Clik here to view.

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ ធ្នូ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយដែលមានមន្ត្រីចំនួន ៨០នាក់ ឲ្យដឹកនាំការងារសរសេររបាយការណ៍ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីដាក់ជូនអង្គការសហប្រជាជាតិ (អ.ស.ប) ដោយផ្ទាល់។
ការសម្រេចបង្កើតក្រុមការងារនេះ គឺក្រោយពេលដែលរដ្ឋាភិបាលកម្ពុជា រងទណ្ឌកម្មពីបណ្ដាប្រទេសប្រជាធិបតេយ្យធំៗ នៅលើពិភពលោកមួយចំនួន ដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបដែលនាំមុខគេក្នុងការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា។
ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក និងឯកអគ្គរដ្ឋទូតនៃសហគមន៍អឺរ៉ុប ប្រចាំនៅអង្គការសហប្រជាជាតិ កោះប្រជុំតំណាងប្រទេសមួយចំនួន រួមទាំងតំណាងរបស់ប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ដើម្បីពិភាក្សាអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ក្រុមការងាររបស់រដ្ឋាភិបាលទាំង ៨០នាក់ មានតួនាទីរៀបចំសេចក្ដីព្រាងរបាយការណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា ដូចជាសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងពាក់ព័ន្ធនឹងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍។ ថ្វីបើមន្ត្រីទាំង ៨០នាក់ ត្រូវសរសេររបាយការណ៍សិទ្ធិមនុស្សទាំងនេះ ដាក់ដោយផ្ទាល់ទៅអង្គការសហប្រជាជាតិយ៉ាងនេះក្ដី ប៉ុន្តែសេចក្ដីសម្រេចបញ្ជាក់ថា របាយការណ៍ទាំងនោះត្រូវដាក់ឲ្យរដ្ឋាភិបាលពិនិត្យជាមុនសិន មុននឹងបញ្ជូនទៅអង្គការសហប្រជាជាតិ។
ក្រុមបង្កើតថ្មីដែលដឹកនាំដោយប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនេះ ក៏មានតួនាទីពិនិត្យឡើងវិញនូវរាល់របាយការណ៍ដែលអង្គការសហប្រជាជាតិស្នើសុំ និងត្រូវលើកយោបល់ជូនរដ្ឋាភិបាលពាក់ព័ន្ធនឹងសេចក្ដីព្រាងរបាយការណ៍នានា របស់អង្គការសហប្រជាជាតិផងដែរ។
ប្រទេសកម្ពុជា ជាប់កាតព្វកិច្ចសរសេររបាយការណ៍របស់ខ្លួនជាទៀងទាត់ ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពអនុវត្តន៍ និងការគោរពគោលការណ៍សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលខ្លួនបានប្ដេជ្ញាអនុវត្តតាមកតិកាសញ្ញា និងអនុសញ្ញាទាំងនោះ៕