
ប្រជាពលរដ្ឋនៅតំបន់ជាប់ព្រំដែនប្រទេសថៃក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រាប់រាយគ្រួសារកំពុងខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ។ នៅក្នុងរដូវរងានេះ ពួកគាត់អាចទៅដងទឹកយកមកប្រើបានខ្លះដែរ ក៏ប៉ុន្តែត្រូវធ្វើដំណើរចម្ងាយប្រមាណពី ៥០០ម៉ែត្រទៅជាង ២គីឡូម៉ែត្រជារៀងរាល់ថ្ងៃក្នុងការទៅដងទឹកម្ដងៗ។
ពលរដ្ឋរស់នៅជាប់ព្រំដែនប្រទេសថៃក្នុងស្រុកអូរជ្រៅលើកឡើងថា ពួកគាត់ជួបការលំបាកដោយការខ្វះទឹកប្រើប្រាស់ជាច្រើនខែមកហើយ គឺពុំស្ថាប័នណាអាចជួយពួកគាត់បាននោះទេ។
ពលរដ្ឋរស់ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ អ្នកស្រី សន ថែល ឲ្យដឹងនៅថ្ងៃទី២០ ធ្នូ ថា សព្វថ្ងៃពួកគាត់នៅតាមព្រំដែនជួបការលំបាកខ្លាំងជាងគេ គឺបញ្ហាខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ។ អ្នកស្រីបន្ថែមថា គ្រួសារអ្នកស្រីត្រូវចំណាយប្រាក់ទិញទឹកពីគេ ដែលដឹកតាមគោយន្ត យកមកប្រើប្រាស់ជារៀងរាល់សប្ដាហ៍ ដោយចំណាយប្រាក់អស់ជិត ១០ម៉ឺនរៀលក្នុងមួយខែ៖ «នៅខាងខ្ញុំនេះគេជីកអត់ចេញទេ គេជីក១៧០ម៉ែត្រហើយមិនមានទឹកចេញផង។ សព្វថ្ងៃបើគ្រួសារណាមានលទ្ធភាពគេជីកស្រះទឹកបានប្រើខ្លះដែរ ប៉ុន្តែខ្ញុំគ្មានប្រាក់ជីកដូចគេលំបាកណាស់»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋភូមិទំនប់ដាច់ម្នាក់ទៀត អ្នកស្រី កឹម ស្រីតូច ថ្លែងថា សព្វថ្ងៃអ្នកស្រីនៅអាចទៅដឹកទឹកស្រះមួយកន្លែងនៅក្នុងភូមិយកមកប្រើប្រាស់ខ្លួនឯងបាន ដែលមានចម្ងាយផ្លូវប្រហែលជាង ៥០០ម៉ែត្រ ក៏ប៉ុន្តែអ្នកស្រីអះអាងថា ទឹកនេះអ្នកភូមិខ្លះមិនយកមកប្រើទេ ព្រោះទឹកមិនសូវស្អាត ហើយទឹកនេះ យ៉ាងយូរប្រើបានកន្លះខែទៀតអាចនឹងរីងអស់ពីស្រះជាពុំខាន៖ «ខ្ញុំចង់ឲ្យបានទឹកប្រើប្រាស់ណាស់កុំឲ្យលំបាកទិញទឹកគេនាំឲ្យអស់ប្រាក់។ រាល់ថ្ងៃពួកខ្ញុំលំបាកណាស់រកមួយថ្ងៃសម្រាប់តែដោះស្រាយមួយថ្ងៃទេ»។
ទាក់ទងនឹងបញ្ហានេះ មេឃុំអូរបីជាន់លោក សួង មឿន មានប្រសាសន៍ថា អ្នកភូមិនៅតំបន់ជាប់ព្រំដែនថៃ ក្នុងឃុំរបស់លោកមួយចំនួនធំមានស្រះទឹក និងអណ្ដូងស្នប់សម្រាប់ប្រើប្រាស់បានប្រសើរជាងជាងឆ្នាំមុនៗ។ ក៏ប៉ុន្តែលោកអះអាងថា ចំពោះពលរដ្ឋនៅភូមិទំនប់ដាច់ គឺពួកគាត់ពិតជាជួបការលំបាក ដោយសារខ្វះទឹកប្រើប្រាស់ប្រាកដមែន៖ «នៅភូមិទំនប់ដាច់មានទឹកស្រះបន្តិចបន្តួចប៉ុន្តែអណ្ដូងវាជីកអត់ចេញសោះ អត់មានប្រភពទឹកនៅខាងក្រោម។ យើងដឹងថាពួកគាត់លំបាកដែរប៉ុន្តែមិនដឹងថាធ្វើយ៉ាងមិចជួយពួកគាត់បាន ហើយប្រជាពលរដ្ឋខ្លះគាត់យកគោយន្តកន្ត្រៃដឹកទឹកស្រះរបស់អ្នកភូមិយកទៅលក់ចែកចាយគ្នា»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា បញ្ហាពលរដ្ឋតាមព្រំដែនខ្វះទឹកប្រើប្រាស់ គឺដោយសារខ្វះការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនៅខេត្តមួយនេះ ពីព្រោះពួកគាត់ជួបប្រទះខ្វះទឹកប្រើប្រាស់ជាច្រើនឆ្នាំមកហើយ ដោយពុំមានអាជ្ញាធរដោះស្រាយបញ្ហាខ្វះទឹកជូនពលរដ្ឋនោះទេ៖ «ដូច្នេះខ្ញុំគិតថាហាក់ដូចជាមិនមែនជារឿងថ្មីទេ គឺជារឿងចាស់ដដែលៗ នៅខេត្តបន្ទាយមានជ័យប្ដូរអភិបាលខេត្តមក៤ជំនាន់ហើយ ដែលយើងឃើញប្រជាពលរដ្ឋទទូចឲ្យជួយពួកគាត់នៅកន្លែងព្រំដែននោះជារៀងរាល់ឆ្នាំ។ ដូច្នេះដើម្បីកុំឲ្យពលរដ្ឋស្រែកទៀត លុះត្រាតែមន្ត្រីទាំងចុះទៅជួយពួកគាត់ឲ្យបានសកម្មជាងសព្វទើបអាចជួយពួកគាត់បាន»។
មេឃុំអូរបីជាន់ឲ្យដឹងថា សព្វថ្ងៃប្រជាពលរដ្ឋនៅតាមព្រំដែនក្នុងឃុំរបស់លោក ដែលខ្វះទឹកប្រើប្រាស់ខ្លាំង មានប្រមាណ ៤០០គ្រួសារ ជាពិសេសនៅភូមិទំនប់ដាច់តែម្ដង។ ប៉ុន្តែលោក ស៊ុំ ច័ន្ទគា អះអាងថា ចំនួនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យដែលខ្វះទឹកប្រើប្រាស់មានច្រើនជាងនេះ ជាពិសេសពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន ហើយអាជ្ញាធរនៅមិនទាន់ដោះស្រាយជូនបាននៅឡើយ៕