេចតែចិត្តដូច្នេះទេ រួមទាំងទណ្ឌកម្មពីអាមេរិក និងសហភាពអឺរ៉ុបផង។
ហើយចុងក្រោយថ្វីត្បិតពលរដ្ឋនៅស្ងៀមស្ងាត់ហាក់ស្ថិតនៅក្នុងសភាពភ័យខ្លាច ប៉ុន្តែពលរដ្ឋនឹងងើបតវ៉ាប្រឆាំងនិងរដ្ឋាភិបាលផ្ដាច់ការរបស់លោក ហ៊ុន សែន នៅស្របពេលនយោបាយប្រជាភិថុតិរបស់លោក ហ៊ុន សែន កាន់តែលាតត្រដាងកាន់តែច្បាស់ឲ្យពលរដ្ឋឃើញនោះ ពិសេសគណបក្សប្រជាជនកម្ពុជារបស់លោក បានបាត់បង់សមាជិកស្នូលរបស់ខ្លួនរាប់លាននាក់ ដែលលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧ បានបង្ហាញឲ្យឃើញស្រាប់៕