Clik here to view.

ផ្សាររ៉ុងក្លឿ ជាផ្សារច្រកទ្វាអន្តរជាតិមួយ ឋិតនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ដែលជាប់ព្រំប្រទល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទោះជាផ្សារនេះជាផ្សាររបស់ថៃ ពិតមែន ក៏ប៉ុន្តែអាជីវករលក់ដូរទំនិញសព្វសារពើភាគច្រើនបំផុតគឺជាជនជាតិខ្មែរ។ អ្នកខ្លះធ្វើជាកម្មករជញ្ជូនអីវ៉ាន់។ ពលរដ្ឋខ្មែរទាំងនេះ ចូលមកក្នុងទឹកដីថៃនៅពេលព្រឹក ហើយត្រឡប់ចូលទៅកម្ពុជាវិញនៅពេលល្ងាច។
ប្រជាពលរដ្ឋខ្មែរ ដែលនៅផ្សាររ៉ុងក្លឿប្រកបរបរទទួលទានចិញ្ចឹមជីវិតតាមរបៀបផ្សេងៗគ្នា។ ក្រៅពីអ្នកលក់ដូរ ថៅកែ នៅមានអ្នកខ្លះទៀត ប្រកបរបរជាអ្នករត់រ៉ឺម៉កកង់បី ហើយមានអ្នកខ្លះទៀត ប្រកបរបរលក់កម្លាំងអូសរទេះស៊ីឈ្នួលដឹកអីវ៉ាន់ឱ្យភ្ញៀវ ដែលចេញចូលតាមច្រកទ្វារអន្តរជាតិមួយនេះ។ ក្នុងចំណោមអ្នកមកប្រកបរបរជាអ្នកអូសរទេះទាំងនេះ មានមនុស្សពេញវ័យ បុរស ស្ត្រី ហើយគេក៏សង្កេតឃើញមានមនុស្សវ័យក្មេងៗ ជាយុវជន និងកុមារផងដែរ។
យុវជន និងកុមារទាំងនេះ បានបោះបង់ពេលវេលា និងការសិក្សារបស់ខ្លួនងាកមកប្រកបរបរអូសរទេះស៊ីឈ្នួលដឹកអីវ៉ាន់ឱ្យគេ នៅផ្សាររ៉ុងក្លឿនេះ។ ដូចជាយុវជន វ៉ា ម៉ាញ យុវជន វេង វៃ កុមារា ពិសី ជាដើម។
កម្មករវ័យ ១៦ឆ្នាំ មកពីខេត្តកំពង់ធំមួយរូប ដែលនិយាយមួយៗ ប្រាប់ថា គាត់រៀនបានត្រឹមថ្នាក់ទី៤ ប៉ុណ្ណោះ ហើយគាត់មកទីនេះជាមួយបងតាំងពីអាយុ ១០ឆ្នាំម្ល៉េះ៖ «យកមកតាំងពីតូច។ យកមករើសអេតចាយ។ យូរៗ ឃើញគេអូសរទេះបានអ៊ីចឹង ចេះតែធ្វើតាមគេទៅ។ រៀនផងអូសផង សង្វាតរកតែលុយពេក លែងបានចូលរៀន»។
កម្មករវ័យក្មេងៗ ប្រាប់ហេតុផលដូចៗ គ្នាថា មូលហេតុដែលនាំឱ្យពួកគាត់សម្រេចចិត្តចាកចេញពីស្រុកកំណើត បោះបង់ការសិក្សា មកប្រកបរបររុញរទេះបែបនេះ គឺព្រោះតែភាពក្រីក្រ ហើយខ្លួនយល់ថាចាំបាច់ ត្រូវតែជួយរកចំណូលឱ្យឪពុកម្ដាយ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ កុមារ វេង វៃ និយាយថា គាត់មករកលុយ ដើម្បីជួយដោះបំណុលម្ដាយ៖ «ណាមួយម៉ែគាត់ជំពាក់គេពេក។ ខ្ចីលុយគេពីស្រុកមក។ អត់មានលុយធ្វើកាតចូលខ្ចីលុយគេមកធ្វើកាតចូល»។
កម្មករ វេង វៃ បន្តថា ការស៊ីឈ្នួលអូសរទេះដឹកអីវ៉ាន់ឱ្យគេសព្វថ្ងៃនេះ រកចំណូលបានមិនទៀងទាត់ទេ៖ «ថ្ងៃណាបានច្រើន គឺច្រើន ថ្ងៃណាបានតិច គឺតិច មួយថ្ងៃបួន ឬប្រាំម៉ឺន (រៀល)។ បើថ្ងៃបុណ្យទានអ៊ីចឹង បានច្រើន មួយពាន់ (បាត) ជាង។ បើថ្ងៃណាអត់ បានពីរបីរយ ឬបួនប្រាំរយ ដឹកខោអាវ កាបូប គេទិញយកទៅលក់នៅខាងខ្មែរវិញ។ ជួនកាលគេអ្នកចុះមកពីថៃ គេយួរកាន់អត់កើត»។
