Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ច្រានចោល​សេចក្ដី​សម្រេច​របស់​តុលាការ​ករណី​ព្រះអង្គ ហន សុផាន្នី

$
0
0

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ប្រចាំ​ខេត្ត​បាត់ដំបង ច្រានចោល​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត ជុំវិញ​ការ​ផ្ដន្ទាទោស​ព្រះតេជព្រះគុណ ហន សុផាន្នី ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។ ការ​បដិសេធ​នេះ ក្រោយ​ពេល​តុលាការ​បើក​សវនាការ និង​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ព្រះសង្ឃ​អង្គ​នេះ កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ។

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ខេត្ត​បាត់ដំបង គ្រោង​ប្ដឹង​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត​នេះ ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត តាម​រយៈ​មេធាវី ជុំវិញ​ការ​សម្រេច​ផ្ដន្ទាទោស​អតីត​ព្រះសង្ឃ ហន សុផាន្នី ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ។ ព្រះអង្គ​យល់​ថា សេចក្ដី​សម្រេច​នេះ​អយុត្តិធម៌ ពីព្រោះ​តុលាការ​មិន​បាន​បង្ហាញ​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដែល​កើត​ចេញ​ពី​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នោះ​ឡើយ។

ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ខេត្ត​បាត់ដំបង ព្រះតេជព្រះគុណ ឡុញ សុខជា មាន​ថេរដីកា​ក្រោយ​ពេល​បញ្ចប់​សវនាការ​ថា បទ​ចោទ​ប្រកាន់​អតីត​ព្រះសង្ឃ ហន សុផាន្នី ថា​កាន់កាប់​អាវុធ​ខុសច្បាប់​ត្រូវ​បាន​តុលាការ​ទម្លាក់​ចោល ប៉ុន្តែ​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​ព្រះអង្គ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ហើយ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ។ ក្រោយ​មក តុលាការ​បាន​បញ្ជូន​អតីត​ព្រះសង្ឃ​អង្គ​នេះ​ទៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង​វិញ ដោយ​ទុក​ពេល​ឱ្យ​មេធាវី និង​សាច់ញាតិ​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ក្នុង​រយៈពេល​មួយ​ខែ៖ «យើង​មាន​ការ​មិន​សុខចិត្ត​ត្រង់​ថា បើ​សិន​ចោទ​ប្រកាន់​ថា​ញុះញង់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ហ្នឹង តើ​ញុះញង់​នរណា? ញុះញង់​ឱ្យ​ធ្វើ​រឿង​អី? ហើយ​ប៉ះពាល់ មាន​ភាព​វឹកវរ​កើត​ឡើង​ហ្នឹង​រឿង​អី​បាន​ជា​ចោទ​ប្រកាន់​អ៊ីចឹង?»

​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​អង្គ​នេះ​អះអាង​ទៀត​ថា សាច់ញាតិ​របស់​អតីត​ព្រះតេជព្រះគុណ ហន សុផាន្នី មិន​បាន​ចូលរួម​ក្នុង​ការ​ប្រកាស​សាលក្រម​នោះ​ទេ ប៉ុន្តែ​មាន​ពុទ្ធបរិស័ទ​ប្រហែល ៥​នាក់ និង​ព្រះសង្ឃ​ដែល​ស្រលាញ់​យុត្តិធម៌​ដែល​ធ្វើ​ការងារ​សង្គម​ប្រហែល ១៥​អង្គ បាន​ចូលរួម។

​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ខេត្ត​បាត់ដំបង ព្រះនាម ហន សុផាន្នី គង់​នៅ​វត្ត​ដំរី​ស ក្រុង​បាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ព្រះ​កាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ហើយ​ត្រូវ​បាន​មន្ត្រី​តុលាការ​ខេត្ត​មួយ​នេះ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ពី​បទ​ដឹក​ជញ្ជូន និង​កាន់កាប់​អាវុធ​ដោយ​ខុស​ច្បាប់ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។

ប៉ុន្តែ​កន្លង​មក​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា តុលាការ​ចាប់​ព្រះសង្ឃ​ដោយ​ពុំ​បាន​ស៊ើបអង្កេត​ច្បាស់លាស់ ពីព្រោះ​កាំភ្លើង​ដែល​ព្រះអង្គ ហន សុផាន្នី បង្ហោះ​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក (FaceBook) កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ នោះ ជា​កាំភ្លើង​ជ័រ​សម្រាប់​ក្មេង​លេង ពុំ​មែន​ជា​អាវុធ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឡើយ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា សកម្មភាព​របស់​អតីត​ព្រះសង្ឃ​អង្គ​នេះ​កន្លង​មក​តែង​ចូលរួម​ជួយ​កិច្ច​សង្គម​ជា​ច្រើន ដូចជា​ការ​ថែរក្សា​ធនធាន​ធម្មជាតិ ជាពិសេស​ព្រៃឈើ ការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម​ជាដើម។ លោក​សង្កេត​ឃើញ​ថា ការ​ចោទ​ប្រកាន់​មក​លើ​ព្រះតេជព្រះគុណ ហន សុផាន្នី មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​សម្រាប់​ព្រះអង្គ​នោះ​ឡើយ៖ «យើង​មើល​ទៅ​សកម្មភាព​របស់​ព្រះអង្គ ទាក់ទង​ការ​ចោទ​ប្រកាន់​វា​ហាក់​ដូច​ជា​មិន​បាន​ចំណុច​ណា​មួយ​ទទួល​យក​បាន​ថា​ត្រឹមត្រូវ និង​យុត្តិធម៌ សម្រាប់​ព្រះអង្គ​ដែរ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​មើល​ឃើញ​ថា ការ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​អតីត​ព្រះសង្ឃ ហន សុផាន្នី ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ គឺ​បណ្ដាល​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ផ្សេង​ទៀត​ខ្លាចរអា​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ និង​ចូលរួម​ធ្វើ​ការងារ​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles