Clik here to view.

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំង ដែលមិនព្រមទៅប្រកាសទ្រព្យសម្បត្តិ តាមបញ្ជារបស់អង្គភាពប្រឆាំងអំពើពុករលួយ។
ក្នុងពិធីសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីនៅព្រឹក ថ្ងៃទី១៧ ខែធ្នូ បុរសខ្លាំងនៅកម្ពុជា បានពន្យល់ថា ទៅមន្ត្រីគណបក្សប្រឆាំងថា ពេលចូលកាន់តំណែងត្រូវប្រកាសទ្រព្យសម្បត្តិ ហើយ ពេលបញ្ចប់តំណែងក៏ត្រូវប្រកាសទ្រព្យសម្បត្តិវិញដែរ។
កាលពីថ្ងៃទី១១ ខែធ្នូ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតជូនដំណឹងមួយតម្រូវមន្ត្រីគណបក្សសង្គ្រោះជាតិទាំងអស់ ដែលត្រូវបញ្ឈប់ពីមុខតំណែង ដោយសារការសម្រេចរបស់តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលជូនអង្គភាពប្រឆាំងអំពើពុករលួយក្នុងរយៈពេល ៣០ថ្ងៃ ជាកំហិត ក្រោយការចាកចេញពីមុខតំណែង។
មួយថ្ងៃបន្ទាប់ គឺកាលពីថ្ងៃទី១២ ខែធ្នូ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រាប់សារព័ត៌មានក្នុងស្រុកថា ប្រសិនបើមន្ត្រីគណបក្សប្រឆាំង ដែលបញ្ចប់ពីមុខតំណែងទាំងនោះមិនបានចូលខ្លួនប្រកាសទ្រព្យសម្បត្តិតាមកាលកំណត់ទេ ពួកគេនឹងប្រឈមជាប់ពន្ធនាគាររយៈពេលមួយខែ។
មន្ត្រីនៅមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ អះអាងថា ពួកគេនៅមិនទាន់ទទួលបានទម្រង់បែបបទប្រកាសទ្រព្យសម្បត្តិនៅឡើយទេ។ ប្រសិនបើទទួលបាននៅពេលណា ពួកគេនឹងទៅប្រកាសនៅពេលនោះ។ មន្ត្រីបក្សប្រឆាំងនៅមូលដ្ឋានខ្លះទៀត ហៅការតម្រូវឲ្យទៅប្រកាសទ្រព្យសម្បត្តិទាំងបង្ខំថា ជារូបភាពគំរាមកំហែងថ្មីមួយទៀត នៅក្រោយពេលដែលបក្សកាន់អំណាចបង្ខំឲ្យពួកគេឈប់ទៅធ្វើការ នៅតាមឃុំសង្កាត់ បម្រើម្ចាស់ឆ្នោត។
កន្លងមក សង្គមស៊ីវិលធ្លាប់រិះគន់អំពីទម្រង់ប្រកាសទ្រព្យសម្បត្តិរបស់អង្គភាពប្រឆាំងអំពើពុករលួយថា ធ្វើឡើងដោយអាថ៌កំបាំង មិនបានបើកចំហឱ្យសាធារណជនបានដឹង និងធ្វើឡើងមិនបានស្មើភាពគ្នាឡើយ។
ជាក់ស្ដែងមន្ត្រីរាជរដ្ឋាភិបាល សែស្រឡាយមេដឹកនាំធំៗ មានទ្រព្យសម្បត្តិហូរហែ និងមានអ្នកខ្លះផ្ញើលុយនៅធនាគារក្រៅប្រទេសយ៉ាងច្រើន ក្រោយពេលពួកគេចូលកាន់តំណែង ប៉ុន្តែទ្រព្យសម្បត្តិទាំងនោះគ្មាននរណាដឹងថា បានដោយរបៀបណា និងមានចំនួនប៉ុណ្ណាពិតប្រាកដទេ។
បើទោះជាអង្គការឃ្លាំមើលពិភពលោក (Global Witness) ទម្លាយទ្រព្យសម្បត្តិ និងជំនួញធំៗ របស់គ្រួសារត្រកូលហ៊ុន ឬមន្ត្រី ធំផ្សេងៗទៀត ដូចជា ទ្រព្យសម្បត្តិរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មានច្រើនប៉ុន្មានក៏ដោយ ក៏គ្មាននរណា អាចដឹង ឬអ្នកដឹកនាំប្រទេសកម្ពុជា ជាងបីទសវត្សរ៍មកនេះ មានទ្រព្យសម្បត្តិ ប៉ុន្មានឲ្យពិតប្រាកដនោះ ក៏គ្មានអ្នកណាដឹងដែរ។
ចំណែកសង្គមស៊ីវិលក្នុងស្រុកវិញ ហៅនីតិវិធីប្រកាសទ្រព្យសម្បត្តិ របស់អង្គភាពប្រឆាំងអំពើពុករលួយនៅកម្ពុជា ថាមានស្តង់ដារពីរ។ សង្គមស៊ីវិលចង់ឃើញការប្រកាសទ្រព្យសម្បត្តិមានស្តង់ដារតែមួយ និងជាការប្រកាសទ្រព្យសម្បត្តិដោយចំហ មិនមែនជាការប្រកាស ទ្រព្យសម្បត្តិដាក់ក្នុងស្រោមសំបុត្រដូចសព្វថ្ងៃនេះឡើយ៕