ករណីរបស់កុមារ វេង វៃ ក៏មានភាពដូចគ្នានឹងករណីរបស់យុវជន វ៉ា ម៉ាញ ដែរ។ ហេតុតែចង់បានលុយច្រើនបន្តិច យុវជន វ៉ា ម៉ាញ ប្រឹងអូសរទេះដឹកអីវ៉ាន់ធំសំពោងតែម្នាក់ឯង។ ខំអូសរទេះបានឆ្ងាយបន្តិច យុវកម្មករ វ៉ា ម៉ាញ ដាក់គូថអង្គុយសម្រាកយកកម្លាំងបន្តិច។ ហត់! ជាពាក្យសម្ដីដំបូងរបស់ ម៉ាន បន្លឺឡើងពេលដាក់គូថអង្គុយ។ ម៉ាញប្រាប់ថា គាត់មានវ័យ ១៩ឆ្នាំ មកពីខេត្តត្បូងឃ្មុំ។ ម៉ាញ រៀនបានថ្នាក់ទី៧។ គាត់ទើបតែមកប្រកបរបរអូសរទេះបានពីរបីថ្ងៃទេ។ អីវ៉ាន់ដែលគាត់កំពុងអូសនេះ គឺគាត់ម៉ៅពីគេទម្ងន់មួយតោន ដើម្បីដូរយកកម្រៃពលកម្មចំនួនជាង ៤០០បាត ដែលស្មើនឹងប្រមាណ ១៣ដុល្លារ។ ឆ្លើយនឹងសំណួររបស់អាស៊ីសេរីថា ហេតុអ្វីបានជាប្អូនចាប់យកមុខរបរនេះ? យុវជន ម៉ាញ ឆ្លើយថា គាត់មកប្រកបរបរនេះ ព្រោះគ្មានជម្រើសការងារផ្សេង៖ «បើអត់មានការងារធ្វើ មិនធ្វើការងារនេះ។ បើយើងអត់បានរៀនខ្ពង់ខ្ពស់មានការងារធ្វើផង មិនមកធ្វើការងារអ៊ីចឹង!»។
យុវជន ម៉ាញ បញ្ជាក់បន្ថែមថា គាត់នឹងមិនចាប់យកមុខរបរអូសរទេះដឹកអីវ៉ាន់បែបនេះជារៀងរហូតទេ៖ «ធ្វើពេលដែលយើងកំពុងតែពិបាកសិន។ មុខរបរនេះ ចាប់រហូតអត់កើតទេ បើនិយាយទៅ»។
ពេលយុវជន វ៉ា ម៉ាញ អូសរទេះចេញផុតទៅ នៅឯចិញ្ចើមថ្នល់ម្ខាងទៀត មានកុមារខ្លះកំពុងអង្គុយលើរទេះរង់ចាំភ្ញៀវ។ មិនឆ្ងាយប៉ុន្មានទីនោះ មានកុមារាម្នាក់កំពុងលើកអីវ៉ាន់របស់ភ្ញៀវដាក់លើរទេះ។ កុមារម្នាក់នេះប្រាប់ថា គាត់មានឈ្មោះថា ពិសី អាយុ ១៣ឆ្នាំ។
កុមារា ពិសី និយាយថា គាត់មកអូសរទេះនេះជាមួយឪពុករបស់គាត់។ កុមារារូបនេះ សព្វថ្ងៃនៅរៀនមួយពេល ហើយមួយពេលទៀត ឆ្លៀតមកជួយអូសរទេះឪពុកគាត់។ កុមារពិសី និយាយថា គាត់ចង់មានពេលវេលារៀនសូត្រពេញលេញ ដូចកុមារដទៃទៀតដែរ។ ប៉ុន្តែគាត់ត្រូវជួយរកប្រាក់បញ្ជូនទៅឱ្យម្ដាយនៅឯខេត្តព្រៃវែង ដើម្បីដោះបំណុលផង និងផ្គត់ផ្គង់ជីវភាពគ្រួសារផង។ ពិសី ត្អូញត្អែរថា សព្វថ្ងៃនេះជួបការលំបាកក្នុងការរៀនសូត្រ ព្រោះតែរវល់មកជួយអូសរទេះរកលុយឱ្យឪពុកផ្ញើទៅម្ដាយនៅផ្ទះឯស្រុកកំណើត។
កុមារ និងយុវកម្មករអូសរទេះទាំងនេះ នៅតែចង់បន្តការសិក្សារបស់ខ្លួនទៀត ដើម្បីឱ្យមានឱកាសរកការងារធ្វើបានប្រសើរជាងនេះ ព្រោះពួកគាត់យល់ឃើញថា ការប្រកបរបរប្រើកម្លាំងបែបនេះ នឹងមិនអាចនៅឋិតថេរបានយូរឆ្នាំទេសម្រាប់ពួកគាត់។ ប៉ុន្តែ ទោះជាយុវជន វ៉ា ម៉ាញ កុមារា វេង វៃ និង ពិសី ប្រាថ្នាចង់បានការសិក្សា និងបន្តការរៀនសូត្រដូចកុមារ និងយុវជនដទៃទៀតក្ដី ក៏ពួកគាត់និយាយថា គ្មានរំពឹងថា នឹងអាចវិលត្រឡប់ទៅបន្តការសិក្សារបស់ខ្លួនវិញបានទេ ព្រោះរៀនមិនចូលពេលដែលរស់នៅក្នុងស្ថានភាពទុគ៌តដូចបច្ចុប្បន្ននេះ។ ពួកគាត់ពោលថា មានតែផ្លាស់ប្ដូរមុខរបរផ្សេងក្រៅពីការប្រើកម្លាំងស៊ីឈ្នួលអូសរទេះដឹកអីវ៉ាន់នេះប៉ុណ្ណោះ ទើបប្រហែលមានឱកាសត្រឡប់ទៅសាលារៀនវិញ ប៉ុន្តែក្ដីស្រមៃនេះហាក់ស្ថិតនៅឆ្ងាយដូចជើងមេឃសម្រាប់ពួកគេ៕